Schalke ត្រៀមទទួលសំណើដេញថ្លៃ៣៥លានផោនសម្រាប់ Sane ពី Man City

Schalke កំពុងតែរំពឹងទុកថា នឹងទទួលបានសំណើដេញថ្លៃក្នុងទឹកប្រាក់ប្រមាណជា៣៥លានផោន (ស្មើនឹង៤៧លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធ Leroy Sane ពីក្លិប Manchester City នៅសប្តាហ៍ក្រោយ។ កីឡាករវ័យ២០ឆ្នាំរូបនេះ ដែលបានស្ថិតក្នុងរ៉ាដារបស់ក្លិប Man City ចាប់តាំងពីឆ្នាំ២០១៣នោះ ពិតជាចង់ផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ប៉ុន្តែ Schalke សង្ឃឹមថា នឹងទទួលបានតម្លៃខ្លួនជតិ៤៥លានផោន សម្រាប់កីឡាករម្នាក់ដែលបានធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្រុមអាល្លឺម៉ង់ នៅពេលប្រកួតជាមួយនឹងបារាំង កាលពីឆ្នាំមុន។
Schalke-braced-ft16

Sane ត្រូវបានចាត់ទុកថា ជាកីឡាករដ៏មានទេពកោសល្យបំផុតក្នុងជំនាន់របស់គេនៅប្រទេសអាល្លឺម៉ង់ និងជាប្រភេទកីឡាករដែលលោក Pep Guardiola អ្នកចាត់ការទូទៅថ្មីរបស់ Man City ចង់បានក្នុងក្រុមរបស់លោក។ ជាមួយនឹងការមានល្បឿនលឿន និងពោរពេញដោយទេពកោសល្យ Sane ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ Euro ឆ្នាំ២០១៦ ប៉ុន្តែ បានចូលលេងត្រឹមតែ១១នាទីប៉ុណ្ណោះនៅពេលប្រកួតជាមួយនឹងបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលអាល្លឺម៉ង់ ចាញ់ ២-០។

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Schalke កាលពីខែមេសា ឆ្នាំ២០១៤ និងបានរកគ្រាប់បាល់បញ្ចូលទី១១គ្រាប់ ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ៤៧លើកសម្រាប់ក្លិបនេះ។ Manchester City បានចុះហត្ថលេខារួចជាស្រេចជាមួយនឹងខ្សែបម្រើ Ilkay Gundogan ពីក្លិប Borussia Dortmund ខ្សែបម្រើស្លាប Nolito ពីក្លិប Celta Vigo និងខ្សែបម្រើ Oleksandr Zinchenko ពីក្លិបអ៊ុយក្រែន FC Ufa នៅរដូវក្តៅនេះ៕

ប្រភពព័ត៌មាន៖ The Guardian