សង្វេគ! ភេរវ​កម្ម​ក្នុងប្រទេស​បារាំង​អ្នកស្លាប់​​កើន​​ឡើង​​បន្តបន្ទាប់​

កាលពី​​យប់​ថ្ងៃ​ទី​១៤ កក្កដា នា​យប់​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​បារាំង មានការ​វាយប្រហារ​ភេរវកម្ម​មួយ ​ដោយ​ប្រើ​រថយន្ត​កាំ​មី​ញ៉ុ​ង បំបែក​​​​លើ​ហ្វូង​មនុស្ស ក្នុងពេល​មានការ​បាញ់​កាំជ្រួច ។ បើ​តាម​តុល្យការ​ចុង​ក្រោយ​មួយ​​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​តិច​៨០​នាក់ ហើយ​មនុស្ស​ជា​ច្រើន​សិប​នាក់​​បាន​រង​របួស ។ ក្នុង​ចំណោម​អ្នក​របួស​១៥​នាក់ ស្ថិត​ក្នុង​ស​ភាព​ធ្ងន់ធ្ងរ ។

​ការ​សង្គ្រោះ​បន្ទាន់ គឺ​ដាក់​តាម​មន្ទីរពេទ្យ​នាទី​ក្រុង​នី​ស ។ ការ​វាយប្រហារ​នេះ នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅ​ឡើយ ។

យោង​តាម​កាសែត NICE MATIN ថា អ្នក​ទីក្រុង​នី​សម្នាក់​អាយុ​៣១​​ឆ្នាំ មាន​ប្រភព​ពី​ប្រទេស​ទុ​យ​នី​ស៊ី ជា​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុង ​​បំ​បុក​លើ​ហ្វូង​​មនុស្ស​នេះ ។

អយ្យការ​ទីក្រុង​នី​ស ​គូសបញ្ជាក់​ថា រថយន្ត​កាំ​មី​ញ៉ូ​ង​នោះ បើក​បំ​បុក​មនុស្ស​ក្នុង​ចម្ងាយ​ផ្លូវ​ដល់​២​គីឡូម៉ែត្រ ។ ក្នុង​រថយន្ត​នេះ គេ​បាន​រក​ឃើញ​អាវុធ និង​គ្រាប់បែកដៃ​ទាំងឡាយ ។ ​របាយការណ៍នេះ ​ត្រូវ​បាន​​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​​បារាំង ដើម្បីបើក​ការ​ស៊ើប​អង្កេត​ ។ អយ្យកា​រ​​ក្រុង​ប៉ា​រ៉ស ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ដែរ ពី​បទ​មនុស្សឃាត និង​ប៉ុនប៉ង​ធ្វើឃាត ទាក់ទិន​ជាមួយ​អំពើ​ភេរវ
កម្ម ។

យោង​តាម​ប្រភព​មន្ទីរពេទ្យ​ថា មាន​មនុស្សច្រើន​​នាក់​ បាន​​រង​របួស​ដោយ​គ្រាប់កាំភ្លើង ហើយ​សាក្សី​ជា​ច្រើន​និយាយ​ថា មានការ​បាញ់​ប្រហារ​ចេញពី​ក្នុង​រថយន្ត​កាំ​មី​​ញ៉ុ​ង ។

​​វិមាន​ប្រធានាធិបតី​បារាំង ELYSEE ប្រកាស​​ថា លោក​ប្រធានាធិបតី​ហ្វ្រ​ង់​​ស្វ័​រ ហូ​ឡង់ ត្រូវ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ និង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា នៅ​វេលា​ម៉ោង​៩ ម៉ោង​ក្នុងស្រុក ។ ភ្លាមៗនេះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ចេញ​ប្រតិកម្ម​ បាន​​ថ្កោលទោស​ប្រើ​ពាក្យ​ធ្ងន់​ៗ ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​សែន​​ទារុណនេះ ។

រថយន្ត​​កាំ​មី​ញ៉ុ​ង​ បើក​បំ​បុក​មនុស្ស​នេះ ​ទីបំផុតត្រូវ​ឈប់​​ PROMENADE DES ANGLAIS ស្ថិត​នៅ​ភាគ​កណ្តាល​ទីក្រុង​នី​ស​ ។ គេ​ឃើញ​កាង​រថយន្ត​បាក់ មុន​ពេល​ត្រូវ​គ្រាប់កាំភ្លើង​ប៉ូលិស​បាញ់​ផ្ទុះ ។