វែប​សាយ​កោះសន្តិភាព​ បាន​ក្លាយជា​វ៉េប​សាយ​លេខ​១​​​នៅ​កម្ពុជា

ដោយ​​ឈរ​លើ​គោលការណ៍​ផលិត​ដំណឹង​រហ័ស​ ច្បាស់ និង​មាន​ប្រយោជន៍​ វែប​​សាយ​កោះ​សន្តិភាព ​ដែល​មាន​អា​ស​យ​ដ្ឋា​ន www.kohsantepheapdaily.com.kh បាន​ត្រូវ​ជាប់​​ចំណាត់ថ្នាក់​ ជាវ៉ែប​សាយ​លេខ​មួយ​​នៅ​កម្ពុជា ​ដោយ​មាន​អ្នក​អាន​ច្រើន​ជាងគេ​បំផុត​​ជា​រៀងរាល់ថ្ងៃ​ ។

យោង​​តាមវែប​​សាយ​ចំណាត់ថ្នាក់​វែប​សាយ​​ទូ​ទាំង​ពិភព​លោក www.alexa.com បានឱ្យ​ដឹង​ថា​ ក្នុង​ចំណោមវែប​សាយ​ទាំ​ងអស់​នៅ​​កម្ពុជា www.kohsantepheapdaily.com.kh បាន​ជាប់​លេខ​១ បន្ទាប់​មក​ទៀត ​គឺវែប​​សាយ www.sabay.com.kh ជាប់​ចំណាត់ថ្នាក់​លេខ​២ ​ហើយវែប​​សាយ www.khmerload.com ជាប់​ចំណាត់ថ្នាក់​លេខ​៣ ​។

វែប​សាយ​កោះសន្តិភាព​ អាច​ដណ្តើម​កេ​រ្តិ៍​​ឈ្មោះ​បែប​នេះ​បាន ​គឺ​ដោយសារ​តែ​វែប​សាយ​កោះសន្តិភាព​ មាន​ចំនួន​អ្នក​មើល​ច្រើន​ជា​រៀងរាល់ថ្ងៃ​ ។ យោង​តាមវែប​​សាយ  https://analytics.google.com/analytics/web បានឱ្យ​​ដឹង​ថា ជា​មធ្យម​វែប​សាយ​កោះសន្តិភាព​ មាន​អ្នក​មើល​ចំនួន​ពី​២០ ទៅ​៤០​ម៉ឺន​នាក់ ​នៅ​ក្នុង​មួយ​ថ្ងៃ​ ។

វ៉ែប​សាយ​កោះសន្តិភាព​ អាច​ទាក់ទាញ​មនុស្ស​មើល​ច្រើន​បែប​នេះ ​ដោយសារ​តែវ៉េប​​សាយ​កោះសន្តិភាព​ផ្តល់​ព័ត៌មានសង្គម សេដ្ឋកិច្ច នយោបាយ កម្សាន្ត និង​កីឡា រហ័ស ច្បាស់លាស់ ត្រឹមត្រូវ និង​មាន​ប្រយោជន៍​ សម្រាប់​ប្រជាជន​កម្ពុជា ​។

ជាមួយនឹង​កេ​រ្ត៍​ឈ្មោះ​ថ្មី​នេះ វា​បាន​ធ្វើ​ឱ្យ​​ទាំង​កាសែត​កោះសន្តិភាព វ៉េប​​សាយ​កោះសន្តិភាព និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​​របស់​កោះសន្តិភាព​ក្លាយជា​ជើងឯក​ ក្នុង​ការ​ផ្តល់​ព័ត៌មាន ​។ គួរឱ្យ​​ចាប់អារម្មណ៍​ដែរ​​នោះ ផេ​ក​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព ​រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក ​like ចំនួន​ជាង​១,៤លាន​នាក់​ហើយ​ ។

ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា ​នឹង​ធ្វើឱ្យ​អ្នក​យក​ព័ត៌មាន​ និង​បុគ្គលិក​ទាំងអស់​​របស់​កោះសន្តិភាព​ នឹង​កាន់តែ​មាន​កម្លាំងចិត្ត​​ថែម​ទៀត​ នៅ​ក្នុង​ការ​បំពេញភារកិច្ច​ផ្តល់​ព័ត៌មាន​រហ័ស ច្បាស់លាស់ ត្រឹមត្រូវ និងមាន​ប្រយោជន៍​ សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ ។

កោះសន្តិភាព​ប្តេជ្ញា​បន្ត​ធ្វើខ្លួន​ជា​អ្នក​បម្រើ​ព័ត៌មាន​ដ៏​ស្មោះត្រង់​ សម្រាប់​សាធារណជន ​ដោយ​ឈរ​លើ​ទស្សន​:​ដែល​ថា «​ការ​គាំទ្រ​របស់​សាធារណជន ​គឺជា​អាយុជីវិត​របស់​កោះសន្តិភាព​» ៕