ប៉េកាំងព្រមានប្រទេសក្នុងតំបន់”មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន”

ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីបង្កើតតំបន់ការពារគ្រប់គ្រងដែនអាកាស ក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។

បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញ សំឡេងក៏ដោយក៏នៅក្នុងសៀវភៅរបស់រដ្ឋាភិបាលចិនដែលបានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដា ថា ចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហានប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់។

រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ការណ៍ដែលចិនបង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺយើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមានសិទ្ធិ ក្នុងការធ្វើដែរឬទេ? ហើយយើងត្រូវការ ADIZ នៅទីនោះដែរឬទេ ?ទាំងអស់នោះអាស្រ័យទៅលើផលប្រយោជន៍របស់ចិនរងការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។

ចិនបានប្រកាសទៀតថា ប្រទេសដទៃ ទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិន ហើយសង្ឃឹមថា ប្រទេសទាំងអស់នោះនឹងសហការជាមួយចិន ដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែនសមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយ ទីនេះឲ្យទៅជាទីលានសមរភូមិនោះឡើយ។

ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិនបានផ្សាយថា ចិននឹងធ្វើគ្រប់យ៉ាងដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននិងផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាងត្បូង។

ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុសទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ីរបស់អាមេរិក ។ ស្ថានទូតចិននៅ អាមេរិកបានប្រកាសថា ការប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការ ដើម្បីដាក់គំនាបទៅលើប្រទេសចិននិងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សាទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងចិននឹងប្រទេសដែលមានវិវាទ។

ពាក់ព័ន្ធនឹងករណីនេះដែរហ្វុីលីពីនបានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូងដូចដែលបានលើកឡើងឡើយ។ នេះគឺជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការបរទេសហ្វុីលីពីន លោក Perfecto Yasay កាលពីថ្ងៃអង្គារ។ សម្រាប់លោក Perfecto Yasay សេចក្ដីសម្រេចរបស់តុលាការដូច្នេះ គឺជាជំហានប្រវត្តិសាស្ត្រដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ។ លោក Perfecto Yasay បានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំរបស់ ហ្វុីលីពីនក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ បើតាមប្រមុខការទូតដដែលរបស់ហ្វុីលីពីនក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង បន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

ជាការពិតជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើុយ ។ ប៉ុន្តែយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបាននាំគ្នាចេញមុខធ្វើអន្តរាគមន៍ដោយស្នើឲ្យចិនក៏ដូចជាហ្វុីលីពីនគោរពតាមសេចក្តីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលទីក្រុងឡាអេ ។ ការមិនអើពើមិនទទួល ស្គាល់ ឬមិនគោរពតាមសេចក្តីសម្រេចនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការរំលោភលើច្បាប់និងនីតិវិធីអន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

ប៉េកាំងព្រមានប្រទេសក្នុងតំបន់”មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន”

ប៉េកាំងព្រមានប្រទេសក្នុងតំបន់”មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន”

ប្រភព៖ nokorwatnews

  • ប៉េកាំងព្រមានប្រទេសក្នុងតំបន់”មិនត្រូវប្រើប្រាស់ការប្តឹងគំរាមចិន”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/15  Category:ជីវិតនិងសង្គម
Tags: