តិចនិចសាមញ្ញៗ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ បន្ទាប់ពីឈានចូលវ័យ ៣០ ឆ្នាំ

តើអ្នកធ្លាប់ឃើញ គូស្នេហ៍ ជាប្តីប្រពន្ធនឹងគ្នា ដែលមានវ័យចំណាស់ ដើរកាន់ដៃគ្នា ញញឹមដាក់គ្នាដែរទេ? តើគួរឲ្យច្រណែនដែរទេ? អ្នកប្រាកដជា មានអារម្មណ៍មួយគិតភ្លាមថា ពិតជារឿងអស្ចារ្យ មិនគួរឲ្យជឿ ដែលពួកគេអាចរក្សាទំនាក់ទំនងរបស់ពួកគេ បានរយៈពេលយូរ ដូចជារឿងនិទានយ៉ាងអញ្ចឹង!

ការថែទាំរក្សាទំនាក់ទំនងរវាងដៃគូ ទាមទារពេលវេលា និងការយកចិត្តទុកដាក់ ដូចជាការដាំដើមឈើដូច្នោះដែរ។ អ្នកត្រូវបន្តស្រោចទឹកឲ្យបានទៀងទាត់ ដើម្បីអនុញ្ញាតឲ្យវារីកលូតលាស់ទៅតាមពេលវេលា ហើយថ្ងៃណាមួយវានឹងរឹងមាំជាមិនខាន។

ជីវិតអាពាហ៍ពិពាហ៍ដំបូង មិនសូវជាមានបញ្ហាអ្វីឡើយ គឺមានតែភាពស្រស់បំព្រង និងអារម្មណ៍រំភើបរីករាយ។ ប៉ុន្តែជាច្រើនឆ្នាំក្រោយមក អារម្មណ៍ទាំងនោះ នឹងរសាត់បាត់ទៅអស់ជាមិនខាន។ 

ហេតុនេះ យើងនាំគ្នាមកមើល គន្លឹះដែលអាចជួយរក្សាទំនាក់ទំនងរបស់អ្នក ក្នុងជីវិតអាពាហ៍ពិពាហ៍ ឲ្យរឹងមាំដល់ចាស់សក់ស្កូវ ដូចខាងក្រោមនេះ ៖

១. ស្វែងយល់ពីអារម្មណ៍គ្នា

កន្លងទៅពីមួយថ្ងៃ ទៅមួយថ្ងៃ អ្នកអាចនឹងធុញខ្លះដែរ ដោយសារតែភ្ញាក់មកឃើញតែមុខមនុស្សម្នាក់ដដែលៗ។ ហេតុនេះ អ្នកត្រូវចេះគាំទ្រគ្នា និងនិយាយពីអារម្មណ៍របស់អ្នកដោយបើកចំហ។ វាទាមទារ កម្លាំង និងការខិតខំប្រឹងប្រែងណាស់ ដើម្បីសម្រេចជោគជ័យ ទាំងការមើលថែទាំកូន ទាំងការងារផ្ទាល់ខ្លួន ទាំងទំនាក់ទំនងប្តីប្រពន្ធ រួមគ្នា។ អ្នកត្រូវចេះពិភាក្សាគ្នា និយាយពីគំនិតកំពុងគិត ក៏ដូចជាបង្ហាញពីអារម្មណ៍ពិតទៅកាន់គ្នាទៅវិញទៅមក។ មិនថាជារឿងល្អ ឬអាក្រក់ទេ អ្នកនឹងដៃគូ ប្រាកដជាអាចយល់ពីគ្នាបានកាន់តែប្រសើរជាងមុន។ តែសព្វថ្ងៃនេះ ការទំនាក់ទំនងបែរជាមានការលាក់បាំង ដោយពួកគេមិនព្យាយាមមិនពិភាក្សាជាមួយគ្នា រួចទៅបង្ហោះអារម្មណ៍តាមបណ្តាញសង្គមផ្សេងៗទៅវិញ។

២. ផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គ្នា

ស្តាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែវាជារឿងសំខាន់ណាស់ ដែលអ្នកត្រូវផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមកខ្លះ មិនមែនទៅណាមកណា ត្រូវតោងគ្នាស្អិតដូចជាតុកកែនោះទេ។ ប្រសិនបើអ្នកគិតថា ការរៀបការ គឺត្រូវតែចងជើងគ្នាទៅវិញទៅមកនោះ អ្នកត្រូវបញ្ឈប់គំនិតនេះភ្លាម ព្រោះអ្វីៗ មិនដូចជារឿងនិទាន Cinderella នោះទេ។ មុនពេលដែលអ្នកមានដៃគូ និងមុនរៀបអាពាហ៍ពិពាហ៍ អ្នកមានក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក និងមិនចាំបាច់ខ្វល់ពីនរណាម្នាក់ឡើយ។ ហេតុនេះ ទោះបីជាអ្នកឈានចូលជិវិតអាពាហ៍ពិពាហ៍ក្តី អ្នកត្រូវឲ្យបើកសិទ្ធិឲ្យមានពេលផ្ទាល់ខ្លួនសំរាប់ដៃគូអ្នក ដើម្បីអារម្មណ៍ស្រស់ថ្លា និងបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាយ៉ាងរលូន ក៏ដូចជា កសាងភាពឯកជនរបស់ខ្លួនបានផងដែរ។

