រដ្ឋាភិបាល​ភូមា​​ព្រមាន​ចលនា​សង្ឃ​ជ្រុលនិយម​មួយ​ក្នុងស្រុក​

នៅថ្ងៃព្រហស្បតិ៍១៤កក្កដានេះ ក្រសួងកិច្ចការសាសនាភូមា បានចេញមុខព្រមានដល់ចលនាសង្ឃជ្រុលនិយមមួយឈ្មោះថា ម៉ា បា ថា Ma Ba Tha។ ចលនានេះ រងការចោទប្រកាន់ថា បានញុះញង់អោយមានការស្អប់ខ្ពើមសាសនាអ៊ីស្លាមនៅភូមា។

ថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាភូមាថ្មី លោក អុង កូ Aung Ko បានព្រមានចលនាសង្ឃជ្រុលនិយម មួយឈ្មោះថា Ma Ba Tha អោយប្រុងប្រយ័ត្ន ករណីសមាជិកក្រុមខ្លួន ហ៊ានប្រើពាក្យពេចន៍ណាមួយ បង្ហាញពីការស្អប់ខ្ពើមសាសនាអ៊ីស្លាម។ រដ្ឋមន្ត្រីរូបនេះ បន្ថែមថា រដ្ឋាភិបាលកំពុងព្យាយាម បង្កើតស្ថិរភាពក្នុងស្រុក។

កាលពីថ្ងៃពុធ សង្ឃជ្រុលនិយមវីរ៉ាធុ ជាមេចលនាល្បីរបស់ក្រុមម៉ា បា ថា ទើបតែបានចោទលោកស្រីអ៊ុងសាន ស៊ូជី ថាជាមនុស្សផ្តាច់ការ។ សង្ឃរូបនេះបានបន្ទោសរដ្ឋាភិបាលថា បានប្រើប្រាស់បព្វជិតពុទ្ធសាសនា ដើម្បីបំផ្លាញក្រុម ម៉ា បាថា មួយនេះ។

នេះជាលើកទី១ហើយ ដែលរដ្ឋមន្ត្រីរដ្ឋាភិបាលភូមាថ្មីបានចេញមុខ ព្រមានក្រុមជ្រុលនិយមពុទ្ធសាសនាបែបនេះ។ លោកស្រីអ៊ុងសាន ស៊ូជី ប្រធានបក្សកាន់អំណាចតែងរងការរិះគន់ ថាធ្វើមិនដឹងមិនលឺចំពោះការរើសអើង រឺហិង្សាសាសនាក្នុងស្រុក។

តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហិង្សាសហគមន៍សាសនាបានសម្លាប់មនុស្សជាង២០០នាក់ កាលពីឆ្នាំ២០១២។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ វិហារសាសនាអ៊ីស្លាម២កន្លែង នៅភាគខាងជើង និងកណ្តាលប្រទេស បានរងការបំផ្លិចបំផ្លាញ។

ថ្ងៃព្រហស្បតិ៍នេះដែរ ខណៈរដ្ឋាភិបាលភូមាប្រកាសព្រមានចលនាសង្ឃជ្រុលនិយមម៉ា បាថា សហគមន៍ពុទ្ធសាសនាដ៏ធំមួយ ឈ្មោះថា សាំងហា Sangha បានសម្រេចដកខ្លួនជាផ្លូវការ មិនទាក៉ទងចលនា ម៉ា បា ថាមួយនេះ៕

ប្រភពៈ RFI


Related Posts