​លោក អេង ឆៃអ៊ាង បញ្ជាក់ថា រាល់​ចំណាត់ការ​របស់​តុលាការ​ទៅលើ លោក កឹម សុខា គឺ​ខុសច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជាថ្មី​ម្តងទៀត​បាន​បញ្ជាក់ថា​រាល់​ចំណាត់ការ​របស់​តុលាការ​ទៅលើ លោក កឹម សុខា គឺ​ខុសច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​។ លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វាយតម្លៃថា​ចំណាត់ការ​របស់​តុលាការ​កន្លង​មកលើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ិ​វិល​មិនបាន​បំពេញការងារ​ស្របតាម​វិជ្ជាជីវៈ​របស់ខ្លួន​នោះទេ តែ​វា​មាន​រូប​ភាពជា​រឿង​នយោបាយ​ច្រើនជាង​។

ការបញ្ជាក់​របស់លោក អេង ឆៃអ៊ាង យ៉ាង​ដូច្នេះ​គឺ​កើតឡើង​ស្រប​ពេលដែល​តុលាការ​សាលាដំបូង​រា​ធានី​ភ្នំពេញ បានសម្រេច​ដាក់​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស​ទេ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បើទោះជា​តុលា​ការមិន​សម្រេច​ដាក់ លោក កឹម សុខា ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​ក៏​លោក​ប្រធានស្តីទី​មិន​រត់ចោលស្រុក​ដែរ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ គឺជា​បញ្ហា​ធំ​ក៏​ដោយសារតែ​អ្នកនយោបាយ​ខ្មែរ​ដែលមាន​អំណាច​នៅក្នុង​ដៃ​បាន​ប្រើប្រាស់​ស្ថាប័នរដ្ឋ​គាបសង្កត់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ពួកគេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង គឺ​ធ្វើ​ពី​រឿង​តូច​ឲ្យ​ក្លាយទៅជា​រឿង​ធំ ធ្វើ​ពី​រឿង​ស​ឲ្យ​ទៅជា​រឿង​ខ្មៅ ហើយ​ពួកគេ​ធ្វើ​ដូចនេះ​ក៏​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​ដោយ​មិន​ខ្វល់​ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ស្ថាប័នរដ្ឋ​មួយចំនួន​មិន​បំពេញការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះទេ ហើយ​ថែមទាំង​បណ្តែតបណ្តោយ​ឲ្យ​ស្ថាប័ន​របស់ខ្លួន​ក្លាយទៅជា​ឧបករណ៍​របស់​អ្នកនយោបាយ​មួយចំនួន​ទៀតផង​៕

13501965_1116726505058763_4447052617753306047_n