តំណាងរាស្ត្រ​អាមេរិក​ទូរស័ព្ទ​មក​លោក កឹម សុខា លើក​ទឹក​ចិត្ត​ឲ្យ​បក្ស​ប្រឆាំង​បន្ត​តស៊ូ

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  លើក​ទឹក​ចិត្ត​ដល់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ឲ្យ​បន្ត​ការ​តស៊ូ​របស់​ខ្លួន​បន្ថែម​ទៀត ខណៈ​មាន​ការ​គាបសង្កត់​ខាង​ផ្នែក​នយោបាយ និង​ខណៈ​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស​កំពុង​មាន​សភាព​តានតឹង។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ពី​ខាង​គណបក្ស​សង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែង​ជា​សាធារណៈ​ថា លោក អាឡាន់ ឡូវ៉ិនថល បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថា សហរដ្ឋអាមេរិក កំពុង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​អំពី​ស្ថានការណ៍​នៅ​កម្ពុជា។

លោក អាឡាន់ ឡូវ៉ិនថល ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​សេចក្ដី​សម្រេច​លេខ H.RES 728 ស្តីពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​សម្រេច​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថ្កោលទោស​គ្រប់​ទម្រង់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ ដាក់​ទណ្ឌកម្ម​កម្ពុជា នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​កើត​មាន​ឡើង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព​ខាង​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ការ​ធ្វើ​បាតុកម្ម ការ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​គាំទ្រ​ការ​កែទម្រង់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។