ថេណា ស្រវាចាប់​សិល្បៈ ក្រោយ​បោះបង់​ក្តី​ស្រលាញ់​មួយ

ខឹម​ ភុន​ថេណា ថ្លែង​មក​កាន់ ​Sabay ថា ត្បិត​ឪពុក​ម្ដាយ​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ក៏​ពិត​មែន​ ប៉ុន្តែ​​លោក​គ្មាន​ចំណូល​ចិត្ត​ខាង​សិល្បៈ​ឡើយ​ ដែល​កាល​ពី​ដំបូង​ឡើយ​ លោក​មាន​ជំនាញ​ និង​ចូល​ចិត្ត​ខាង​ផ្នែក​គូរ​រូប​ ហើយ​លោក​តែង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ប្រចាំ​ថ្នាក់​ និង​ប្រចាំ​សាលា​ជា​ដើម។

 

យ៉ាងណាមិញ ​ចំណង់​ចំណូល​ចិត្ត​មួយ​នេះ​ត្រូវ​បាន​បាត់​បង់​បន្តិច​ម្តងៗ​ ដោយសារ​លោក​អភិបាល​ខេត្ត​កោះ​កុង​មាន​បង្កើត​កម្មវិធី​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ ជា​ហេតុជំរុញ​ឲ្យ​ ថេណា ផ្តើម​ស្រលាញ់​វិស័យ​មួយ​នេះ​ជំនួស​ការ​គូរ​គំនូរ​វិញ។

 

“និយាយ​រួម​ទៅ​ក្រុម​គ្រួសារ​ខ្ញុំ​ជា​អ្នក​សិល្បៈ​មែន​បង តែ​កាល​ខ្ញុំ​នៅ​តូចៗ​ អត់​ចូលចិត្ត​ផង​។ ពេល​នោះ​ ខ្ញុំ​មាន​ជំនាញ​ ខាង​ផ្នែក​គូរ​គំនូរ​ហើយ​លោក​គ្រូ​អ្នក​គ្រូ​តែង​សរសើរ​ថា​គូរ​​បាន​ស្អាត​អីចឹងៗ​។ តែ​មាន​ថ្ងៃ​មួយ​ លោក​អភិបាល​ខេត្ត​ខ្ញុំ​គាត់​មាន​បង្កើត​កម្មវិធី​ ក៏​ដូចជា​មាន​បំពាក់​ឧបករណ៍​ភ្លេង និង​មាន​គ្រូ​បង្រៀន​ខាង​ផ្នែក​ភ្លេង​ ខ្ញុំ​ក៏​បាន​ចូល​រៀន ជាមួយ​មិត្ត​ភក្តិ។ ឃើញ​ថា​ចូល​លេង​ទៅ​សប្បាយ​ម្យ៉ាង​ គាប់​ជួន​អី​ពេល​នោះ​ វិស័យ​ភ្លេង ចម្រៀង​អីហ្នឹង​មាន​ការ​រីកចម្រើន​ដែរ ក៏​ចាប់​ផ្តើម​ស្រលាញ់​ និង​ចូលចិត្ត​ ខាង​ផ្នែក​សិល្បៈ​អី​ហ្នឹង​វិញ​បង។ ចំណែក​ការ​គូរ​គំនូរ​វិញ ខ្ញុំ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់ ​ក៏​បោះ​បង់​ទៅ​”។ ថេណា រៀប​រាប់។

 

ថេណា ស្រវាចាប់​សិល្បៈ ក្រោយ​បោះបង់​ក្តី​ស្រលាញ់​មួយ

 

​ទោះ​បី​ជា​មាន​ការ​បោះ​បង់​​នូវ​ស្នាដៃ​ដែល​ចូលចិត្ត​ពី​មុនមក​ក៏​ពិត​មែន ​ថេណា ប្រាប់​ថា លោក​​ស្ដាយដែរ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ត្រូវ​បន្ត​វិថី​សិល្បៈ​ផ្នែក​ភ្លេង ​និងខិត​ខំ​​ច្រៀង​បន្ត​ទៀត ​ត្បិត​ថា ​ឥឡូវ​វិស័យសិល្បៈ​នេះ​ មាន​ការ​រីក​ចម្រើនគួប​ផ្សំ​ការ​ចាប់​ផ្ដើម​ចូល​ចិត្ត​ពី​សាមី​ខ្លួន​ផង​នោះ។

 

ម្ចាស់​បទ​ “Love is Singular” ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កោះ​កុង​ ឆ្នាំ​នេះ​រូប​គេ អាយុ​២២​ឆ្នាំ​ហើយ​។ តាំង​ពី​ថ្នាក់​ទី​១រហូត​ដល់​ថ្នាក់​ទី​១២ ថេណា ​រៀន​បឋម​សិក្សា និង​វិទ្យាល័យ​កោះ​កុង​ ប៉ុន្តែ​អំឡុង​ឆ្នាំ​ ២០១០ ជា​ពេល​កំពុង​រៀន​ថ្នាក់​ទី៩ រូប​គេ បាន​ផ្ទេរ​មក​សិក្សា​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ខាង​ផ្នែក​តន្ត្រី​រយៈ​ពេល​៣​ឆ្នាំវិញ មុន​ពេល​ត្រឡប់​ទៅ​រៀន​នៅវិទ្យាល័យ​​កោះកុង​ថ្នាក់​ទី​១២​ វិញ​​​នៅ​ឆ្នាំ​២០១៣។

