សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី​ថា​រង​ការ​គំរាម​កំហែង​អាយុ​ជីវិត

សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជាមួយ​គ្នា ថា​បាន​គំរាម​កំហែង​អាយុ​ជីវិត ប្រសិន​គាត់​មិន​ព្រម​ទទួល​យក​ការ​សម្របសម្រួល​បញ្ចប់​ការ​ប្ដឹង​ឈ្មួញ​ដែល​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ព្រៃ​សហគមន៍​ការពារ។ ចំណែក​ប្រជាពលរដ្ឋ​ជា​ចុង​ចោទ បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

សមាជិក​សកម្ម​នៃ​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ពូរ៉ាដែត ឃុំ​ស្រែអំពូម បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ហើយ​អំពាវនាវ​សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ការ​គំរាម​កំហែង​អាយុ​ជីវិត​អ្នក​ការពារ​ព្រៃ​ឈើ។

តំណាង​សហគមន៍​ភូមិ​ពូរ៉ាដែត លោកស្រី ហេង ណុក បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា តំណាង​ឈ្មួញ​ដែល​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​ឈ្មោះ ពិសិដ្ឋ មាន​ទីលំនៅ​នៅ​ភូមិ​ពូរ៉ាដែត បាន​គំរាម​ដល់​សុវត្ថិភាព​លោកស្រី ខណៈ​លោកស្រី​បដិសេធ​មិន​ព្រម​ទទួល​យក​សំណើ​សម្របសម្រួល​ជម្លោះ​ដែល​កើត​មាន​រវាង​សហគមន៍ និង​ក្រុម​ឈ្មួញ។ លោកស្រី​បន្ត​ថា សហគមន៍​មិន​អាច​ទទួល​យក​ការ​សម្របសម្រួល​ទាក់ទិន​ការ​កាត់​ដី​ដែល​សហគមន៍​អភិរក្ស ទៅ​ឲ្យ​ឈ្មួញ​បាន​ឡើយ ពីព្រោះ​ជា​រឿង​ខុស​ច្បាប់៖ «២៥​ហិកតារ​ដែល​គាត់​ឈូស​ឆាយ​ហើយ​ស្រេច ឲ្យ​ទូទាត់​ជា​ប្រាក់​ប៉ុន្មាន គាត់​ចេញ​ជា​លុយ។ ខ្ញុំ​ថា​មិន​អាច​សម្រេច​បាន​ទេ មិន​មែន​ជា​ដី​ខ្ញុំ​បុគ្គល។ ពេល​ខ្ញុំ​ថា​អ៊ីចឹង គាត់​ថា​បើ​ចែ​ឯង​អត់​ជួយ ចែ​ឯង​អត់​រួច​ខ្លួន​ទេ។ ពាក្យ​អត់​រួច​ខ្លួន​វា​ធ្ងន់ធ្ងរ​សម្រាប់​ខ្ញុំ មិន​ដឹង​គាត់​ធ្វើ​អ្វី​ខ្ញុំ»

កាល​ពី​សប្ដាហ៍​មុន សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូរ៉ាដែត បដិសេធ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ស្រុក ពាក់ព័ន្ធ​កាត់​ដី​ដែល​ចំនួន ១០​ហិកតារ​ក្នុង​ចំនួន​ដី ៥០​ហិកតារ​ដែល​អ្នក​ទិញ​ដី​បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍ ដោយ​សំអាង​ថា​បាន​ទិញ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ពី​ពលរដ្ឋ​ក្នុង​ភូមិ​នេះ។

អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​ការ​ខូចខាត​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ដែល​រដ្ឋ​បាន​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ តំណាង​អ្នក​ទិញ​ដី គឺ​លោក ពិសិដ្ឋ ទទួល​ស្គាល់​ថា លោក​បាន​ជួប​ចរចា​ជាមួយ​សហគមន៍​ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ ក៏ប៉ុន្តែ​មិន​បាន​គំរាម​កំហែង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា សហគមន៍​ទំនង​យល់​ច្រឡំ​ពាក្យ​សម្ដី​របស់​លោក ដែល​បាន​ពន្យល់​គាត់​ពី​ផល​លំបាក​ទាក់ទិន​ជម្លោះ​ប្ដឹង​គ្នា​នេះ៖ «គាត់​មិន​យល់​អ្វី​ដែល​ខ្ញុំ​និយាយ។ គាត់​ថា​ខ្ញុំ​គំរាម។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​តើ! ថា​បើ​រឿង​ហ្នឹង​ឡើង​ដល់​តុលាការ វា​ខាត​ទាំងអស់​គ្នា។ អ្នក​ទិញ​ដី​ហ្នឹង​គេ​មាន​លុយ គេ​អត់​ខ្វល់​ទេ យើង​ប្រជាពលរដ្ឋ​នេះ។ ខ្ញុំ​ចង់​ពន្យល់​ហេតុផល​គាត់​អ៊ីចឹង»

ប្រជាពលរដ្ឋ​ភូមិ​ពូរ៉ាដែត ជិត ១០០​នាក់ រួម​ជាមួយ​មន្ត្រី​ឃុំ មន្ត្រី​ព្រៃ​ឈើ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​រក​ឃើញ​ឈើ​រាប់​ពាន់​ដើម​ក្នុង​តំបន់​ព្រៃ​ស្រោង​ជា​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍ ត្រូវ​បុរស​ឈ្មោះ លេង គឹមហាង យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលំ​ចោល បំណង​ដុត​រាន​យក​ដី​ដោយ​សំអាង​ថា​ដី​នោះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បី​គ្រួសារ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ទាក់ទិន​ករណី​ឈូស​ឆាយ​ព្រៃ​សហគមន៍ និង​ការ​គំរាម​កំហែង​សហគមន៍។ លោក​ថា ជំហាន​ដំបូង សមាគម​បាន​អន្តរាគមន៍​ករណី​គំរាម​កំហែង​សហគមន៍​ទៅ​សមត្ថកិច្ច ដើម្បី​ឃ្លាំ​មើល​បញ្ហា​នេះ៖ «លិខិត​អន្តរាគមន៍​ខ្ញុំ​ដាក់​ទៅ​ថ្ងៃ​ហ្នឹង​ហើយ​ទៅ​សាលា​ខេត្ត ពាក់ព័ន្ធ​ករណី​ហ្នឹង។ រឿង​គាត់​ប្ដឹង​ទៅ​តុលាការ​បន្ត ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​គាត់​នឹង​ដាក់​ទៅ​តុលាការ»

អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី ដោយសារ​ជាប់​ប្រជុំ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោកស្រី ហេង ណុក អះអាង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ សហគមន៍​នឹង​រៀបចំ​ពាក្យ​ប្ដឹង​ករណី​ទាំង​ពីរ​ដាក់​ជូន​ស្ថាប័ន​អយ្យការ​ចាត់​វិធានការ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។