សមត្ថកិច្ច​ ធ្វើ​ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល ដើម្បី​សុវត្ថិភាព និង​សន្តិសុខ នៅ​ពេល​យប់​

សមត្ថកិច្ច​ ធ្វើ​ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល ដើម្បី​សុវត្ថិភាព និង​សន្តិសុខ នៅ​ពេល​យប់​



កំពង់ឆ្នាំង ​៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ចេញ​នូវ​គោលការណ៍​ឲ្យ​ស្នង​ការ​នគរបាល​ខេត្ត និង​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រឹតបន្តឹង​នូវ​ការពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពិនិត្យ​ជាតិ​អាល់កុល​ពេល​យប់ ដើម្បី​ធានា និង​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ទប់ស្កាត់​ចោរកម្ម និង​ក្មេង​ទំនើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ដូចនេះ​នៅ​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​ចម្រុះ​ប្រមាណ​ជិត​៣០​នាក់ មកពី​ការិយាល័យ​អាវុធជាតិផ្ទុះ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល​នៅ​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​ក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង។

លោក កែវ ឈុន នាយការិយាល័យ​អាវុធ​ជាតិ​ផ្ទុះ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ តាម​គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម​អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​លុបបំបាត់​ឲ្យ​អស់​នូវ​ការប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់ គិត​ទាំង​ដាវ កាំបិត ពូថៅ ឬ​សម្ភារៈ​ដែល​អាច​ដាក់​ជាប់​ខ្លួន​បាន​ ហើយ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ។

តាម​គោលការណ៍​របស់​ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ឆ្នាំង ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ ត្រូវ​ធ្វើ​ឡើង​៣​លើក ​ក្នុង​១​សប្ដាហ៍​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បទល្មើស​បង្ករ​បួស​ស្នាម ​ឲ្យ​មាន​ការ​ថយ​ចុះ។

ដោយសារ​កិច្ចប្រតិបត្តិការ​ខាង​លើ​នេះ ទាំង​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ទាំង​នៅ​គ្រប់​ស្រុក​ទាំង​៧​ទៀត​ បាន​ធ្វើ​ព្រមៗ​គ្នា​តាម​គោលការណ៍​របស់​ខេត្ត គឺ​នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៦​នេះ ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មានការ​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ឆមាស​ទី​១ ​ឆ្នាំ​២០១៥​។​

លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​វិញ​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេល​យប់ គឺ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​ស្លាប់ និង​របួស​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នៅ​ពេល​យប់ ហើយ​បើសិនជា​សមត្ថកិច្ច​រក​ឃើញ​ថា អ្នកបើកបរ​មាន​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មិល្លីក្រាម​ ក្នុង​១​មីលីលីត្រ​ខ្យល់​ឡើង​ទៅ ​តាមច្បាប់ គឺ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

តាម​របាយការណ៍​ជាក់ស្ដែង ក្រោយពី​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​ពេលយប់​កន្លង​មក ពិនិត្យ​ឃើញ​ថា អ្នកបើកបរ​ស្រវឹង​នៅពេល​យប់ មានការ​ថយចុះ​ ព្រោះតែ​ខ្លាច​សមត្ថកិច្ច​ចាប់​ផាក​ពិន័យ ហើយ​អត្រា​អ្នក​គ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​យប់​ក៏​មាន​ការ​ថយ​ចុះ​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ផង​ដែរ​។​

ដោយឡែក​ លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ក៏​សំណូមពរ​ផង​ដែរ​ដល់​នគរ បាល​ចរាចរណ៍​នៅ​គ្រប់​ស្រុក​ទាំងអស់ ត្រូវតែ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​ពេល​យប់​ឲ្យ​បាន​ទាំងអស់គ្នា​ តាម​គោលការណ៍​ដែល​លោកស្នងការ​ខេត្ត​បាន​ដាក់​ចុះ និង​ធ្វើការ​ផាក​ពិន័យ​អ្នក​ស្រវឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​អ្នក​ស្រវឹង។

ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​ធ្លាប់​បាន​អំពាវនាវ​ជា​ញឹកញាប់​នៅ​តាម​អង្គប្រជុំ វេទិកា​ប្រជុំ​ផ្សេងៗ​ នៅ​តាម​ស្រុក និង​នៅ​ក្នុង​ខេត្ត សំណូមពរ​ដល់​អ្នក​បើក​បរ​យានយន្ត​ទាំង​អស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង កុំ​បើកបរ វ៉ា​ ឬ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ត្រូវ​ចេះ​ស្រឡាញ់​អាយុជីវិត​អ្នកដទៃ​ស្មើ​ជីវិត​ខ្លួន ជាពិសេស​គឺ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ទើប​អាច​កាត់បន្ថយ​បាន​នូវ​អត្រា​ស្លាប់ និង​របួស​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​បាន​។​

ដោយឡែក​ ចំពោះ​ក្មេង​ទំនើង​ដែល​ដើរលេង​ពេលយប់ មាន​ដាវ កាំបិត ពូថៅ ដែល​ជា​គ្រឿង​ប្រហារ បង្ក​គ្រោះថ្នាក់​ដល់​សង្គមជាតិ ​គឺ​ត្រូវតែ​ចាប់ដក​ហូត​ទុក ដើម្បី​បង្ការ ​និង​ទប់​ស្កាត់​បទល្មើស​កុំ​ឲ្យ​កើតមាន និង​រក្សា​សន្តិសុខ​នៅ​ក្នុង​ខេត្ត​ឲ្យ​មាន​សុវត្ថិភាព​ល្អ​ជូន​ប្រជាពលរដ្ឋ៕
សមត្ថកិច្ច​ ធ្វើ​ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល ដើម្បី​សុវត្ថិភាព និង​សន្តិសុខ នៅ​ពេល​យប់​

សមត្ថកិច្ច​ ធ្វើ​ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល ដើម្បី​សុវត្ថិភាព និង​សន្តិសុខ នៅ​ពេល​យប់​