ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅ​ខេត្ត​សៀមរាប​ ជួប​ប្រឈម​តម្លៃ​ទីផ្សារ​ក្នុងស្រុក

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅ​ខេត្ត​សៀមរាប​ ជួប​ប្រឈម​តម្លៃ​ទីផ្សារ​ក្នុងស្រុក



សៀមរាប ​៖​ ថ្វីត្បិតតែ​ខេត្ត​សៀមរាប ​មិន​មែន​ជា​តំបន់​ជាប់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង តែ​ជា​តំបន់​នៃ​ការ​ចរាចរណ៍​នាំ​ឆ្លងកាត់​ ​​ជ្រូក​រស់​ជាច្រើន​ក្បាល​ក្នុង​១​ថ្ងៃ​ៗ ដោយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ផង​ដែរ។

ការ​ធ្វើ​ចរាចរ​​ឆ្លងកាត់​នៃ​ជ្រូក​រស់​ទាំងនោះ ក៏​មាន​ជ្រូក​រស់​មួយ​ចំនួន ​ត្រូវ​បាន​ឈ្មួញ​ទម្លាក់​ចូល​ក្នុង​ទីផ្សារ​នៃ​ខេត្ត​សៀមរាប​ផង​ដែរ ដែល​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់​ នៅ​ក្នុង​ទីផ្សារ​នៃ​ខេត្ត​សៀមរាប មានការ​ធ្លាក់​ចុះ បង្ក​​ផល​វិបត្តិ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ប្រឈម​នឹង​ការខាតបង់​ជា​បន្តបន្ទាប់ និង​បណ្ដាល​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅក្នុង​ខេត្តសៀមរាប មួយចំនួន​ត្រូវបាន​បិទទ្វារ។ ជា​ពិសេស​នោះ ស្ថានភាព​បែបនេះ វា​កាន់តែ​ជួប​នូវ​ផល​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង កាលពី​ប៉ុន្មាន​ខែ​មុន ខណៈ​ខេត្តសៀមរាប​ត្រូវបាន​ជួបប្រទះ នៃ​ការ​ផ្ទុះឡើង ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នោះ។

នេះ​គឺជា​ព័ត៌មាន​ដែល​ទទួលបាន ក្នុងខណ​ពេលដែល​ប្រតិភូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​កិច្ចដំណើរការ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ ដែល​ដឹកនាំ​ដោយ លោក រដ្ឋលេខាធិការ​(​លី ផល្លា​) និង​មាន​វត្តមាន​ផង​ដែរ​ លោក​ សុខន ឬ​ទ្ធិ​គុណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម។

លោកស្រី ឡៅ វណ្ណ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​និយាយថា វា​មិនមែនជា​បញ្ហា​កើតឡើង​ថ្មី​នោះទេ ការដែល​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ត្រូវ​ជួប​បញ្ហា​ចិញ្ចឹម​ជ្រូក​ខាត ដោយសារតែ​ការ​លុកលុយ​ទីផ្សារ ក្រោមរូបភាព​នៃ​ការ​នាំចូល​ជ្រូក​រស់​ពី​ខាងក្រៅ​ប្រទេស​នោះ។ លោកស្រី​និយាយថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធុន​មធ្យម​នៅក្នុង​ខេត្តសៀមរាប គឺ​គ្មាន​ទំនុកចិត្ត​ក្នុង​មុខរបរ​នេះនោះ​ឡើយ ការចិញ្ចឹម​ជ្រូក វា​ប្រៀប​បី​ដូចជា​ស្ថិតក្នុង​ភាព​នៃ​ការ​ផ្សងសំណាង​តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ លោកស្រី កំពុងដំណើរការ​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន ៣៥០​ក្បាល ជ្រូក​មេ ៦៥​ក្បាល និង​កូនជ្រូក​ចំនួន ១៥០​ក្បាល។

