​អ្នក​ចម្រៀង​​ជន​ពិការ​ត្រឡប់​មក​ច្រៀង​​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​

ពីរសប្ដាហ៍បន្ទាប់ពីនគរបាលបានប្រមូលក្រុមតន្ត្រីជនពិការច្រៀងសុំប្រាក់តាមផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍នោះ ក្រុមតន្ត្រីទាំងនេះបានវិលត្រឡប់មកច្រៀងតាមផ្លូវវិញកាលពីម្សិលមិញ ដោយនិយាយការពារសិទ្ធិរបស់ខ្លួននៅក្នុងការរកប្រាក់ចិញ្ចឹមជីវិត។ នៅត្រង់ចំណុចកាច់ជ្រុងនៃមហាវិថីព្រះសីហនុ និងផ្លូវលេខ១៦៤ក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនបង្កើតដែលជាជនពិការភ្នែកពីរនាក់ ឈ្មោះ ឈឿយ តុលា អាយុ១៧ឆ្នាំ និង ឈឿយ ស្រីពៅ អាយុ១៦ឆ្នាំបានលើកឡើងថា ពួកគេធ្វើដំណើរពីខេត្តកណ្ដាលមករាជធានីភ្នំពេញ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់បងប្អូនបង្កើត១០នាក់ផ្សេងទៀត ក្នុងនោះមានបីនាក់ក៏ពិការភ្នែកដែរ។ស្រីពៅ ដែលជាប្អូនពៅបានលើកឡើងថា នាងនិងបងប្រុសរបស់នាងជួលបន្ទប់ក្នុង១ខែតម្លៃ៣០ដុល្លារនៅសង្កាត់ស្ទឹងមានជ័យ ហើយរកប្រាក់បានប្រហែល៣០.០០០ទៅ៦០.០០០រៀលក្នុងមួយថ្ងៃ ដោយសារច្រៀងនៅតាមភ្លើងស្តុប។ ស្រីពៅ បាននិយាយថា “ខ្ញុំដឹងថា អាជា្ញាធរហាមឃាត់ជនពិការមិនឱ្យច្រៀងតាមផ្លូវ ប៉ុន្តែខ្ញុំមិនអាចឈប់បានទេ ព្រោះយើងគឺជាជនក្រីក្រ។ យើងគ្មានការងារផ្សេងក្រៅពីលក់សំឡេងឡើយ”។ នាងបានបន្ថែមថា “ខ្ញុំគិតថា ការសម្ដែងរបស់យើងមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដូចពួកគាត់អះអាងទេ ព្រោះយើងសម្ដែងត្រឹមតែជាផ្នែកនៃសេរីភាពបញ្ចេញមតិរបស់យើងប៉ុណ្ណោះ។ យើងលក់សំឡេងវាប្រសើរជាងដើរតាមសុំលុយគេ”។ តុលា ដែលត្រូវបានចាប់ខ្លួនជាមួយប្អូនស្រីអំឡុងអាជ្ញាធរដើរប្រមូលជនពិការកាលពីចុងខែមិថុនា បានលើកឡើងថា ខ្លួនមិនយល់សោះហេតុអ្វីបានជាអាជ្ញាធរព្យាយាមធ្វើឱ្យពួកគេកាន់តែធ្លាក់ខ្លួនក្រ។ តុលា បាននិយាយថា “បច្ចុប្បន្ន វាពិតជាលំបាកណាស់នៅក្នុងការទិញម្ហូបអាហារ ព្រោះសាលារាជធានីកំពុងតែតាមប្រមាញ់ពួកយើង។វាហាក់បីដូចជាសាលារាជធានីកំពុងតែតាមសម្លាប់យើងអ៊ីចឹង។ យើងគ្រាន់តែចង់ចិញ្ចឹមជីវិតប៉ុណ្ណោះ ប៉ុន្តែវាហាក់បីដូចជាពួកគាត់បំបែកឆ្នាំងបាយរបស់យើងអ៊ីចឹង”។ តុលា បានបន្ថែមថា “ប្រសិនបើពួកគាត់ចង់ឱ្យយើងឈប់ច្រៀងតាមផ្លូវ រដ្ឋាភិបាលត្រូវតែរកការងារឱ្យយើងជាមុនសិន។ មនុស្សធម្មតាជាច្រើនមិនអាចរកការងារធ្វើបានផង។ យើងជាជនពិការ តើឱ្យយើងអាចផ្លាស់ប្ដូរជីវិតតាមរបៀបណាទៅ?”។ តុលា បានសួរថា “ហេតុអ្វីបានជានគរបាល និងកងសន្តិសុខមិនប្រើប្រាស់ពេលវេលារបស់ខ្លួនទៅចាប់ចោរ តែបែរមកចាប់យើងទៅវិញ?”។ នៅត្រង់ចំណុចកាច់ជ្រុងនៃមហាវិថីព្រះសីហនុ […]

The post ​អ្នក​ចម្រៀង​​ជន​ពិការ​ត្រឡប់​មក​ច្រៀង​​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​ appeared first on The Cambodia Daily.