កម្ពុជា​ឈ្នះ​ពាន​២ ពី​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​នៅ​ឡាវ​

ការ​​​​​​​ប្រកួត​​សរសេរ​គម្រោង​​​​​អាជីវកម្ម​​ថ្នាក់​តំបន់​​​(កម្ពុជា ថៃ​ ឡាវ) ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​​កាល​ពី​ថ្ងៃ​​​​ទី​ ១៣ កក្កដា​ ឆ្នាំ​២០១៦​ ម្សិល​មិញ ជា​លទ្ធ​ផល​​ក្រុម​​តំណាង​ឲ្យ​កម្ពុជា​​​ពីរ​ក្រុម​ បាន​​យក​ឈ្នះ​​ពាន​ចំណាត់​ថ្នាក់​ជ័យ​លាភី​លេខ​១ និង​លេខ​២​ មក​កាន់​​​​មាតុ​ប្រទេស​វិញ​។​​

 

កម្ពុជា​ឈ្នះ​ពាន​២ ពី​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​នៅ​ឡាវ​

 

​ក្នុង​ការ​​វិល​ត្រឡប់​មក​​ដល់​​​កម្ពុជា​វិញ​​ លោក​ សោម សម្បត្ តិ​ដែល​​ជា​អ្នក​ដឹក​នាំ​ និង​ជា​​គ្រូ​បង្វឹក​​ក្រុម​កម្ពុជា​បាន​​រៀប​រាប់​ប្រាប់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​កម្ពុជា​​​​​​ប្រកួត​ប្រជែង​រហូត​បាន​ទទួល​​បាន​សមិទ្ធផល​ល្អ​​ ដោយ​​ផ្អែក​លើ​ចំណុច​​សំខាន់​បី​។ ចំណុច​​​​ទី​​មួយ​​គឺ​​ក្រុម​កម្ពុជា​មាន​គំនិត​​​ល្អ​ថ្មី​ៗ​ប្លែក​ពី​គេ​ ទី​ពីរ​គឺ​​ភាព​ប៉ិន​ប្រសព្វ​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​​អង់គ្លេស និង​ចំណុច​ទី​បី​ការ​បាន​រៀប​ចំ​ខ្លួន​​​ហ្វឹកហាត់​បាន​យ៉ាង​​ល្អ។

 

លោក ​​សាំង តារា​រស្មី ជា​តំណាង​ក្រុម​ជ័យ​លាភី​លេខ​១ បាន​ឲ្យ​ដឹង​ថា គម្រោង​របស់​​ក្រុម​លោក​​គឺ​​​ទាក់​ទង​នឹង​វិស័យ​សុខាភិបាល​​ដែល​ចំណាយ​ពេល​ជិត​១​ឆ្នាំ​​​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​រៀប​ចំ។ ​គម្រោង​​អាជីវកម្ម​របស់​ក្រុម​​ម្ចាស់​ជ័យ​លាភី​លេខ​មួយ​នេះ​គឺ​​​ជា​​​វិបសាយ​ និង Application ​បង្ហាញ​ពី​ព័ត៌មាន​​ច្បាស់​លាស់​​​​​​របស់​វេជ្ជបណ្ឌិត​​ទាំង​​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ឲ្យ​​ប្រជាជន​កម្ពុជា​​​ស្វែង​យល់​​ ​អាច​ណាត់​ជួប​​គ្រូពេទ្យ និង​​​សម្រេច​ចិត្ត​​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​​ចំណាយ​ថវិកា​ព្យាបាល​ជំងឺ។

 

កម្ពុជា​ឈ្នះ​ពាន​២ ពី​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​នៅ​ឡាវ​

លោក​​សាំង តារា​រស្មី ជា​តំណាង​ក្រុម​ជ័យ​លាភី​លេខ​១

 

ដោយ​ឡែក​ តំណាង​ក្រុម​ម្ចាស់​ជ័យ​លាភី​លេខ​២ លោក​ ងន់ ម័រ បាន​ឲ្យ​ដឹង​ពី​​​ផែនការ​អាជីវកម្ម​របស់​​ក្រុម​លោក​ គឺ​ទាក់​ទង​និង​ការ​បង្កើត​​​ប្រព័ន្ធ​​សេវា​ទូទាត់​មួយ​​ដែល​ប្រើ​កាត​​ជួយ​សម្រួល​ដល់​ការ​​ចាយ​វាយ​​និង​ការ​គ្រប់​គ្រង​​លុយ​កាក់​ប្រចាំ​ថ្ងៃ​របស់​និស្សិត​។ លោក ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​របស់​លោក​បាន​​​សម្រេច​​សរសេរ​គម្រោង​​នោះ​ឡើង​​​គឺ​ដោយ​ផ្អែក​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​​​កម្ពុជា​បច្ចុប្បន្ន។​​​​​​​​​​​​​​​​​​​​​

 

កម្ពុជា​ឈ្នះ​ពាន​២ ពី​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​នៅ​ឡាវ​

លោក​ ងន់ ម័រ តំណាង​ក្រុម​ម្ចាស់​ជ័យ​លាភី​លេខ​២

 

ការ​ប្រកួត​ប្រជែង​​​​ថ្នាក់​​តំបន់​ខាង​លើ​ជា​កម្មវិធី​លើក​​ដំបូង​​ ដែល​ត្រូវ​បាន​រៀប​ចំ​ផ្សព្វផ្សាយ​​​ដោយ​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន CJCC​​​​ និង​បាន​ផ្ដល់​​​​​​ជា​​ជំនួយ​ហិរញ្ញវត្ថុ​និង​​គ្រូ​​​ៗ​ជួយ​បណ្ដុះបណ្ដាល​​​​​​ដល់​ក្រុម​ប្រកួត​ប្រជែង​តំណាង​ឲ្យ​កម្ពុជា។ តាម​ការ​ឲ្យ​ដឹង​ពី លោក​ សោម សម្បត្តិ​ កម្ពុជា​បាន​ប្រកួត​ជម្រុះ​ជិត​​​​​១០​ក្រុម ​​ចម្រាញ់​យក​៤​ក្រុម​ទៅ​ប្រកួត​​ក្នុង​កម្មវិធី​ខាង​លើ​​​​​​​រយៈ​ពេល​១​ថ្ងៃ​ ​នៅ​សកលវិទ្យាល័យ​ជាតិ​ប្រទេស​ឡាវ៕

 

កម្ពុជា​ឈ្នះ​ពាន​២ ពី​គម្រោង​អាជីវកម្ម​ថ្នាក់​តំបន់​នៅ​ឡាវ​

លោក សោម សម្បត្តិ គ្រូបង្វឹក (រូបខាងស្តាំបង្អស់)

 


 

អត្ថបទ៖ មាន រតនា
​​​​​​​​