លោក មឿង សុ​និ​ត្យា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តសៀមរាប បាន​លើក​បង្ហាញថា ជាការ​ពិត ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក មិនអាច​ប្រជែង​ទីផ្សារ ជាមួយ​ជ្រូក​នាំចូល​បាន​នោះទេ ដោយ​ការចិញ្ចឹម​ជ្រូក​នៅក្រៅ​ប្រទេស វា​មានការ​ចំណាយ​តិច ចំណី​ថោក។ លោក​បាន​លើកឡើងថា ទំហំ​នៃ​ការចិញ្ចឹម​ជ្រូក​នៅ​ខេត្ត គឺអាច​ធានាបាន​លើក​ការផ្គត់ផ្គង់​ទីផ្សារ ១០០%។ លោក​រាយការណ៍​បន្ថែម​ទៀតថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅក្នុង​ខេត្តសៀមរាប មាន​ប្រមាណ​ជា ៤៣​កន្លែង ក្នុងនេះ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក ( CP ) មាន​ប្រមាណ​ជា​២៥​កន្លែង ដែល​ក្នុង​១​កន្លែង មាន​ចិញ្ចឹម​ជ្រូក​ប្រហែលជា ១,០០០​ក្បាល និង​កសិដ្ឋាន​ធំៗ ចំនួន​១៨​កន្លែង​ទៀត គឺមាន​ជ្រូក​ចិញ្ចឹម​មិន​ក្រោម​ពី​៥០០​ក្បាល​នោះឡើយ សរុប​ប្រមាណ ៣៣,០០០​ក្បាល នេះ​គឺ​មិនបាន​រាប់បញ្ចូល​ការចិញ្ចឹម​ជ្រូក​ក្នុង​កសិដ្ឋាន​តូចៗ និង ជា​លក្ខណៈ​គ្រួសារ​នោះឡើយ។

លោក លី ផល្លា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា​នេះ​គឺជា​ព័ត៌មាន​ថ្មី​មួយទៀត​បន្ថែម​លើ​ព័ត៌មាន​ចាស់ ដែល​ធ្លាប់​បានទទួល​កន្លងមក។ លោក​បាន​វាយតម្លៃថា ដំណោះស្រាយ​លើ​បញ្ហា​នេះ គឺ​វា​មាន​សារៈសំខាន់​ណាស់ ទី​១ គឺ​ដើម្បី​ធានា​ផលប្រយោជន៍​នៃ​អ្នក​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជ្រូក ទី​២ គឺ​ការធានា​និរន្តរភាព​ដែលមាន​ស្រាប់ នៃ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ធានា​ការផ្គត់ផ្គង់​លើ​ទីផ្សារ និង​ជំរុញ​បន្ថែម​ឲ្យ​មានការ​នាំចេញ​ប្រសើរ​ជាង​ការ​នាំចូល ដែលជា​មធ្យោបាយ​រារាំង​ការ​ធ្លុះធ្លាយ​ខាង​សេដ្ឋកិច្ច​ផងដែរ។ លោក​ថា ការប្រមូល​ព័ត៌មាន​នេះ​វា​ជា​ប្រយោជន៍​ដល់​ការលើក​យកទៅ​ពិភាក្សា​ថ្នាក់​ក្រសួង ស្វែងរក​វិធានការ កាត់បន្ថយ ការ​នាំចូល​ជ្រូក​រស់​ពី​ប្រទេសជិតខាង៕

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅ​ខេត្ត​សៀមរាប​ ជួប​ប្រឈម​តម្លៃ​ទីផ្សារ​ក្នុងស្រុក

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅ​ខេត្ត​សៀមរាប​ ជួប​ប្រឈម​តម្លៃ​ទីផ្សារ​ក្នុងស្រុក

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ នៅ​ខេត្ត​សៀមរាប​ ជួប​ប្រឈម​តម្លៃ​ទីផ្សារ​ក្នុងស្រុក