ព្រះចៅអធិរាជជប៉ុន គ្រោងដាក់រាជ្យ

បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា ការដាករាជ្យនឹងអាចកើតឡើង នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បី​​ប្រគល់​រាជ្យសម្បត្តិ ថ្វាយ​ទៅ​ព្រះរាជបុត្រស្នងរាជ្យ ព្រះនាម ណារ៉ូហ៊ីតូ (Naruhito)។
ព្រះចៅអធិរាជជប៉ុន គ្រោងដាក់រាជ្យ

ព្រះចៅអាធិរាជ ព្រះបាទ អាគីហ៊ីតូ និងព្រះរាជអគ្គមហេសី មីស៊ីកូ នៃរាជាណាចក្រជប៉ុន។ (រូបថតឯកសារ)

ព្រះចៅអាធិរាជជប៉ុន បានមានបន្ទូល ពីគម្រោងរបស់ព្រះអង្គ ក្នុងការដាក់រាជ្យ នាពេលដ៏​ខ្លី​ខាង​មុខ ដើម្បីប្រគល់រាជ្យសម្បត្តិ ថ្វាយទៅព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាម ណារ៉ូហ៊ីតូ (Naruhito)។​ នេះ​បើ​តាម​ការផ្សព្វផ្សាយ របស់ប្រព័ន្ធព័ត៌មានរបស់ជប៉ុន ដែលចេញផ្សាយឲ្យដឹង កាលពីថ្ងៃពុធ។ ទូរទស្សន៍​ជប៉ុន «NHK» ព្រះចៅអាធិរាជ ព្រះបាទ អាគីហ៊ីតូ (Akihito) ដែលមានព្រះជន្ម ៨២ព្រះវស្សា បានមាន​បន្ទូល​ដូច្នេះ ទៅកាន់ព្រះញាតិវង្សរបស់ទ្រង់ ថាទ្រង់មានបំណងចង់ចាកចេញ ពីរាជបល្ល័ង្គ។ ប្រភពមួយស្និត​នឹង​ព្រះ​មហាក្សត្រ បាននិយាយថា ការដាក់រាជ្យរបស់ព្រះអង្គ ទំនងជាមានមូលហេតុ មកពីបញ្ហាសុខភាព។

តាមច្បាប់ជាធរមាន ទាក់ទងនឹងរាជ្យសម្បត្តិ ដែលកំណត់ពីតួនាទី របស់ព្រះមហាក្សត្រនោះ មិនបាន​ចែង​មក​ទេ ពីករណីណាមួយ ដែលនិយាយអំពីការដាក់រាជ្យ។ ដូច្នេះ ការធ្វើវិសោធនកម្ម ទៅលើច្បាប់នេះ មាន​ភាព​ចាំបាច់​ណាស់ ដើម្បីស្របទៅនឹងរាជបំណងរបស់ទ្រង់។

ទូរទស្សន៍រដ្ឋ «NHK» ដដែលបានអះអាងទៀតថា ព្រះអង្គម្ចាស់ព្រះរាជបុត្រច្បងស្នងរាជ្យ ណារ៉ូហីតូ និង​ព្រះ​រាជ​អគ្គមហេសី (របស់ព្រះបាទ អាគីហ៊ីតូ) ព្រះនាម មីស៊ីកូ (Michiko) សុទ្ធតែគាំទ្ររាជបំណង របស់ព្រះ​ចៅ​អធិរាជ។ ព្រះញាតិវង្សទាំងអស់នេះ បានអះអាងថា ព្រះចៅអាធិរាជ​នឹងប្រកាស​ពីការដាក់រាជ្យនេះ ជាផ្លូវការ នៅក្នុងពេលខាងមុខ។

ទីភ្នាក់ងារព័ត៌មានជប៉ុន «Kyodo» វិញ បានផ្សាយព័ត៌មាន ប្រហាក់ប្រហែលនេះដែរ តែដោយស្រង់ប្រភព ពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលមិនបញ្ចេញឈ្មោះទៅវិញ។ មិនមានការប្រកាសណាមួយផ្សេងទៀត ពីប្រភពផ្លូវការ របស់ព្រះបរមរាជវាំងនោះទេ។

បើតាមទូរទស្សន៍ «NHK» បានពន្យល់ទៀតថា ប្រទេសជប៉ុន ដែលជារាជាណាចក្រដ៏ចាស់ជាងគេមួយ នៅ​ក្នុងពិភពលោក មិនដែលស្គាល់ការដាក់រាជ្យ របស់ព្រះមហាក្សត្រខ្លួន តាំងពី២០០ឆ្នាំមកហើយ។ រីឯ​រដ្ឋ​ធម្មនុញ្ញ នាឆ្នាំ១៩៤៧ ដែលត្រូវបានកំហិតដោយសហរដ្ឋអាមេរិក នៅក្រោយពេលដែលជប៉ុន បានចាញ់​សង្គ្រាម​លោក​លើក​ទីពីរនោះ បានកំណត់តួនាទីរបស់ព្រះមហាក្សត្រជប៉ុន មកនៅត្រឹមតែជា​«និមិត្តរូប​របស់​ប្រទេស និងឯកភាពជាតិ នៃប្រជារាស្ត្រជប៉ុន»ប៉ុណ្ណោះ។ ការកំណត់នេះ គឺដើម្បីបង្កាកុំឲ្យរបបរាជានិយម បែបយោធានិយម វិលត្រឡប់មកវិញ ដូចនៅក្នុងរជ្ជកាសនៃព្រះបាទ ហ៊ីរ៉ូហ៊ីតូ (Hirohito) ដែលត្រូវជាព្រះរាជបីតា របស់​ព្រះចៅ​អាធិរាជ​សព្វថ្ងៃ។ ព្រះបាទ ហ៊ីរ៉ូហ៊ីតូ នៅក្នុងសម័យកាលនោះ ត្រូវបានចាត់ទុកដូចជា«ព្រះរស់» ដែលទទួល​បាន​ការ​គោរព​«បូជា»យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជារាស្ត្រជប៉ុន។

យ៉ាងណាក៏ដោយ ក៏រាជបល្ល័ង្គនៃរបបរាជានិយមជប៉ុន នៅតែជាការគោរពដ៏ខ្ពង់ខ្ពស់ របស់បណ្ដាជនជប៉ុន​ភាគ​ច្រើន មកទល់នឹងសព្វថ្ងៃ៕