ចិន​ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​ប្រមាណ​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា

រដ្ឋាភិបាល​ចិន ប្រកាស​ផ្ដល់​ជំនួយ​ឥត​សំណង​អោយ​កម្ពុជា ចំនួន ៣.៦០០​លាន​យន់ ដែល​ស្មើ​នឹង​ប្រមាណ​​ជិត ៦​០០លាន​ដុល្លារ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ជំនួយ​នោះ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល ៣​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប្រកាស​ផ្ដល់​ជំនួយ​នេះ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក និង​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាន (Li Keqiang) ដើម្បី​ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​កម្ពុជា ចិន និង​បញ្ហា​តំបន់ និង​អន្តរជាតិ។

ជំនួប​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-​អឺរ៉ុប លើក​ទី​១១ (The 11th ASEM Summit) នៅ​ប្រទេស​ម៉ុងហ្គោលី (Mongolia)។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​សំណូមពរ​របស់​លោក ប្រទេស​ចិន បាន​យល់​ព្រម​ផ្ដល់​ថវិកា​សម្រាប់​ដំណើរការ​ការ​បោះឆ្នោត វិស័យ​សុខាភិបាល អប់រំ ទឹក​ស្អាត ដូចជា ស្រះទឹក អណ្ដូង​ទឹក ដែល​ជា​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។