ប្រវត្តិ​ស្នេហា​របស់​លោក​បណ្ឌិត កែម ឡី កាល​នៅ​យុវវ័យ

ប្រវត្តិ​ស្នេហា​របស់​លោក​បណ្ឌិត កែម ឡី កាល​នៅ​យុវវ័យ



លោក​បណ្ឌិត កែម ឡី កាល​នៅ​យុវវ័យ​បាន​រៀបរាប់​ពី​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហារ​រវាង​រូប​លោក និង​ភរិយា​ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទ​បុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ទទួលទាន​បាយ​ល្ងាច​មួយ​ជា​លក្ខណៈ​គ្រួសារ ។

ខាងក្រោម ​នេះ ជា​ប្រវត្តិ​រឿងរ៉ាវ​ស្នេហា​សង្ខេប​របស់​លោក កែម ឡី ដែល​រៀបរាប់​ដោយ​លោក ជុន ច័ន្ទ​បុត្រ ហើយ​​សម្រេច​ដកស្រង់​ផ្សាយ​ជូន​លោក​អ្នក​អាន​បាន​ស្វែង​យល់ ។

ថ្ងៃមួយ កំលោះ កែម ឡី មាន​បេសកកម្ម​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ខេត្តក្រចេះ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ខេត្តក្រចេះ ទូក​ត្រូវ​ចូល​ចត​នៅ​កំពង់ដ​ជំនីក​សិន ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ស្រុក​នេះ និង​ទទួល​អ្នកដំណើរ​ថ្មី​ដែល​ត្រូវ​ចេញពី​ជំនីក​ទៅ​ក្រចេះ ។ នេះ​ក៏​ជា​ឱកាសល្អ​មួយ​សម្រាប់​អ្នកដំណើរ​បាន​ស្រស់ស្រូប​អា​ហរ ព្រោះ​ទ​ម្លាំ​ដល់​ជំនីក​ថ្ងៃត្រង់​ល្មម ។

គ្រាន់តែ​ទូក​ចត​ដល់​ មាត់ច្រាំង​ភ្លាម អ្នកលក់​បាយ​កញ្ចប់ នំនែក និង​ចំណីអាហារ​ដែល​ងាយ​កាន់​បរិភោគ​នាំ​គ្នា​សម្រុក​ចុះទូក​ប្រជែង​គ្នា​ លក់ទំនិញ​របស់​ខ្លួន ។ ថ្វី​ដ្បិតតែ​កំលោះ កែម ឡី ចង់​ទិញ​បាយ​ដើម្បី​បំពេញ​ការ​ស្រេកឃ្លាន​ពេញ​មួយ​ព្រឹក​ទៅ​ហើយ​ក្ដី ក៏​លោក​បែរជា​ទៅ​ទាក់​ចិត្តនឹង​អ្នកលក់​ពង​ទា​ស្ងោរ​ជាងគេ ។ អ្នកលក់​ពង​ទា​ស្ងា​រ​នោះ​មាន​ទឹកមុខ​ញញឹមញញែម ឫកពា​រម្យទម នាង​មាន​សម្បុរ​ស្រអែម សក់ស្លូត​វែង​ប្រះ​ស្មា ។ នាង​ហាក់​ទើប​ឈាន​ចូល​ដល់​វ័យ​ពេញរូបពេញរាង ដែល​បង្ហាញ​នូវ​សម្រស់​ដ៏​ផូរផង់​ពី​ធម្មជាតិ​របស់​នាង ។

កំលោះ កែម ឡី មិន​អាច​ដក​ភ្នែក​ចេញពី​សម្រស់​ដ៏​គ្មាន​ពីរ​របស់​ក្រមុំ​លក់​ពង​ទា​ស្ងោរ​ នេះ​ឡើយ ហើយ​ក៏​សម្រេចចិត្ត​ហៅ​អ្នកលក់​ពង​ទា​ស្ងោ​រម​ក​ទិញ តែបើ​ទិញ​ហើយ​ឱ្យ​លុយ​ភ្លាម លោក​នឹង​បាត់​ឱកាស​បាន​គយគន់ និង​ជជែក​ស្វែង​យល់​ពី​នាង ។ លោក​ចាប់ផ្ដើម​រើស​ពង​ទា​ស្ងោរ​ផង និង​ជជែក​ពី​នេះ​ពី​នោះ​ផង ។ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​សោះ តែ​លោក​រើស​ពង​ទា​ស្ងោរ​សឹង​អស់ពី​ថាស រើស​បាន​ហើយ លោក​ក៏​នៅ​មិន​ទាន់​ឱ្យ​លុយ​នាង​ភ្លាម​ទេ គឺ​នៅ​សួរ​ពី​នេះ​ពី​នោះ​ទៀត ។

