អាជ្ញាធរខេត្ត​ព្រះសីហនុ អសមត្ថភាព​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​

​រឿងរ៉ាវ​ជម្លោះដីធ្លី​ជាច្រើន​ករណី​ក្នុង​ខេត្ត​ព្រះសីហនុ បានអូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​តាំងពី​ជំនាន់​លោក ឈិ​ត សុខុន កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ រហូតដល់​ជំនាន់​លោក យន្ត មីន កាន់តំណែង​ជា​អភិបាលខេត្ត​នេះ គឺ​មិនទាន់មាន​សមត្ថភាព​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​ពួកគាត់​មាន​ដីធ្លី​ទីជម្រក​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិ​ញ្ជឹ​ម​ជីវិត​។ ដោយហេតុ​ថាបើ​ជម្លោះដីធ្លី​នៅតែ​អូសបន្លាយ​គ្មាន​ដំណោះស្រាយ​តទៅទៀត​នោះ គឺ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ តំណាង​សហគមន៍​និង​ប្រជាពលរដ្ឋ​ចំនួន​១៩​សហគមន៍ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​សាលាខេត្ត ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ព្រះសីហនុ សូម​ឲ្យ​ជួយ​ព​ន្លឿ​ន​ដំណោះស្រាយ​ដល់​ពួកគាត់​។ នៅក្នុង​ឱកាស​នោះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ប្រជាពលរដ្ឋ​ចូលជួប​ពិភាក្សា​ដោយផ្ទាល់​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការដោះស្រាយ​យ៉ាងណា​នោះ មិនទាន់​អាច​សន្និដ្ឋានបាន​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​នេះ ដោះស្រាយ​ជម្លោះដីធ្លី​នៅក្នុង​សហគមន៍​ទាំង​១៩​ឲ្យ​បាន​ឆាប់​ធ្វើយ៉ាងណា​កុំ​ឲ្យ​មន្ត្រីជាន់ខ្ពស់ អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តាម​អំពើ​ចិត្ត​ទៀត​។

​អ្នកសង្កេតការណ៍​មួយចំនួន​បានលើកឡើង​ថា រាល់​ការប្ដេជ្ញាចិត្ត​របស់លោក យន្ត មីន ក្នុងការ​ដោះស្រាយ​ទំនាស់​ដីធ្លី ក៏ដូចជា​សន្យា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​គម្រប​ព្រៃឈើ និង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នាពេល​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ហើយ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ជាពិសេស​ករណី​ជម្លោះដីធ្លី​ច្រើន​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ គឺ​តំណាង​សហគមន៍​និង​ប្រជាពលរដ្ឋ​បាន​តវ៉ា​មុខ​សាលាខេត្ត​ជាច្រើនលើក​មកហើយ ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ ប៉ុន្តែ​ពុំមាន​លទ្ធផល​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទីជម្រក និង​មាន​ដីធ្លី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​៕

governor-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ Untitled-1-20