ប៉េអិម​ចាប់​មុខសញ្ញា​ចោរ​គាស់​កែបម៉ូតូ​លួច​យក​សម្ភារៈ​ និង ​ជួញដូរ​គ្រឿងញៀន

ប៉េអិម​ចាប់​មុខសញ្ញា​ចោរ​គាស់​កែបម៉ូតូ​លួច​យក​សម្ភារៈ​ និង ​ជួញដូរ​គ្រឿងញៀន



ភ្នំពេញ ៖ មុខសញ្ញា​ជំនាញ​ ខាង​គាស់​កែបម៉ូតូ​ យក​ទ្រព្យសម្បត្តិ​នៅ​តាម​កន្លែង​ផ្ញើ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ ខណៈ​ពេល​ជនសង្ស័យ​រូប​នោះ​ ជួញដូរ​គ្រឿងញៀន​ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៩០ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង ​កំណត់​មុខសញ្ញា​ជនសង្ស័យ​នេះ​ គឺជា​មុខ​សញ្ញា​ចោរ​ ដែល​មាន​ជំនាញ​គាស់​កែបម៉ូតូ​លួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្សារ ​និង​សិស្ស​និស្សិត​នៅ​តាម​សាលា​ ដែល​តែងតែ​ផ្ញើ​ម៉ូតូ។ លុះដល់​ថ្ងៃ​ឃាត់ខ្លួន​ខាងលើ កម្លាំង​ទទួល​បាន​ព័ត៌មាន​ថា ​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​មុខ​ក្លឹប​ទ្រូ​ហ្វេ​ស ផ្លូវ​លេខ​៩០ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ក៏​ចុះ​មក​អន្តរាគមន៍ ​និង ឃាត់ខ្លួន​ជនសង្ស័យ​នេះ ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​តូច​តែម្តង។

​បច្ចុប្បន្ន​ជនសង្ស័យ ​និង​ វត្ថុតាង​គ្រឿងញៀន​ ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ និង ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