ពិត​ឬ​ដែលថា ការ​ធាត់ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទាំងនេះ​?

ពិត​ឬ​ដែលថា ការ​ធាត់ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទាំងនេះ​?


ពិត​ឬ​ដែលថា ការ​ធាត់ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទាំងនេះ​?

​ការ​ដែល​ធាត់ មិន​គ្រាន់តែ​ប៉ះពាល់ ដល់​រូបរាង​ខាងក្រៅ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​ជំងឺ​មួយចំនួន​ដែរ ជាពិសេស ជំងឺ​ដែល​មិន​ឆ្លង ឬ​ហៅ​ថា​ជំងឺ​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​។ តើ​ជំងឺ​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?

ជំងឺ​បេះដូង​
ភាគច្រើន អ្នក​ធាត់​ជ្រុល ឬ​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ BMI ធំ​ជាង ២៥ ច្រើន​តែ​ប្រឈម​ខ្លាំង នឹង​ការ​លើស​សម្ពាធ​ឈាម និង​លើស​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ កត្តា​ទាំងអស់​នេះ រួម​គ្នា​នឹង​ការ​ធាត់​ទៀត ពិតជា​រំខាន​ដល់​មុខងារ​របស់​បេះដូង ដែល​ជាហេតុ​នាំឲ្យមាន ជំងឺ​បេះដូង​សរសៃឈាម​បាន​។

ជំងឺ​ទឹកនោម​ផ្អែម​
ការ​ដែល​រាងកាយ​ធាត់​ខ្លាំង ក៏​អាច​បណ្តាលឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ដែរ ព្រោះ​ពួកគេ​ងាយ​ប្រឈម​ខ្លាំង នឹង​អាំង​ស៊ុយ​លីន​ធ្វើការ​មិន​បាន​ល្អ​។ ដូច្នេះហើយ លំពែង​នឹង​ធ្វើការ​កាន់តែខ្លាំង ដើម្បី​ផលិត​អាំង​ស៊ុយ​លីន និង​ចុងក្រោយ ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​។

ភ្នែក​ឡើងបាយ​
តើ​អ្នក​ជឿ​ទេ​ថា អ្នក​ធាត់​ជ្រុល​អាច​នឹង​កើត​ជំងឺភ្នែកឡើងបាយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ  ការសិក្សា​បាន​រកឃើញថា កាលណា​រាងកាយ​ធាត់​ពេក ជាពិសេស​មនុស្ស​ចាស់ គឺ​ងាយ​នឹង​មាន​ជំងឺភ្នែកឡើងបាយ​ណាស់ ជាពិសេស បើសិន​ជា​ពួកគេ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ស្រាប់​។

គេង​បាត់​ដង្ហើម​
ជំងឺ​នេះ គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កើតឡើង​ដោយសារតែ អ្នកជំងឺ​ស្រមុក​ខ្លាំងពេក រហូត​ដល់​បាត់​ការដកដង្ហើម​តែម្តង​។ ជាទូទៅ មនុស្ស​ធាត់​ជ្រុល គឺ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ខ្លាំង និង​ញឹកញាប់​បំផុត​។

ដាច់​សរសៃឈាម​ខួរក្បាល​
ការ​ដែល​មាន​ជាតិ​ខ្លាញ់​នៅ​ជុំវិញ​ចង្កេះ មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សុខភាព​ប្លោកនោម និង​លំពែង​ទេ តែ​ក៏​ប៉ះពាល់​ដល់​ខួរក្បាល​ផងដែរ​។ ការសិក្សា​បាន​រកឃើញថា រាងកាយ​ដែល​ធាត់​ច្រើនពេក អាច​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ក្នុងពេល​មាន​ជំងឺ​នេះ ខួរក្បាល​មិន​អាច​ទទួលបាន ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​ឡើយ ដូច្នេះ កោសិកា​ខួរក្បាល អាច​នឹង​ត្រូវ​ស្លាប់​ក្នុងពេលនោះ​ដែរ​។

បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​
ការសិក្សា​មួយ​ដែល​ចុះផ្សាយ​រួច​បាន​រកឃើញថា កាលណា​មនុស្ស​យើង​មាន BMI កាន់តែ​ខ្ពស់ ការ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​ក៏​កាន់តែ​ខ្ពស់​ដែរ ជាពិសេស មនុស្ស​ស្រី​តែម្តង​។

អត់​កូន​
ដោយសារ​ការ​ធាត់ ជាពិសេស មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន រាងកាយ​ពិតជា​ងាយ​បញ្ចេញ​អ័រម៉ូន​ជាច្រើន ដែល​ប៉ះពាល់​ដល់​សរីរាង្គ​បន្ត​ពូជ​នាស់​។ ស្ត្រី​ដែល​ធាត់​ជ្រុល គឺ​តែងតែ​មាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។

ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​
រាងកាយ​ដែល​ធា​ត់ ឬ​ធ្ងន់​ពេក​នឹង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​ឆ្អឹង និង​សន្លាក់ ជាពិសេស​ជង្គង់ និង​កែងជើង​តែម្តង ដូច្នេះ ពួកគេ​ងាយ​នឹង​មាន​ជំងឺ​រលាក​សន្លាក់ និង​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ណាស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។