៣. ចៀសវាងញៀនអ្វីមួយខ្លាំងពេក

អាពាហ៍ពិពាហ៍ អាចបង្ខំចិត្តឲ្យអ្នកទទួលស្គាល់មនុស្សថ្មី ខុសពីមនុស្សដែលធ្លាប់ស្គាល់ពីមុន។ ដោយសារអ្វី? អ្នកដឹងទេថា គូស្វាមីភរិយាជាច្រើនគូ នៅក្នុងចក្រភពអង់គ្លេស បែកបាក់គ្នាដោយសារម្នាក់ៗ ជក់លេងតែហ្គេមអនឡាញ មិនឈប់ឈរ។ ជាក់ស្តែង សព្វថ្ងៃនេះ គេបានបង្ហាញថា ប្រព័ន្ធអ៊ិនធឺណេត ជាហេតុផលនៃការបែកបាក់អាពាហ៍ពិពាហ៍ច្រើនបំផុត។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរតែនិយាយពិភាក្សាជាមួយ ដៃគូរបស់អ្នក កុំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។ មនុស្សដែលអ្នកស្រលាញ់ និងអ្នកដទៃទៀត ដូចជាក្រុមគ្រួសារ សុទ្ធតែជាអ្នកដែលអាចជំរុញចិត្តអ្នក ឲ្យឈប់បាន។ 

៤. បង្ហាញការស្រលាញ់

ទោះបីជារៀងរាល់ថ្ងៃ អ្នកត្រូវមានការរវល់ជាមួយនឹងការងារ នៅឯការិយាល័យ រវល់មើលកូនៗ រវល់រៀបចំសម្អាតផ្ទះក៏ដោយ ក៏អ្នកត្រូវការការស្រលាញ់ និងការគាំទ្រពីគ្នាទៅវិញទៅមក។ ត្រឹមតែសរសេរលើកូនក្រដាសមួយទុកថា “បងស្រលាញ់អូន” ឬ “អូនស្រលាញ់បង” ក៏អាចបន្ថែមការលើកទឹកចិត្តដល់ប្តី ឬប្រពន្ធរបស់អ្នកបានដែរ។ ការអោប ឬថើប នៅរៀងរាល់ព្រឹក ក៏ផ្តល់ជាផលវិជ្ជមានដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកផងដែរ។ សម័យនេះ បច្ចេកវិទ្យាទំនើប អាចភ្ជាប់ទំនាក់ទំនងអ្នក ជាមួយដៃគូ ដោយគ្រាន់តែអ្នកផ្ញើសារបែបផ្អែមល្ហែមទៅវិញទៅមក បានយ៉ាងងាយស្រួល។

៥. កុំខឹងយូរពេក

បញ្ហាឈ្លោះគ្នា គឺជារឿងធម្មតា ទៅហើយ សម្រាប់គូស្វាមីភរិយា។ អ្នកអាចស្រែក ឬគំហកដាក់គ្នា តែកុំទុកធ្វើឲ្យ មានអារម្មន៍ខកចិត្តកាន់តែខ្លាំងជាងនេះអី។ ជាពិសេស ដាច់ខាតមិនត្រូវចូលគេង ទាំងរឿងនៅមិនទាន់ ដោះស្រាយដាច់ស្រេចនោះទេ។ ការពន្យាបញ្ហា កាន់តែយូរ គឺកាន់តែធ្វើឲ្យអ្នក មានលទ្ធភាពអាចបែកបាក់គ្នាកាន់តែខ្ពស់។

៦. គោរពអារម្មណ៍គ្នា

អ្នកមិនត្រូវ ទៅជជីកសួរ ឬនិយាយស៊ាំញ៉ាំ ដាក់ដៃគូ នៅពេលដូចជា កំពុងពិបាកចិត្តពេលមានសាច់ញាតិឈឺ ឬពេលដែលសម្រកទម្ងន់មិនបានសម្រេចជាដើម។ វាជារឿងល្អ ដែលគួរចេះនិយាយលេងសើច តែជឿចុះថា ការលេងសើចនៅពេលបែបនេះ ប្រាកដជាប៉ះពាល់អារម្មណ៍គ្នាជាមិនខានឡើយ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិចសាមញ្ញៗ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ បន្ទាប់ពីឈានចូលវ័យ ៣០ ឆ្នាំ

តិចនិចសាមញ្ញៗ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ បន្ទាប់ពីឈានចូលវ័យ ៣០ ឆ្នាំ

តិចនិចសាមញ្ញៗ ដើម្បីរក្សាជីវិតអាពាហ៍ពិពាហ៍ បន្ទាប់ពីឈានចូលវ័យ ៣០ ឆ្នាំ