​ផ្អើលឈូឆ! ​ឃើញសព​មនុស្ស​ពាក់មួក​​សុវត្ថិភាព

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ដល់​​ប្រជាពលរដ្ឋ​ក្នុងភូមិ ​និង​​អ្នក​​ធ្វើ​ដំណើរ ខណៈ​​ពួក​គាត់​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង ដោយ​មាន​​ពាក់​មួយ​សុវត្ថិភាពទៀត​ កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង​លេខ​​១៩៦២ ក្នុងភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដោយ​​​សង្ស័យ​​ថា អាច​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​​គេ​ស្គាល់ឈ្មោះ​សឹម អាយុ​ប្រហែល​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​សង់ C125 ស៊េរី​ឆ្នាំ​២០១៥ មាន​ពាក់​ស្លាក​លេខ​1Q-9501 ដួល​ក្បែរ​កន្លែងកើតហេតុ​​ ។

បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​​ថា ជន​រង​គ្រោះ​អាច​ស្រវឹង​ស្រា ព្រោះ​នៅ​ជិត​សាកសព​ ក៏​ឃើញ​មាន​កំប៉ុង​ស្រា​បៀរ​ អាច​ជិះ​​ម៉ូតូ​មក ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ប្រឡាយ​លង់​ស្លាប់​ ​ទាំង​មួក​សុវត្ថិភាព​តែ​ម្តង ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ និង​រក​ក្រុមគ្រួសារ​​ ។