អាសូរ! ឡើង​បេះ​ត្នោត​លក់ ស្រាប់​តែ​វិលមុខ​​​ធ្លាក់​​ដី​

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍ប​ឋមឱ្យដឹងថា បុរសម្នាក់​​បាន​ធ្លាក់​ពីលើ​ដើមត្នោត​​កម្ពស់​១៥ម៉ែត្រ បណ្តាលឱ្យ​រងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ ​បន្ទាប់ពីឡើង​ទៅ​បេះផ្លែត្នោត​ដើម្បីទុកលក់ តែ​ជាអកុសល​គាត់​វិល​មុខ មិនអាចទប់​​ជំហរ​បាន ក៏ធ្លាក់​ចុះមកដី​តែម្តង ដែល​ហេតុ​ការណ៍នេះ កើតឡើង​​កាលពីវេលាម៉ោង​០៩ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០១៦ ស្ថិតត្រង់ចំណុច​ភូមិ​ព្រៃទីទុយ សង្កាត់​​ព្រៃ.ស ខណ្ឌ​ដង្កោ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​​ឈ្មោះ​វៃ វិន អាយុ​២៩​ឆ្នាំ ជា​កម្មកររោងចក្រ មានប្រពន្ធ​ឈ្មោះ​ដាច់ លក្ខិណា អាយុ​ជាង២០ឆ្នាំ ​មាន​កូន​៣នាក់ ពួកគេមានទីលំនៅក្នុងផ្ទះជួល​ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា ការពិត បុរសរងគ្រោះ​​គឺជាកម្មកររោងចក្រ​ទេ តែ​ថ្ងៃនេះ​ គាត់បានសុំច្បាប់​សម្រាក​ ដើម្បីទៅធ្វើប័ណ្ណ​​អ្នកក្រីក្រ តែ​​គេ​មិន​ដឹងថា គាត់​ហើយ ឬមិនហើយនោះទេ ។ លុះនៅវេលាកើតហេតុ គាត់ក៏​​ឡើងទៅលើដើម​ត្នោត ​ដើម្បីបេះផ្លែ​ទុកឱ្យប្រពន្ធ​លក់ ដើម្បី​បានកម្រៃ​ចិញ្ចឹមគ្រួសារ ។

លុះគាត់ឡើង​ជិត​ដល់​គល់ត្នោត ​ស្រាប់​តែគាត់​វិលមុខ​ខ្លាំង ក៏​សម្រូតចុះដីវិញដោយមិន​អាចទប់ជំហរបាន​ ក៏របូតដៃ​ធ្លាក់​ចុះ​មកក្រោមចូល​ក្នុងថ្លុកទឹកមួយបណ្តាលឱ្យរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​ទៅមន្ទីរពេទ្យរុស្ស៊ី ។