លោក​អូបាម៉ា៖ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​បែកបាក់​រវាង​ពលរដ្ឋ និង​ប៉ូលិស

បន្ទាប់ពីការប្រជុំជិត៤ម៉ោងជាមួយមេដឹកនាំក្រុមអ្នកអនុវត្តច្បាប់ និងសមាជិកលេចធ្លោមួយចំនួនមកពីសហគមន៍ពលរដ្ឋអាមេរិកាំងស្បែកខ្មៅ នៅសេតវិមាន កាលពីថ្ងៃពុធម្សិលមិញនេះ លោកប្រធានាធិតបតី បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅមិនទាន់អាចផ្សះផ្សារការមិនទុកចិត្តគ្នារវាងក្រុមអ្នកអនុវត្តច្បាប់ និងពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ដែលកើតមានអស់ជាច្រើនទសវត្សរ៍កន្លងមកនេះ។

លោក អូបាម៉ា ថា៖ «យើងមិនទាន់ទៅដល់គោលដៅរបស់យើងទេ។ យើងមិនទាន់សម្រេចបានអ្វី ដូចដែលយើងចង់បាននោះទេ‍។ អ្វីដែលយើងចង់បាននោះ គឺសហគមន៍ពលរដ្ឋអាមេរិកាំងសាសន៍ណាក៏ដោយមានជំនឿជឿជាក់ថា មន្ត្រីប៉ូលិសបម្រើពួកគេដោយសេចក្តីថ្លៃថ្នូរ ការគោរព និងសមភាព ហើយមន្ត្រីប៉ូលិសមានភាពជឿជាក់ថា ពួកគេទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់‍ក្នុងការបំពេញកិច្ចការរបស់ពួកគេតាមផ្លូវច្បាប់»។

អ្នកដែលចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Loretta Lynch អភិបាលរដ្ឋ Louisiana លោក John Bel Edwards អភិបាលក្រុង Los Angeles លោក Eric Garcetti ប្រធានសមាគមជាតិដើម្បីភាពប្រសើរឡើងនៃពលរដ្ឋគ្រប់សាសន៍ ដែលហៅកាត់ថា NAACP លោក Cornell Brooks ប្រធានប៉ូលិសពីក្រុងផ្សេងៗ សកម្មជនចលនាដើម្បីជីវិតពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលហៅជាភាសាអង់គ្លេសថា Black Lives Matter និងមេដឹកនាំសាសនាជាច្រើនទៀត។

លោកប្រធានាធិបតីបាននិយាយថា លោកចង់នាំអ្នកទាំងអស់ដែលមានទស្សនៈផ្សេងៗគ្នានេះ ឲ្យមកស្តាប់ និងផ្តោះប្តូរយោបល់គ្នាទៅវិញទៅមក៕

ប្រភពៈ VOA


លោក​អូបាម៉ា៖ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​បែកបាក់​រវាង​ពលរដ្ឋ និង​ប៉ូលិស

លោក Kerry នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​មូស្គូ​ដើម្បី​ស្វែងរក​ការ​សហការ​ពី​រុស្ស៊ី​លើ​បញ្ហា​នៅ​ស៊ីរី

លោក​អូបាម៉ា៖ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ការ​បែកបាក់​រវាង​ពលរដ្ឋ និង​ប៉ូលិស

អាស៊ាន នឹងមិនចេញសេចក្តីថ្លែងការណ៍ ជុំវិញសេចក្តីសម្រេចនៃតុលាការអន្តរជាតិ លើបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយក៏មិនបានទទួលសម្ពាធអ្វីពីចិនប៉េកាំងដែរ