បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​



ភ្នំពេញ ៖ ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ១១១​ម៉ែត្រ ទទឹង ៤​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ក្នុង​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ។

នា​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​លើក​ឡើង​ពី​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ តួយ៉ាង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត នៅ​ទូទាំង​ប្រទេស ហើយ​ថ្ងៃនេះ​យើង​បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង​ថ្មី ១​ខ្សែ​ទៀត ស្ថិតនៅ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ នៅ​ក្បែរ​វត្ត​ធុតង្គ​ចំការ​ដូង ដែល​កន្លងមក តែងតែ​ជួបប្រទះ​ការ​លំបាក​ក្នុង​ធ្វើដំណើរ ជាពិសេស​នៅ​រដូវវស្សា។

លោក​អភិបាល​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ ដែល​ត្រូវ​ស្ថាបនា​នា​ពេល​នេះ សូម​យោគយល់​អធ្យាស្រ័យ ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​បណ្តាល​មក​ពី​ការស្ថាបនា​ផ្លូវ ដើម្បី​ជួយ​សម្រួល​ដល់​ការស្ថាបនា​ផ្លូវ​ឲ្យ​បាន​ឆាប់រហ័ស និង​ឆាប់​បាន​ប្រើប្រាស់ ដែល​តាម​គម្រោង​ផ្លូវ​នេះ ត្រូវ​ស្ថាបនា​ក្នុង​រយៈពេល ៣០​ថ្ងៃ គិត​ពី​ថ្ងៃ​បើក​ការដ្ឋាន​នេះ​តទៅ។

ក្នុង​នោះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូល​រួមគ្នា​ថែរក្សា​ផ្លូវ​នេះ ឲ្យ​ប្រើប្រាស់​បាន​យូរ​អង្វែង និង​សូម​ជួយ​តាមដាន​លើ​ការងារ​ស្ថាបនា ជាមួយ​មន្ត្រី​ជំនាញ របស់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់ ដើម្បី​ជា​ប្រយោជន៍​របស់​បងប្អូន​ទាំងអស់គ្នា។

តាមរយៈ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​ខណ្ឌ​ឆ្នាំ​២០១៦ សង្កាត់​ដង្កោ មាន​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន ២​ខ្សែ គឺ ១​ខ្សែ ស្ថិត​ក្នុង​ភូមិ​ខ្វា ប្រវែង ១១១​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ និង ១​ខ្សែ​ទៀត ស្ថិត​ក្នុង​ភូមិ​តា​ឡី ប្រវែង​១៤០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ៕