មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន

ភ្នំពេញៈ ព្រះតេជគុណមួយអង្គដែលត្រូវបានសាធារណជនស្គាល់ថាជាមិត្តស្និទ្ធស្នាល និងជាដៃគូពិភាក្សារឿងព្រៃឈើជាមួយលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់នាពេលថ្មីៗនេះអះអាងថាព្រះអង្គត្រូវបានជនមិនស្គាល់មុខមួយក្រុមតាមដានគំរាមកំហែងខណៈដែលព្រះអង្គនិមន្តទៅស្ថានទូតមួយនៅក្នុងរាជធានីភ្នំពេញ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាមិត្តស្និទ្ធស្នាលនឹងលោក កែម ឡី ក្នុងការពិភាក្សាវិធីសាស្ត្រថែទាំងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីថ្ងៃទី ១៣ មានជនមិនស្គាល់មុខមួយក្រុមប្រមាណ ៥ នាក់បានតាមដានព្រះអង្គទៅដល់ស្ថានទូតមួយក្នុងរាជធានីភ្នំពេញ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «ដោយយើងដឹងថាមានមនុស្សច្រើនបានតាមដានយើងពីក្រោយទើបព្យាយាមសម្រុកចូលក្នុងស្ថានទូតតែម្តងគេតាមរហូតជាប្រចាំ អាត្មាមិនខ្វល់ទេតាមអីតាមទៅតែអាត្មាសុំលាក់អាថ៌កំបាំងថាទៅស្ថានទូតណា»។ ព្រះតេជគុណបន្តថានឹងស្នាក់នៅក្នុងប្រទេសកម្ពុជាបើទោះដឹងថាមានគេតាមគំរាមកំហែង។

ព្រះអង្គថា៖ «យើងបានដឹងខ្លួនដែរមុននឹងសម្លាប់ កែម ឡី យើងបាននិយាយគ្នាល្ងាចថ្ងៃទី ៧ ថាគេមិនទុកយើងយូរទេគេនឹងសម្លាប់ហើយប៉ុន្តែយើងអត់មានជម្រើសមិនដឹងទៅណាព្រោះនេះជាប្រទេសយើងត្រូវតែខំប្រឹងធ្វើកិច្ចការល្អ»។ «តាមពិតអាត្មាចង់ទៅប្រទេសណាក៏រួចដែរមានសំបុត្រយន្តហោះ មានទិដ្ឋាការអស់ហើយតែអាត្មាតាំងចិត្តថាបើអាត្មាមិនងាប់ត្រូវធ្វើបុណ្យឱ្យ កែម ឡី បើអាត្មាងាប់ កែម ឡី ធ្វើបុណ្យឱ្យវិញ»។ បើទោះជាមានការគំរាមកំហែងតែព្រះអង្គថានឹងធ្វើដើម្បីប្រទេសជាតិ។

ប៊ុនតិញ ថា៖ «គ្មានបុគ្គលណាអួតថាមិនខ្លាចទេអាត្មាហ៊ានអួតថាអាត្មាខ្លាចប៉ុន្តែការងារដែលជាកាតព្វកិច្ចរបស់ពលរដ្ឋ ការងារប្រទេសជាតិអាត្មានៅតែធ្វើអត់មានរាថយទេព្រោះយើងចាំបណ្តាំ កែម ឡី ដើម្បីជួយប្រទេសបានទាល់តែយើងជាពលរដ្ឋសកម្មចូលរួមកិច្ចការសង្គមឱ្យបានច្រើនធ្វើខ្លួនជាមនុស្សល្អបានយើងជួយជាតិបាន»។

បន្ទាប់ពីមានឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គមនោះយុវជនបងប្អូនពីរនាក់ដែលស្និទ្ធនឹងលោក កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បានភៀសខ្លួនទៅក្រៅប្រទេសដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

ក្នុងហ្វេសប៊ុករបស់ Chum Hout និង Chum Hour បានបង្ហាញរូបភាពកោរសក់ទាំងពីរនាក់នៅលើយន្តហោះដោយសរសេរពាក្យ «មានតែខោអាវមួយសម្រាប់ពាក់ជាប់នឹងខ្លួនត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែងលាហើយកម្ពុជាអើយ»។

មុនពេលចេញដំណើរក្នុងហ្វេសប៊ុកបានសរសេរថា៖ «ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេហើយកំពុងតែនៅកន្លែងមួយ»។ បន្ទាប់ពីមានឃាតកម្មលើលោក កែម ឡី យុវជនទាំងពីរបានចេញមុខប្រាប់អ្នកសារព័ត៌មានថាមានគេតាមដានលោក កែម ឡី មុនមួយថ្ងៃដែលគេធ្វើសកម្មភាព។

លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃអាទិត្យក្នុងស្តារម៉ាតស្តុបបូកគោ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន

អគ្គ​លេខាធិការ​អ.ស.ប.​​ស្នើ​ឲ្យមាន​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ឥត​លម្អៀង​អំពី​ឃាត​កម្ម​លោក ​កែម ឡី​​

មិត្ត កែម ឡី ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន

សម្តេច​ម៉ែ​សន្យា​ជួយ​គ្រួសារ​លោក​កែម​ ឡី