ក្មេង​ស្រី​អាយុ​2​ឆ្នាំ​គេ​បោះបង់​លើ​ខ្នងភ្នំ​សំពៅ

ក្មេង​ស្រី​អាយុ​2​ឆ្នាំ​គេ​បោះបង់​លើ​ខ្នងភ្នំ​សំពៅ



ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​២​ឆ្នាំ ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​នៅ​លើ​ខ្នងភ្នំ​សំពៅ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ហើយ​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ។

លោក មី ឆេ​ង​លី នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំសំពៅ​បាន​ប្រាប់​ថា ក្មេង​ស្រី​នេះ​មាន​កាយសម្បទា​មិនល្អ​នោះ​ទេ ដោយសារ​ដៃជើង​ទន់ ហើយ​ម្រាមដៃ​ម្រាមជើង​ខ្វេរ​ផង​ដែរ ។ លោក​ថា ក្មេង​ស្រី​នេះ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដឹក​ភ្ញៀវ​ឡើង​លើ​ភ្នំ បាន​ប្រទះ​ឃើញ​ត្រូវ​គេ​យក​ទៅ​បោះបង់​ចោល​នៅ​ក្នុង​ព្រៃ​ក្បែរ​ច្រកចូល​ទៅ​កាន់​ល្អាង​ល្ខោន លើ​ភ្នំ​សំពៅ ។ លោក​មេ​ប៉ុស្ដិ៍​បាន​បន្ត​ថា ក្មេង​ស្រី​នេះ​ក៏​មាន​សុខភាព​ទន់ខ្សោយ​ផង​ដែរ ត្រូវ​គេ​ដាក់​ឱ្យ​ដេក​ក្នុង​ក្រ​ម៉ា ចង​ជា​អង្រឹង​នៅ​ក្នុង​ព្រៃ​ក្បែរផ្លូវ​ដើរ ។ អ្នក​ប្រទះ​ឃើញ​ក្មេង​ស្រី​តូច​អភ័ព្វ​នេះ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ។

ជុំវិញ​ការ​ប្រទះ​ឃើញ​ក្មេង​ស្រី​អភ័ព្វ​នៅ​លើ​ភ្នំ​សំពៅ​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​ទី​១២​កក្កដា គេ​បានឃើញ​បុរស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ឡើង​លើ​ភ្នំ​សំពៅ ដោយ​មាន​បី​ក្មេង​ម្នាក់​នៅ​ក្នុង​ដៃ​ផង តែ​គេ​មិន​បាន​ចាប់អារម្មណ៍​ទេ​។

ប្រភព​ដដែល​បញ្ជាក់​ថា មនុស្ស​ប្រុស​២​នាក់​នោះ​ជិះ​ម៉ូតូ​កញ្ចាស់​(​ម៉ូតូ​កូរ៉េ​) តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ ។ គេ​ឃើញ​តែ​ពេល​ជិះ​ឡើង តែ​ពេល​ចុះ​ពីលើ​ភ្នំ​វិញ គេ​មិន​បានឃើញ​ទេ ។ លុះ​១​ម៉ោង​ក្រោយមក ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​គេ​ប្រទះ​ឃើញ​ក្មេង​ស្រី​តូច​ត្រូវ​គេ​យក​ទៅ​ប្លុង​ចោល​លើ​ភ្នំ​សំពៅ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ភ្នំ​សំពៅ លោក មី ឆេ​ង​លី បាន​បញ្ជាក់​ថា ក្រោយ​ពី​ចុះ​ទៅ​ពិនិត្យ សមត្ថកិច្ច​បាន​យក​ក្មេង​ស្រី​នោះ ហើយ​ប្រគល់​ឲ្យ​ទៅ​ខាង​មន្ត្រី​កិច្ចការ​នារី​ឃុំ ដើម្បី​ទទួលខុសត្រូវ ។ ប៉ុន្តែ​ខាង​កិច្ចការ​នារី​ឃុំ​ក៏​បាន​បញ្ជូន​ក្មេង​ស្រី​អភ័ព្វ​នោះ​ប្រគល់​ទៅ​ខាង​មណ្ឌលកុមារ​កំព្រា​ជា​អ្នក​ថែទាំ​បន្ត​ដែរ ។

លោក​បាន​បញ្ជាក់​ដែរ​ថា គេ​មិន​ទាន់​ដឹង​ថា ក្មេង​ស្រី​នេះ​ត្រូវ​គេ​នាំ​ពី​ប្រភព​ណា​មក​ទេ ។ ប៉ុន្តែ​បើសិនជា​ទ​ង្វើ​របស់​អ្នក​អាណាព្យាបាល​ជា​មាតាបិតា មិន​គួរ​ខ្វះ​ការ​ទទួលខុសត្រូវ ហើយ​យក​កូន​មក​ប្លុង​ចោល​ក្នុង​ព្រៃ​បែប​នេះ​ឡើយ ។

លោក​ថា នេះ​សំណាង​ហើយ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ភ្លាម​ៗ បើ​ចាំតែ​បន្តិចទៀត​ប្រហែល​ត្រូវ​អង្ក្រង​រោម ឬ​ត្រូវ​សត្វ​ស្វា​ដែល​មាន​រាប់​សិប​ក្បាលនៅ​លើ​ភ្នំ​សំពៅ​នោះ​ខាំ​ខ្វេះ​លេង​ស្លាប់​បាត់​ទៅ​ហើយ ៕