ទំនិញ​នាំ​ចូល​ពី​ថៃ​ធ្លាក់​ចុះ ខណៈ​កម្ពុជា​មាន​លទ្ធភាព​ផលិត​ដោយ​ខ្លួនឯង

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​កម្ពុជា​មាន​រោងចក្រ​ផលិត​នូវ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​បាន​មួយ​ចំនួន ធ្វើ​ឱ្យ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជិតខាង​ត្រូវ​កាត់​បន្ថយ ។ ជាក់ស្តែង ក្នុង​រយៈពេល​៤​ឬ​៥​ខែ​ចុង​ក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​បាន​ធ្លាក់​ចុះ​ដោយសារ​កម្ពុជា​មាន​ទំនិញ​សក្តានុពល​មួយ​ចំនួន ហើយ​អាច​មាន​លទ្ធភាព​ផលិត​ដោយ​ខ្លួនឯង​បាន ។

លោក​ជំទាវ ជី​រ៉ា​ណា​ន់ វង្ស​មង្គល អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ទំនិញ​ពី​ថៃ​មក​កម្ពុជា មាន​ទឹកប្រាក់​១,៧​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​១៥% រីឯ​កម្ពុជា​នាំ​ទំនិញ​ទៅ​ថៃ​វិញ​មាន​៤៥៣​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ លោក​ជំទាវ​បញ្ជាក់​ថា ៖ « ជា​រួម ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ សរុប​មាន​ចំនួន​២,២​ប៊ី​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​២,៤​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​ជាង​៩% ។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ​នាំ​ចូល​ធ្លាក់​ចុះ​ពី​ជាង​១០០​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ មក​ជាង​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​២០១៦​។ ទន្ទឹម​នឹង​នេះ កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្ករស​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ខ្លួនឯង ដែល​រួមចំណែក​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ថៃ រួម​ទាំង​ស៊ីម៉ង់ត៍​ផង​ដែរ​» ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​មានការ​រីក​លូតលាស់​កាន់តែ​ទូលំទូលាយ និង​រឹង​មាំ​ជាង​មុន រួម​ទាំង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ និង​ប្រទេស​អភិវឌ្ឍន៍ ។ កម្ពុជា​ពី​ដើម​ឡើយ គឺ​ពឹង​អាស្រ័យ​តែ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង​ដូច​ជា​ថៃ និង​វៀតណាម ជាដើម ។ តែ​ឥឡូវនេះ លទ្ធភាព​កាន់តែ​ទូលំទូលាយ​ជាង​មុន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ផ្សេង​ទៀត មួយ​ផ្នែក​ដោយសារ​កម្ពុជា ជា​សមាជិក​អាស៊ាន និង​មួយ​ផ្នែក​ទៀត​ដោយសារ​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​ក្នុងស្រុក​ខ្ពស់ ។

អ្នកស្រី សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា ៖ « ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ចរន្ត​នៃ​ការ​ធ្លាក់​ចុះ និង​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម គឺ​វា​អាស្រ័យ​ទៅ​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់ » ។

អ្នកស្រី​មាន​ប្រសាសន៍​ថា កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ជា​កត្តា​មាន​ឥទ្ធិពល​មួយ​ចំពោះ​តម្រូវការ​ក្នុងស្រុក​ផង​ដែរ ។ នេះ​អាច​ជំរុញ​ឱ្យ​ពួក​គាត់​ងាក​ទៅ​រក​ការ​ទិញ​ទំនិញ​មានគុណ​ភាព​កាន់តែ​ប្រសើរ​ឡើង ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ប្រកប​មុខរបរ ។ កម្ពុជា​មាន​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម ដែល​អាច​ផលិត​ទំនិញ​មានគុណ​ភាព​ខ្ពស់​ជា​ច្រើន ហើយ​ទំនិញ​នាំ​ចូល​មក​កម្ពុជា​នោះ​ផ្តល់​ជម្រើស​ទាំង​តម្លៃ និង​គុណភាព ។ ទាំងនេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ឆ្ងាយ​ពី​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ទំនិញ​ពី​ប្រទេស​ថៃ ។

