អាវុធហត្ថ​រាជធានី ​បើក​ការ​ស្រាវជ្រាវ​ដើម្បី​បន្ត​តាម​ចាប់ខ្លួន​មេខ្លោង​ធំ​ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន

អាវុធហត្ថ​រាជធានី ​បើក​ការ​ស្រាវជ្រាវ​ដើម្បី​បន្ត​តាម​ចាប់ខ្លួន​មេខ្លោង​ធំ​ ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន



ភ្នំពេញ​ ៖​ មន្ត្រី​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ​ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ​​ថា​កម្លាំង​អាវុធហត្ថ​ជំនាញ​ បាន​បើក​ការស្រាវជ្រាវ​ ដើម្បី​បន្ត​តាម​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន ​យក​ផ្ដន្ទាទោស​តាមច្បាប់ ​បន្ទាប់ពី​នៅ​យប់​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​​​វេលា​ម៉ោង​១៩និង៣០​នាទី កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៃ​រាជធានី​ភ្នំពេញ ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជឹម ឬ​ទ្ធី ស្រាវជ្រាវ​បង្ក្រាប​បាន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍សែន​ជ័យ។

មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្ត​ថា​ ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ឈ្មោះ តូច សំអាត អាយុ ៣៩​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤ ភូមិ​ចោមចៅ ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ​ដោយ​​ចាប់​យក​វត្ថុ​តាង​ម្សៅ​ក្រាម​ស​ថ្លា​៣​កញ្ចប់​(​ធំ​ល្មម​១ ​តូច២)។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​អាវុធហត្ថ ជនល្មើស​បាន​សារភាព​ចង្អុលបង្ហាញ ពី​ទីតាំង​មេខ្លោង​របស់ខ្លួន នៅ​បន្ទប់​ជួល​លេខ​៩​ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជាមួយ គ្នា​នោះ​ដែរ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជឹម ឬ​ទ្ធី ​​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ប៉ាន់ សុភាព និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង សៀង សុខ បាន​ចុះទៅ​ហ៊ុមព័ទ្ធ ទីតាំង​មេខ្លោង​ភ្លាម​ផងដែរ ប៉ុន្តែ​ពេល​កម្លាំង​អាវុធហត្ថ​ទៅដល់​ជនសង្ស័យ​ ដែលជា​មេខ្លោង​បាន​គេចខ្លួនបាត់ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានសម្រេច​គាស់​បន្ទប់​ឆែកឆេរ​រក​ឃើញ​៖
១-​អាវុធខ្លី​១ដើម​ម៉ាក​k54​បង់១គ្រាប់​ ចំនួន​៦​គ្រាប់​។​
២-​ម្សៅ​ក្រាម​ស​​ថ្លា​៣​កញ្ចប់ ទម្ងន់​ជិត​១​គីឡូក្រាម​
៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២
៤-​ស្លាក​លេខ​ម៉ូតូ​២
៥-​ប្រដាប់​កឹប​ស្លាក​លេខ១
៦-​ថង់​ច្រក​គ្រឿងញៀន​មួយចំនួនធំ​
៧-​ដប​ជក់​គ្រឿងញៀន​២

បច្ចុប្បន្ន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​បន្ត និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ៕