អង្គុយញ៉ាំបង្អែម​ឱ្យ​ត្រជាក់ចិត្ត បែរជា​ក្តៅចិត្ត​ផ្ទុះប្រាវ​

ខេត្ត​បាត់​ដំបង ៖ គ្រាន់តែ​អង្គុយ​ហូប​បង្អែម​​សម្លឹង​មើល​មុខ​​ចុះឡើង ផ្ទុះ​កំហឹង​យកកាំបិត​កាប់គ្នា​​ បណ្តាល​​​ឱ្យ​​រង​របួស​ធ្ងន់​២​នាក់​ ​​រីឯ​​ជន​​បង្ក​​បាន​រត់​ចោល​ម៉ូតូ​ ដែលហេតុការណ៍នេះ​​ កើត​ឡើង​កាលពី​វេលា​ម៉ោង០​៩ និង៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ​កក្កដា ២០១៦ ស្ថិត​​​​ក្នុង​ភូមិ​ពោ​ធិ៍​​១ ឃុំ​​គារ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ​។

​ប្រភពឱ្យ​ដឹថា ភាគី​ដែល​​ចាញ់​​រហូត​ធ្ងន់​២​នាក់​នោះ ១-​​ឈ្មោះ​ផល សុ​គន់ អាយុ​១៩​ឆ្នាំ​ រង​របួស​ដៃស្ដាំ និង២-​​ឈ្នោះ​ធា សុ​ភិន អាយុ​២២​ឆ្នាំ ​របួស​ជើង ​ពួក​គេ​រស់នៅ​​ក្នុងភូមិ​របស់​មង្គល ឃុំ​របស់​មង្គល ស្រុក​មោង​ប្ញ​ស្សី ​។ រីឯ​ជន​ដៃដល់​​​ដែល​មាន​គ្នា​២​នាក់​​ដែរ​នោះ មិន​ត្រូវ​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទាំង​យប់​ភ្លាម​ៗ​ដែរ តែ​​​បន្សល់​ទុក​ម៉ូតូ​ម៉ា​កវី​វ៉ា​កញ្ចាស់​អត់​ស្លាក​លេខ​មួយ​គ្រឿង​ នៅ​កន្លែង​កើតហេតុ​ ។

សមត្ថកិច្ច​​​បញ្ជាក់​ថា ពេល​ប៉ះ​ទ​ង្កិ​ច​គ្នា​នោះ ​គឺ​ភាគី​ទាំង​២​បាន​អង្គុយ​ហូប​បង្អែម​ក្បែរ​គ្នា​ក្នុង​តូប​មួយ​កន្លែង ហើយ​មើល​មុខ​គ្នា​និយាយ​ឌឺដង​​ចុះឡើង​! ក៏​ផ្ទុះ​ហិ​ង្សា​តែ​ម្ដង​ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​​ថា ភាគី​ម្ខាង​ៗ​មា​នគ្នា​២​នាក់​​ដូច​គ្នា តែ​ភាគី​ដែល​រង​របួសធ្ងន់ ហាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ពេល​កំពុង​អង្គុយ​ហូប​បង្អែម​។ ប្រភព​ដដែល​បន្ត​ថា ពេល​កំពុង​អង្គុយ​ហូប​បង្អែម​នោះ គេ​ឃើញ​ភាគី​ខាង​រង​គ្រោះ​ ចេះ​តែ​សម្លឹង​មើល​មុខ​ភាគី​ជន​ដៃដល់ ហើយ​ថែម​ទាំង​និយាយ​ឌឺដង​ដដែល​ៗ​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​ជន​ដៃដល់​ ទ្រាំ​មិន​បាន​ ក៏​ទាញ​កាំបិត​កាប់​ប្រាវ​ផ្អើល​ទាំង​អ្នកលក់ ទាំង​អ្នកទិញ​តែ​ម្ដង ​។

មន្ត្រី​​អាវុធហត្ថ​បញ្ជាក់​​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​​ស្រុក​មោង​ប្ញ​ស្សី ​ដែល​នៅ​ក្បែរ​នោះ​​​ដែរ រីឯ​ម៉ូតូ​ជន​ដៃដល់​ ត្រូវ​មន្ត្រី​នគរបាល​ស្រុក​យក​ទៅ​រក្សា​ទុក ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​ ។