ក្រោយ​ការ​វាយប្រហារ​នៅ​ក្រុង​នី​ស​ស្លាប់​ឡើង​ដល់​84​នាក់ ពួក​ជី​ហា​ដ​សម្តែង​ក្តី​រីករាយ

ក្រោយ​ព្រឹត្តិការណ៍​នៅ​ទីក្រុង​នី​ស ពួក​សកម្មប្រយុទ្ធ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ថ្ងៃ​ទី​១៥ កក្កដា សម្តែង​ក្តី​រីករាយ​តាម​បណ្តាញ​សង្គម ដោយ​និយាយ​ថា ពួក​មារ​ច្រើន​សិប​នាក់​ត្រូវ​សម្លាប់​នៅ​ទីក្រុង​នី​ស​បារាំង ។ ជន​សកម្មប្រយុទ្ធ​ម្នាក់​រីករាយ​ចំពោះ​ការ​សម្លាប់​មនុស្ស​យ៉ាងច្រើន​បែប​នេះ ដោយ​សរសេរ​ពាក្យស្លោក​ថា «​ព្រះ​ជា​ធំ​! ព្រះ​ជា​ធំ​!» ។

ការ​វាយប្រហារ​ស្លាប់​មនុស្ស​យ៉ាងច្រើន​បែប​នេះ​ឡើង​ដល់​៨៤​នាក់​នៅ​បារាំង​ចំ​យប់​ថ្ងៃ​បុណ្យ​ឯករាជ្យ​១៤ កក្កដា កើត​មាន​៨​ខែ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស និង​នៅ SAINT-DENIS របស់​ពួក​ជ្រុលនិយម​អ៊ិ​ស្លា​ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់ ។

សេចក្តីថ្លែងការណ៍​របស់​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់
ប្រមុខរដ្ឋ​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​នា​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​៣​និង​៤៥​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក​ថ្លែង​ថា មនុស្ស​យ៉ាងតិច​៨៤​នាក់​ស្លាប់ ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន​នាក់ ហើយ​អ្នក​របួស​១៨​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ប្រមុខរដ្ឋ​បារាំង​ប្រកាស​ពី​ការ​ពន្យារពេល​ការ​ប្រកាស​អាសន្ន​ដែល​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ទី​២៦ កក្កដា រយៈពេល​៣​ខែ​ថែម​ទៀត ពី​ការ​ពង្រឹង​ប្រតិបត្តិការ​ត្រួតពិនិត្យ​បណ្តា​ទីតាំង​សាធារណៈ និង​បណ្តា​ទីតាំង​រសើប​ដោយ​កងទ័ព ។

នា​វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក​មនុស្ស​ម្នា​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​មាន​ប្រជាប្រិយ​បំផុត​នៃ​ទីក្រុង​នី​ស គឺ​នៅ PROMENADE DES ANGLAIS សម្រាប់​បុណ្យប្រពៃណី​ថ្ងៃ​ទី​១៤ កក្កដា ។ ការ​បាញ់​កាំជ្រួច​ទើប​បញ្ចប់​ស្រាប់តែ​មាន​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​បើក​បំ​បុក​មនុស្ស​ច្រើន​កុះករ ។ ការ​បំ​បុក​នោះ​មាន​ចម្ងាយ​ផ្លូវ​ដល់​២​គីឡូម៉ែត្រ ដោយ​បុក​មនុស្ស​ដួល​រេល​តាម​ផ្លូវ ។

មានការ​បាញ់​ស្រោច​លើ​រថយន្ត​នោះ ហើយ​អ្នក​បើក​ត្រូវ​បាញ់​ស្លាប់ ។ យោង​តាម​ប្រភព​ប៉ូលិស​ថា អ្នក​បើករថយន្ត​នេះ​មាន​កាំភ្លើង ហើយ​បាញ់​ពេល​រថយន្ត​ឈប់​រួច​បណ្តា​អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត ៕