បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​យូរៗ​ម្តង​ទើប​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បង្ក្រាប​យក​ស្នាដៃ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ឈើ​របស់​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ចេះ​បែងចែក​ផលប្រយោជន៍​នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​។

កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រីនគរបាល​ស្រុក​ភ្នំក្រវាញ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ប្រមាណ​ជិត​២០​នាក់​បាន​សហការគ្នា​ចុះបង្ក្រាប​ឈើ​អារ​រួច​ដែល​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ​មុនពេល​ដឹកជញ្ជូន​ទៅ​ចែកចាយ​បន្ត​។ សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​បង្ហើ​ប​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ឈើ​អារ​រួច​នេះ ធ្វើឡើង​ចំណុច​អូរ​តា​ឡី ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​ជា​ឈើ​ប្រភេទ​លេខ​១ លេខ​២ ដោយ​មិនទាន់​វាស់វែង​បរិមាណ​នៅឡើយ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​នេះ​ត្រូវ​ឈ្មួញ​ដឹក​ចេញពី​ព្រៃ​តាម​តំបន់​នានា​មក​លាក់ទុក​មុនពេល​ចែកចាយ​បន្តទៅ​កន្លែង​ផ្សេង​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​ឈ្មួញ​ម្ចាស់​ឈើ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល​ស្រុក​ភ្នំក្រវាញ និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់​ជាមុន​នោះ ប្រហែលជា​ពុំមាន​ការបង្ក្រាប​ឡើយ​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ឈ្មួញ​មួយចំនួន​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​ក្រគរ ស្រុក​បាកាន ក្រុង​ពោធិ៍សាត់ និង​មួយផ្នែក​ទៀត​យកទៅ​ចែកចាយ​ដល់​ខេត្តបាត់ដំបង​។ មានន័យថា សមត្ថកិច្ច​បង្ក្រាប​ឈ្មួញ​ឈើ​ដោយ​រើសមុខ​ព្រោះ​អ្នក​ដែល​ចេះ​បែងចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​តែង​រួច​ផុតពី​ការបង្ក្រាប ចំណែក​ឈ្មួញ​ណា​ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​៕

1-13 4-8 3-9 2-12