សភា​នឹង​ពិភាក្សា​​លើ​សំណើ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​១៨ កក្កដា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ពិភាក្សា​សំណើ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ ២​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​កក្កដា។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ​រួម​មាន ពិភាក្សា​ពី​ច្បាប់​ចំនួន​៤ ដែល​រដ្ឋាភិបាល​បាន​ដាក់​ជូន​លិខិត​ចោទ​សួរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​ច្បាប់ និង​សំណើ​របស់​ក្រសួង​យុត្តិធម៌ និង​តុលាការ​ករណី​លើក​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប។

លោក ឡេង ប៉េងឡុង៖ «មាន​ច្បាប់​៤ ក្នុង​ហ្នឹង​មាន​ច្បាប់​ទាក់ទង​ដល់​សុខាភិបាល និង​ច្បាប់ ៣​ទៀត​ជា​កិច្ច​ព្រមព្រៀង​ជាមួយ​អាស៊ាន។ ក្រៅ​ពី​ហ្នឹង​មាន​លិខិត​សំណួរ​របស់​គណបក្ស​សង្រ្គោះជាតិ ចំនួន​២ ទី​១ គឺ​ករណី​ឯកឧត្តម សម​ រង្ស៊ី ដែល​កាល​ពី​ឆ្នាំ​២០១៣ ត្រូវ​តុលាការ​កាត់​សេចក្ដី​ហើយ ប៉ុន្តែ ២០១៤ នៅ​តែ​អាច​ធ្វើ​តំណាងរាស្រ្ត​បាន។ សំណួរ​ទី​២ ថា​តើ​រដ្ឋសភា​ផ្អែក​លើ​ច្បាប់​ណា​ដែល​អនុញ្ញាត​អោយ​​​តុលាការ​បន្ត​នីតិវិធី​ចំពោះ​តំណាងរាស្រ្ត គាត់​ដាក់​មក​ថា ករណី​ឯកត្តម សម រង្ស៊ី កឹម សុខា និង អ៊ុំ សំអាន និង​មាន​ករណី​លិខិត​របស់​តុលាការ​ដែល​សុំ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ​២​រូប»

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចុះ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ស្នើ​ប្រធាន​រដ្ឋសភា​គឺ​លោក ហេង សំរិន អោយ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ សំណើ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ថា អ្នក​តំណាងរាស្ត្រ​ទាំង ២​រូប​កំពុង​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំង ២ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​កាល​ពីថ្ងៃ​ទី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។