 

ថ្លែង​មក​កាន់ Sabay តារា​មក​ពី​ខេត្ត​កោះ​កុង​រូប​នេះ បន្ថែម​ទៀត​ថា​ ការពិត​មាន​​​ក្រុម​ហ៊ុន​ ក៏​ដូចជា​ផលិត​កម្ម​នានា​ទាក់​ទង​លោក​ឲ្យ​ច្រៀង​ក្នុង​ផលិតកម្ម​ដែរ ប៉ុន្តែ​ដោយសារ​ចង់​បាន​សេរីភាព​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​ខ្លួន​ឯង​ ម្ចាស់​បទ “First Lady” សម្រេច​ថា ​ធ្វើ​ជា​អ្នក​និពន្ធ ​និង​អ្នក​ចម្រៀង​ឯករាជ្យ។

 

​រាល់​បទ​ចម្រៀង​ទាំង​អស់​របស់​ ថេណា មិន​ថា​ភ្លេង​ ប៉ារ៉ូល​ លោក​ប្រាប់​ថា​​និពន្ធ​ខ្លួន​ឯង​ទាំង​អស់​ មិន​មាន​ការ​ជួយ​ពី​នរណា​ម្នាក់​ឡើយ​ ត្បិត​អី​លោក​ធ្លាប់​បាន​រៀន​ជំនាញ​នេះ​២​ឆ្នាំ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ គួប​ផ្សំ​ទាំង​ការ​សួរ​ តារា​ចម្រៀង​រៀម​ច្បង​មួយ​ចំនួន​ទៀត​ ក៏​ដូច​ជា​សិក្សា​ខ្លះៗ​តាម​រយៈ​ប្រព័ន្ធ​យូធូប​ជាដើម​។បទ​ចម្រៀង​មួយ​បទៗ ថេណា ចំណាយ​ពេល​ប្រហែល​៥ ទៅ​៦​ថ្ងៃ​ ។

 

ថេណា ស្រវាចាប់​សិល្បៈ ក្រោយ​បោះបង់​ក្តី​ស្រលាញ់​មួយ

 

ស្នាដៃ​ដំបូង​របស់​ថេណា មាន​ចំណង​ជើង​ថា “មិន​ហ៊ាន​សារភាព” ដែល​បទ​នេះ​យក​មក​ប្រឡង​នៅ​ក្នុង​កម្ម​វិធី​ Hear My Song ឆ្នាំ​ទី​១រៀប​ចំ​ដោយ​​ Sabay ដែល​កាល​ណោះ ថេណា ជាប់​ជយលាភីលេខ​១។ ចាប់​ពី​ពេល​នោះ​មក​កេរ្តិ៍​ឈ្មោះ​របស់​ ថេណា ចាប់​ផ្ដើម​ជ្រៀត​ចូល​ក្នុង​អារម្មណ៍​យុវវ័យ​​ច្រើន​ឡើងៗ​រហូត​មក​ដល់​ពេល​នេះ​ ថេណា កាន់​តែ​មាន​អ្នក​ស្គាល់​ច្រើន​ជាង​មុន​។

 

ម្ចាស់​ជយ​លាភី​លេខ​១ ក្នុង​កម្ម​វិធី Hear my song បន្ត​ឲ្យ​ដឹង​ទៀត​ថា ​បទ​ដែល​លោក​តែង​ និង​ច្រៀង​ភាគ​ច្រើន​ ជា​ប្រភេទ​បទ​ដែលបាន​ឃើញ​ជាក់ស្ដែង​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​​ជាពិសេស​ខាង​ផ្នែក​ស្នេហា​ ហើយ​អ្វី​ដែល​សំខាន់​​ រាល់​ពាក្យ​ពេចន៍​នៅ​ក្នុង​បទ​នីមួយៗ​ គឺ​មានន័យ​ត្រង់ៗ​តែ​ម្តង។ ដោយសារ​ស្នាដៃ​បទ​ចម្រៀង​របស់​លោក ភាគ​ច្រើន​ទទួល​បាន​​ការ​ទាក់​ទាញ​ពី​សំណាក់​ទស្សនិកជន​។ មក​ដល់​ពេល​នេះ​ ថេណា និពន្ធ​ខ្លួន​ឯង​បាន​ប្រហែល​ជាង ​៤០​បទ​ហើយ ក្រៅ​ពី​នោះ ​លោក​ Cover ​បទ​គេ​លេង​ខ្លះ​ ទុក​ពេល​ទំនេរ​និង​អផ្សុកច្រៀង​លេង។

 

​ងាក​មក​ក្រុម​គ្រួសារ​របស់​ ខឹម ភុន​ថេណា វិញ​ លោក​ប៉ា​​ឈ្មោះ ខឹម ភុន​រុងសា​ ជា​អ្នក​ភ្លេង​សម័យ​នៅ​ខេត្ត​កោះ​កុង​ ឯ​អ្នក​ម្ដាយ​ឈ្មោះ​ អ៊ួន សារ៉េត​ ជា​អ្នក​ចម្រៀង​ និង​ជា​មន្ត្រី​រាជការ​ ប៉ុន្តែ​ឪពុក​ម្ដាយ​លោក​បាន​ចែក​ផ្លូវ​គ្នា​ហើយ​។ ថេណា មាន​បងប្អូន​៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ហើយ ​ថេណា​ ជា​កូន​ពៅ​៕

 

អត្ថបទ៖ ថា ម៉ាលីដា​

​​