មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា​ឧ​ត្ត​ម​គតិ និង​មនសិការ របស់លោក កែម ឡី មិន​ស្លាប់​ដូច​ជីវិត​គាត់​ឡើយ​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់​នៅថ្ងៃនេះ​ថា​ការតស៊ូ​របស់លោក​បណ្ឌិត កែម ឡី តាំងពីដើម​រៀងមក​មិន​សាបសូន្យ​នោះទេ ហើយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​អ្នកស្នេហាជាតិ​នឹង​ចងចាំ​ទុក​នូវ​គំរូ​វីរភាព​របស់លោក​បណ្ឌិត កែម ឡី ដែល​បាន​ចូលរួម​វិភាគទាន​ដ៏​សំខាន់​ក្នុង​បុព្វហេតុ​ជាតិ ពិសេស​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​លោក អេង ឆៃអ៊ាង ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​គោរព​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី នៅថ្ងៃនេះ​បានបញ្ជាក់​ថា បន្តិចទៀត​រូប​កាយ​លោក​បណ្ឌិត កែម ឡី នឹង​ឃ្លាតឆ្ងាយ​ពី​ពួកយើង​ជា​រៀងរហូត តែ​វីរភាព​និង​មនសិការ ឧ​ត្ត​ម​គតិ​របស់លោក​បណ្ឌិត កែម ឡី នឹង​ស្ថិតនៅក្នុង​ចិត្តគំនិត​ពួកយើង​ជានិច្ច  ពិសេស​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

​គួរ​បញ្ជាក់ថា លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ និង​សង្គម​ឯករាជ្យ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ឃាតក​ចូល​បាញ់សម្លាប់ ខណៈ​លោក​អង្គុយ​ទទួលទាន​កាហ្វេ នៅក្នុង​ស្តារ​ម៉ា​តនៃ​ស្ថានីយ៍​សាំង​កាល់​តិច ស្តុ​ប​បូកគោ កាលពី​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតក​បាញ់​ចំនួន​២​គ្រាប់​ដោយ​១​គ្រាប់​ចំក្បាល និង​មួយ​គ្រាប់​ទៀត​ចំ​ដើមដៃ​ធ្លាយ​ទៅដល់​ក្រោម​ដោះ​បណ្តាល​ឱ្យស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​

ជុំវិញ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​ខាងលើនេះ សាធារណមតិ​ជាតិ និង​អន្តរជាតិ បានចាត់ទុក​ការបាត់​បង់ជីវិត​រប​ស់លោក​បណ្ឌិត កែម ឡី គឺជា​ការបាត់បង់​ដ៏​មួយ​របស់​ប្រទេស​កម្ពុជា ព្រោះ​លោក​បណ្ឌិត កែម ឡី គឺជា​អ្នក​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស អភិបាលកិច្ច​ល្អ និង​ការបណ្តុះ​មនសិការ​ស្នេហា​ជាតិ​ជាដើម​។​

​សាធារណមតិ​ជាតិ និង​អន្តរជាតិ​រាប់ទាំង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​ជាដើម បានស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា គប្បី​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ ចំពោះមុខ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​កំពុង​សម្តែង​ការខកចិត្ត និង​រិះគន់​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ខណ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ចិត្ត​លើ​ប្រតិបត្តិ​ការស្វែងរក​យុត្តិធម៌​របស់​ពួកគេ​៕

13669799_1131591633572250_6364928035973863319_n 3fcef07fdba9a57e6518d4d70ca4137495aadb66​    ​