រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ស៊ិន​ទ្រី​ ពុំ​ដែល​បង្ហាញ​ទិន្នន័យ​ជាក់លាក់​នៃ​ការ​ទារ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាជន​មិន​បាន​នោះ​ទេ

រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ស៊ិន​ទ្រី​ ពុំ​ដែល​បង្ហាញ​ទិន្នន័យ​ជាក់លាក់​នៃ​ការ​ទារ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាជន​មិន​បាន​នោះ​ទេ



ភ្នំពេញ ​៖ ​មាន​ហេតុផល​សំខាន់​មួយ ​ក្នុងចំណោម​ហេតុផល​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ក្នុង​ការ​វិនិយោគ​ប្រមូល​សំរាម ​ក្នុង​រាជធានី​ភ្នំពេញ មាន​ភាព​អសកម្ម​ក្នុង​ការ​គោរព​កិច្ចសន្យា​វិនិយោគ​របស់​ខ្លួន ដូចជា ហេតុផល​ប្រមូល​លុយ​សេវា​ប្រចាំខែ​ពី​ប្រជាពលរដ្ឋ​មិនបាន​គ្រប់​ទាំងអស់, ស្ទះ​ចរាចរ​ទើប​ឡាន​មក​ប្រមូល​សំរាម​មិន​ទៀងទាត់, ឡាន​ខូច,​ឡាន​មិនទាន់​គ្រប់​ចំនួន​ជាដើម។

ហេតុផល​ទាំងនេះហើយ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​មួយ ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមហ៊ុនស៊ិន​ទ្រី ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​ការ​ប្រមូល​ និង​សំអាត​សំរាម​តាម​បណ្តា​ខណ្ឌ​នានា។

កិច្ច​ព្រមព្រៀង​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កក្កដា ឆ្នាំ​២០១៦ គឺជា​លើក​ទី​២​ហើយ​ ដើម្បី​បន្ថែម​ខណ្ឌ​ចំនួន​០៤​បញ្ចូល​ទៀត​ គឺ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍សែន​ជ័យ ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​មានជ័យ ដែល​កាលពី​លើក​ទី​១ គឺ​ខណ្ឌ​ដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក និង​ខណ្ឌ​ចំការមន ដោយ​ទទួល​លទ្ធផល​ប្រសើរ​ជាង​មុនៗ។

មានប្រសាសន៍ នៅក្នុង​ពិធី​នេះ​ នៅ​សាល​ប្រជុំ​សាលា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានទទួល​នូវ​ហេតុផល​ទាំងឡាយ​ ដែល​ក្រុមហ៊ុន​បានលើកឡើង តែ​លោក​មិន​ចង់​ឲ្យ​ឮ​ពាក្យ​ថា ឡាន​មក​ប្រមូល​សំរាម​មិន​ទៀងទាត់, ឡាន​ខូច ,​ឡាន​មិនទាន់​គ្រប់​ចំនួន​ទៀត​នោះ​ទេ នៅពេលដែល​ក្រុមហ៊ុន​ទទួល​ថ្លៃបង់​សេវា​ពី​ប្រជាពលរដ្ឋ​គ្រប់​ចំនួន និង​តាមរយៈ​កិច្ចសហការ​នានា​ជាមួយ​អាជ្ញាធរ​ភូមិ សង្កាត់ និង​ខណ្ឌ លើ​កិច្ចព្រមព្រៀង​ជាមួយគ្នានេះ។

លោក​បន្តថា ថ្វីត្បិតតែ​ក្រុមហ៊ុន​ប្រាប់ថា ក្រុមហ៊ុន​មានការ​ខាតបង់​ថវិកា​មួយ​ចំនួន​ពី​ការប្រមូល​បំណុល ​ថ្លៃ​ទូទាត់​សេវា​ប្រមូល​សំរាម​ប្រចាំខែ​ពី​ប្រជាជន តែ​រហូត​មកទល់ពេលនេះ ក្រុមហ៊ុន​ស៊ិ​ទ្រី​ពុំដែល​បង្ហាញ​ទិន្នន័យ​ជាក់លាក់ ថា​ខ្លួន​ទារ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាជន​តាម​ខណ្ឌ​នីមួយៗ​មិនបាន​ តើ​វា​មាន​ចំនួន​ប៉ុន្មាន​នោះទេ។

ទោះជា​បែបនេះ​ក្តី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ស៊ិន​ទ្រី សហការ​គ្នា​បង្កើត​ជា​យន្តការ​មួយ​ ដើម្បី​ស្រង់​បញ្ជី​អ្នក​ ដែល​មិនបាន​ទូទាត់​បំណុល​ថ្លៃ​សេវា​ប្រមូល​សំរាម​នេះ​ឲ្យ​បាន​ជាក់លាក់ រួច​យើង​ធ្វើការ​អប់រំ​ណែនាំ ​និង​ពន្យល់​ពួកគាត់​បណ្តើរៗ ហើយ​អាជ្ញាធរ​រាជធានី​មិន​ខ្លាច​នឹង​ចំណាយ​ប្រាក់​បំពេញ​បន្ថែម ​ដើម្បី​ទីក្រុង​មាន​បរិស្ថាន​ស្អាត​នោះ​ទេ។ សម្រាប់​យន្តការ​ថ្មី​មួយទៀត គឺ​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ អាជ្ញា​ខណ្ឌ​ចំនួន​០៤ ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​លើក​ទី​១​នោះ នឹង​ដើរ​ចែក​ និង​បិទ​ខិត្តប័ណ្ណ​តាម​តំបន់​នីមួយៗ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ថា​តើ​តំបន់​មួយ​នេះ​រថយន្ត​សំរាម​ នឹង​មក​ប្រមូល​ចាប់ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន ហើយ​តំបន់​មួយ​នោះ​រថយន្ត​សំរាម​នឹង​មក​ប្រមូល​ចាប់ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​វេច​ខ្ចប់​សំរាម​ទុក​ឲ្យ​បាន​ត្រឹមត្រូវ និង​រង់ចាំ​ចោល​សំរាម​របស់​ខ្លួន​តាម​ពេល​កំណត់៕
រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ស៊ិន​ទ្រី​ ពុំ​ដែល​បង្ហាញ​ទិន្នន័យ​ជាក់លាក់​នៃ​ការ​ទារ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាជន​មិន​បាន​នោះ​ទេ
រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ស៊ិន​ទ្រី​ ពុំ​ដែល​បង្ហាញ​ទិន្នន័យ​ជាក់លាក់​នៃ​ការ​ទារ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាជន​មិន​បាន​នោះ​ទេ