នាង ​អៀន​ណាស់ ! នាង​មិន​ត្រូវការ​សំណួរ​អី​ច្រើន​ពេក​ទេ បើ​ទិញ​ហើយ​ឱ្យ​លុយ​មក​ដើម្បី​នាង​បាន​ទៅ​លក់​ទៀត តែ​នាង​រក្សា​ការ​គួរសម​រហូត ។

អ្នកដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ជំនីក​ក៏​ ចុះ​អស់ ឯ​អ្នក​ឡើង​ថ្មី​ក៏​ឡើង​មក​បំពេញ ។ អ្នកដំណើរ​ដទៃ​ទៀត ក៏​បាន​ទិញ​អាហារ​ថ្ងៃត្រង់​រៀង​ៗ​ខ្លួន​។ អ្នកលក់​ទាំ​ឡាយ​ចុះ​ពី​ទូក​វិញ​អស់ហើយ នៅឡើយ​តែ​នាង​ក្រមុំ​លក់​ពង​ទា​ស្ងោរ កំពុង​រង់ចាំ​ទទួល​លុយ​ពី​ម៉ូយ​កំលោះ​ដែល​ហាក់ដូចជា​កំពុង​ភ័ន្ត​ភាំង​មិន​ ព្រម​ដក​លុយ​ចេញ​រួច​សង​ថ្លៃ​ពង​ទា​នាង​សោះ ។

ដោយ​គិត​ថា អ្នកលក់​ចុះ​អស់ពី​ទូក​ហើយ អ្នកបើកបរ​ទូក​ក៏​ចាប់ផ្ដើម​បើកចាក​ចេញពី​ច្រាំង​ទៅ ។ ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ លែង​នៅ​ចង់បាន​លុយ​ទៀត​ហើយ នាង​ប្រញាប់ប្រញាល់​ស្ទុះ​សំដៅ​ទ្វារ​ចេញ រួច​លោត​ចូល​ទឹក​ប្រូង​ហែល​សំដៅ​ទៅ​មាត់ច្រាំង​វិញ ចោល​ថាស​ពង​ទា និង​លុយ​ដែល​មិន​ទាន់​ទារ​បាន​នៅឡើយ ។

មក​ទល់​ពេល​នេះ ទើប​កំលោះ កែម ឡី ភ្ញាក់ខ្លួន ហើយ​ស្ពាយ​ក្រោយ​ចំពោះ​ការ​ដែល​បា​នប​ង្ទ​ច់​បង្អាក់ដំណើរ​នាង​លក់​ពង​ទារ​ ហូត​ដល់​នាង​លោត​ចោល​ថាស និង​លុយ ។ លោក​បន្ត​សម្លឹង​មើល​នាង​ហែល​រហូត​ដល់​ច្រាំង​ឡើងគោក​វិញ ទើប​លោក​ដក​ភ្នែក​បាន ។ លោក​បន្តដំណើរ​ទៅ​ខេត្តក្រចេះ ដោយ​នាំ​ទាំង​ថាស​ពង​ទាស្ងោ​រ និង​វប្ប​ដិ​សារី​ទៅ​ជាមួយ​ផង ។

លោក កែម ឡី បំពេញការងារ​លើក​នេះ​ទាំង​ចិត្ត​វិលវល់​នឹកភ្នក​ដល់​នាង​ក្រមុំ​លក់​ពង​ទា​ ស្ងោរ​នៅ​ស្រុក​ក្រូចឆ្មារ មិន​ភ្លេច​មួយ​វិនាទី​ណា​ឡើយ ។ ម្យ៉ាង គិតដល់​កំហុស​ដែល​បាន​ធ្វើ​ឱ្យ​នាង​ខក​ខានមិនបាន​ចុះទូក​ទៅ​វិញ​បាន​ ត្រឹមត្រូវ ម្យ៉ាង​ស្តាយ​មិន​បាន​សួរ​ឈ្មោះ និង​ផ្ទះ​របស់​នាង​ដើម្បី​បាន​យក​ថាស និង​លុយ​ទៅ​សង​នាង​វិញ ។ បួន​ប្រាំ​ថ្ងៃ​ក្រោយមក បន្ទាប់​ពី​កំលោះ​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​នេះ​បញ្ចប់​ការងារ​នៅ​ ខេត្តក្រចេះ លោក​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ត្រឡប់​មក​ភ្នំពេញ កាត់​តាម​ជំនីក ស្រុក​ក្រូចឆ្មារ ដដែល ។ កំលោះ កែម ឡី សង្ឃឹមថា នេះ​ជា​ឱកាស​មួយ​ដែល​លោក​បាន​ជួប​នាង​លក់​ពង​ទា​ស្ងោរ​ម្តងទៀត ដើម្បី​បាន​ប្រគល់​ថាស និង​សង​លុយ​នាង​វិញ ។