អ្នកស្រី​លើក​ឡើង​ដែរ​ថា ៖ « ជាមួយ​ប្រទេស​អភិវឌ្ឍន៍ ឬ​មហាអំណាច​សេដ្ឋកិច្ច កម្ពុជា​អាច​ទទួល​បានការ​អនុគ្រោះ​ពាណិជ្ជកម្ម ក្នុង​កម្រិត​អំណោយផល​មួយ​ដែល​អាច​ឱ្យ​ប្រទេស​យើង​នាំ​ចេញ​ទំនិញ​ដែល​មាន​ឬ​អាច​ផលិត​បាន​តាម​រយៈ​វិនិយោគ​បរទេស បើ​ទោះជា​យើង​ជា​ប្រទេស​មាន​ទំហំ​នាំ​ចូល​ក្នុង​កម្រិត​មួយ​ដ៏​ធំ​ក៏​ដោយ ។ ម្យ៉ាងទៀត សមត្ថភាព​ផលិត​ក្នុងស្រុក​របស់​កម្ពុជា ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង និង​រីក​លូតលាស់​ក្នុង​កម្រិត​មួយ​ល្អ​ដែរ ទោះជា​មិនមែន​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្តី » ។  

អ្នកស្រី​បន្ត​ថា ថៃ​ជា​ប្រទេស​សមាជិក​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ចំណាស់​មួយ របស់​កម្ពុជា ដោយសារ​តែ​ទីតាំង​ភូមិសាស្ត្រ ជា​ប្រទេស​ជិតខាង ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កំពុង​ដំណើរការ​ទៅ​មុខ ដោយ​ប្រទេស​ជា​សមាជិក​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ ដោយ​សេរី​ទាំង​ទំនិញ សេវា និង​វិនិយោគ ។ អ្នកស្រី​និយាយ​ថា ៖ « យើង​បើក​ទូលាយ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​លើ​ពិភពលោក ។ ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារសេរី កត្តា​មាន​ឥទ្ធិពល​ចម្បង គឺ​ទីផ្សារ​កម្ពុជា ដែល​ជា​អ្នក​កំណត់​កម្រិត​តម្រូវការ​ក្នុងស្រុក​របស់​កម្ពុជា ។ ការ​ផ្ត​ត់​ផ្គង់​តម្រូវការ​នេះ​តាម​រយៈ​ការ​នាំ​ចូល គឺ​អាស្រ័យ​លើ​អំណាច​ទីផ្សារ ។ ម្យ៉ាងទៀត បើ​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ចូល​ទៅ​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឬ​ប្រទេស​អភិវឌ្ឍន៍ នោះ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា ជា​ចំណែក​មួយ​នៃ​កម្លាំង​ច​លករ​ដែល​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​កម្ពុជា​នៅ​តែ​សកម្ម និង​កាន់តែ​ខ្លាំងក្លា​ឡើង » ។

អ្នកស្រី​បន្ថែម​ថា បើ​ទោះបី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ ក្តី តែ​វា​មិន​ស្ថិតស្ថេរ​ទេ ។ ទំហំ​ពាណិជ្ជកម្ម​អាច​នឹង​កើនឡើង​វិញ​អាស្រ័យ​លើ​លទ្ធភាព​ផ្គត់ផ្គង់​ពី​ពាណិជ្ជកម្ម​ថៃ​មក​កម្ពុជា ដោយ​អាច​បំពេញ​តាម​តម្រូវការ​ផ្នែក​ណាមួយ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ដែល​អាច​កើត​មាន​ឡើង​នា​ពេល​ក្រោយ​ទៀត​ក៏​ថា​បាន ។ អ្នកស្រី​និយាយ​ថា ៖ « ជា​ធម្មតា ទំហំ​ពាណិជ្ជកម្ម​តែងតែមាន​ឡើង​ចុះ ឬ​ថេរ​ក្នុង​មួយ​រយៈពេល តែ​មិន​អាច​ស្ថិត​ក្នុង​ស្ថានភាព​ណាមួយ​ទ្រឹង​រហូត​ទេ ។

សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​កម្ពុជា​មាន​ប្រមាណ​១៥​លាន​នាក់ នៅ​ឆ្នាំ​២០២០ ចំនួន​ប្រជាពលរដ្ឋ​នឹង​កើនឡើង ហើយ​ទីផ្សារ និង​សមត្ថភាព​ផលិត​ក្នុងស្រុក​នឹង​កាន់តែ​រីក​ធំ​ឡើង។ កម្ពុជា​គ្មាន​គោលនយោបាយ​កំណត់​ចំនួន​កូន​នោះ​ទេ ។ ខ្ញុំ​គិត​ថា ទំហំ​ពាណិជ្ជកម្ម​អាច​ឈាន​ដល់​១៨​ប៊ី​លាន​ដុល្លារ ឬ​ក៏​លើស​ផង​ក៏​មិនដឹង » ៕