វែ​ប​សាយ​កោះសន្តិភាព បាន​ក្លាយជា​វ៉េបសាយ​លេខ​១​នៅ​កម្ពុជា

ដោយ​ឈរ​លើ​គោលការណ៍​ផលិត​ដំណឹង​រហ័ស ច្បាស់ និង​មាន​ប្រយោជន៍ វែ​ប​សាយ​កោះសន្តិភាព ដែល​មាន​អាសយដ្ឋាន www.kohsantepheapdaily.com.kh បាន​ត្រូវ​ជាប់​ចំណាត់ថ្នាក់ ជា​វ៉ែ​ប​សាយ​លេខ​មួយ​នៅ​កម្ពុជា ដោយ​មាន​អ្នក​អាន​ច្រើន​ជាងគេ​បំផុត​ជា​រៀងរាល់ថ្ងៃ ។

យោង​តាម​វែ​ប​សាយ​ចំណាត់ថ្នាក់​វែ​ប​សាយ​ទូ​ទាំង​ពិភពលោក www.alexa.com បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​វែ​ប​សាយ​ទាំងអស់​នៅ​កម្ពុជា www.kohsantepheapdaily.com.kh បាន​ជាប់​លេខ​១ បន្ទាប់​មក​ទៀត គឺ​វែ​ប​សាយ www.sabay.com.kh ជាប់​ចំណាត់ថ្នាក់​លេខ​២ ហើយ​វែ​ប​សាយ www.khmerload.com ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

វែ​ប​សាយ​កោះសន្តិភាព អាច​ដណ្តើម​កេរ្តិ៍ឈ្មោះ​បែប​នេះ​បាន គឺ​ដោយសារ​តែ​វែ​ប​សាយ​កោះសន្តិភាព មាន​ចំនួន​អ្នក​មើល​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ យោង​តាម​វែ​ប​សាយ  https://analytics.google.com/analytics/web បានឱ្យ​ដឹង​ថា ជា​មធ្យម​វែ​ប​សាយ​កោះសន្តិភាព មាន​អ្នក​មើល​ចំនួន​ពី​២០ ទៅ​៤០​ម៉ឺន​នាក់ នៅ​ក្នុង​មួយ​ថ្ងៃ ។

វ៉ែ​ប​សាយ​កោះសន្តិភាព អាច​ទាក់ទាញ​មនុស្ស​មើល​ច្រើន​បែប​នេះ ដោយសារ​តែ​វ៉េបសាយ​កោះសន្តិភាព​ផ្តល់​ព័ត៌មាន​សង្គម សេដ្ឋកិច្ច នយោបាយ កម្សាន្ត និង​កីឡា រហ័ស ច្បាស់លាស់ ត្រឹមត្រូវ និង​មាន​ប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា ។

ជាមួយនឹង​កេ​រ្ត៍​ឈ្មោះ​ថ្មី​នេះ វា​បាន​ធ្វើ​ឱ្យ​ទាំង​កាសែត​កោះសន្តិភាព វ៉េបសាយ​កោះសន្តិភាព និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កោះសន្តិភាព​ក្លាយជា​ជើងឯក ក្នុង​ការ​ផ្តល់​ព័ត៌មាន ។ គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ​នោះ ផេ​ក​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព រហូត​មក​ដល់​ពេល​នេះ មាន​អ្នក like ចំនួន​ជាង​១,៤​លាន​នាក់​ហើយ ។

ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា នឹង​ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន និង​បុគ្គលិក​ទាំងអស់​របស់​កោះសន្តិភាព នឹង​កាន់តែ​មាន​កម្លាំងចិត្ត​ថែម​ទៀត នៅ​ក្នុង​ការ​បំពេញភារកិច្ច​ផ្តល់​ព័ត៌មាន​រហ័ស ច្បាស់លាស់ ត្រឹមត្រូវ និង​មាន​ប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ។

កោះសន្តិភាព​ប្តេជ្ញា​បន្ត​ធ្វើខ្លួន​ជា​អ្នកបម្រើ​ព័ត៌មាន​ដ៏​ស្មោះត្រង់ សម្រាប់​សាធារណជន ដោយ​ឈរ​លើ​ទស្សន​:​ដែល​ថា «​ការ​គាំទ្រ​របស់​សាធារណជន គឺជា​អាយុជីវិត​របស់​កោះសន្តិភាព​» ៕