គ្រាន់តែ​ទូក​ចត​ចូល​ ច្រាំង​ភ្លាម លោក​ខំ​សម្លឹង​រក​នាង ។ អ្នកខ្លះ​ប្រញាប់ប្រញាល់​ប្រជែង​គ្នា​ចុះទូក ។ កំលោះ កែម ឡី មិន​ចាប់អារម្មណ៍​នឹង​អ្នក​ណា​ទាំងអស់ ភ្នែក​គាត់​រំពៃ​រក​មើល​តែ​អ្នកលក់​ពង​ទា​ស្ងោរ​ដែល​គាត់​ជំពាក់​ទាំង​លុយ ជំពាក់​ទាំង​ចិត្ត​តែ​ប៉ុណ្ណោះ ។ អ្នកលក់​ចុះ​មក​អស់ហើយ ម្តេច​ឡើយ​បាត់​តែ​នាង​មិនឃើញ​មក​លក់​នឹង​គេ ? តិច​នាង​អស់​ចុង​អស់​ដើម ហើយ​រក​ទុន​មក​លក់​លែង​បាន ? តិច​នាង​ត្រូវ​ឪពុក​ម្តាយ​ដាក់​ទណ្ឌកម្ម​ពី​ការ​លក់​អស់​ចុង​អស់​ដើម អស់ទាំង​ថាស ហើយ​លែង​ឱ្យមក​លក់​ទៀត​ទៅ ? ដួងចិត្ត​លោក​ច្របូកច្របល់​ណាស់ ! សួរ​អ្នកលក់​ដទៃ​ទៀត ក៏​គេ​ហាក់​មិន​ចាប់អារម្មណ៍​នឹង​សំណួរ​របស់​លោក​ទេ ។ ម្នាក់​ៗ​គេ​គិតតែ​ពី​ខំ​លក់ទំនិញ នឹង​អាល​ឆាប់​បាន​ចេញពី​ទូក​វិញ ។ គ្មាន​អ្នក​ណា​ម្នាក់​យល់​ពី​ដួងចិត្ត​តក់ក្រហល់​របស់​លោក​សោះ ។ អ្នកលក់​ចេញពី​ទូក​វិញ​ម្តង​មួយ​ៗ​ហើយ នៅ​តែ​រក​នាង​មិនឃើញ​នៅឡើយ ។ ទូក​បញ្ឆេះ​ម៉ាស៊ីន​រៀប​បន្តដំណើរ​ទៅ​ភ្នំពេញ​វិញ ។

លោក កែម ឡី មិន​អាច​ចាក​ចេញពី​ទី​នេះ​ដោយ​មិន​បាន​សង​លុយ និង​ថាស និង​មិន​បាន​សុំ​ទោស​នាង​ទេ ។ ទីបំផុត លោក​សម្រេចចិត្ត​ថា ត្រូវ​តែ​ចុះ​នៅ​ទី​នេះ​សិន ដើម្បី​ស្វែងរក​នាង ។ លោក​បាន​សាកសួរ​គេឯង ។ នៅ​ពេល​ដែល​ស្ងប់​ពី​ការ​រវល់​លក់ ទើប​អ្នកលក់​មានឱកាស​ស្តាប់​សំណួរ​របស់​កំលោះ កែម ឡី ។ គេ​បាន​ប្រាប់​លោក​ថា នាង​មិន​មាន​អ្នក​ណា​ធ្វើបាប​ធ្វើ​កម្ម ឬ​ក៏​ខាតចុងខាតដើម​អ្វី​ទេ ។ ព្រឹក​នេះ​នាង​ជាប់​រៀន ទើប​នាង​ខក​ខានមិនបាន​មក​លក់ ។ បានឮ​ដំណឹង​នេះ កំលោះ កែម ឡី ក៏​ស្ងប់​អារម្មណ៍​ណាស់​ដែរ ។ លោក​បាន​សួរ​ដឹង​ពី​ផ្ទះ​របស់​ម្ចាស់​ថាស រួច​ក៏​ស្កាត់​ទៅ​ជួប​អាណាព្យាបាល​នាង ប្រគល់​ទាំង​ថាស និង​ប្រាក់​សំណង​ដល់​ម្តាយ​នាង ។

ចាប់ពី​ពេល​នោះ​មក លោក​ក៏​នៅ​តែ​បន្ត​ទំនាក់ទំនង​រហូត​ដល់​ចូល​ស្តីដណ្តឹង​នាង​ជា​ភរិយា​រហូត​មក ៕