បទល្មើស​នាំចូល​ត្រី​ខូចគុណភាព​តាម​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន កើតឡើង​ឥតឈប់ឈរ​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រកព្រំដែន​អូរ​រំដួល ស្រុក​ភ្នំព្រឹក និង​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​បទល្មើស​នាំចូល​ត្រី​ខូចគុណភាព​កំពុង​កើនឡើង​យ៉ាងគំហុក ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ត្រី​ខូចគុណភាព​ទាំងនោះ​ត្រូវបាន​លក់​ចែកចាយ​លើ​ទីផ្សារ​តាម​បណ្ដា​ស្រុក​នានា និង​នៅ​ក្រុង​បាត់ដំបង​យ៉ាង​អនាធិបតេយ្យ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ផងដែរ​។ ជាងនេះទៅទៀត​ត្រី​ខូចគុណភាព​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ផលិត​ជា​ណែម ជា​សង្វាក់ និង​ប្រហិត នៅក្នុង​ខេត្តបាត់ដំបង ហើយ​មានការ​ចែកចាយ​យ៉ាង​ពេញបន្ទុក​តែម្តង ដូច្នេះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​ភ្នំ​ដី ឬ​ច្រក​គីឡូ​លេខ​១៣ ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ ទំនិញ​ជាច្រើន​ប្រភេទ​ជាពិសេស​ត្រី​ខូចគុណភាព​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​តាម​រទេះ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​។ សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន ជាពិសេស​មន្ត្រី​កាំកុងត្រូល មិន​ត្រួតពិនិត្យ​គុណភាព​ត្រី​ដែល​ឈ្មួញ​នាំចូល​នោះទេ ហើយ​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដូចជា សាច់ជ្រូក សាច់មាន់ និង​ប្រហិត​ខូចគុណភាព ក៏​ឈ្មួញ​អាច​នាំចូល​និង​ដឹកជញ្ជូន​ទៅ​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង យ៉ាង​រលូន​ផងដែរ​។ បញ្ហា​នេះ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរពិនិត្យមើល​ខ្លះ​ផង​ព្រោះ​ទំនិញ​ជា​គ្រឿងឧបភោគ​បរិភោគ​ទាំងនោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ត្រី​ខូចគុណភាព សាច់មាន់ ជង្គង់​មាន់ ឆ្អឹង​មាន់ សាច់ជ្រូក និង​ប្រហិត ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​រាប់​តោន​ជា​រៀងរាល់ថ្ងៃ​ដោយមាន​ការបើក​ដៃ​ពី​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​នាំ​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​បានឡើយ​។ ហេតុនេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើនេះ​ជាបន្ទាន់​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​អ្នក​ទទួលទាន​ឡើយ គឺ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​៕

fish1 fish