អាណោចអាធ័ម​ណាស់ ! អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​ស្លាប់​ដោយសារ​អេ​ស្កា​វ៉ា​ទ័​រ

រាជធានី​ភ្នំពេញ ៖ អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រ​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​២ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​កណ្ដាល​វាលស្រែ​ក្បែរ​ទួល​លោកតា​គោល ស្ថិត​ក្នុងភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ បឿន វណ្ណៈ អាយុ​១៦​ឆ្នាំ ជា​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី ស្នាក់​នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ប្រហែលជា​ចង់​ហូប​គមត្នោត​ក៏​បញ្ជា​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​កាយ ពេល​កាយ​បាន​គមត្នោត​ហើយ​ជន​រង​គ្រោះ​ក៏​បញ្ជា​ប្រ​ម៉ោ​យ​អេ​ស្កា​វ៉ា​ទ័​រ​ឲ្យ​ចូល​មក​កៀក​ខ្លួន​ដើម្បី​យក​គមត្នោត​ហូប តែ​ជា​អកុសល​ពេល​អើត​ក្បាល​ចេញ​មក​ក្រៅ​ក៏​បាន​ទាក់​នឹង​ប្រដាប់​បញ្ជា​ស្រាប់តែ​រេ​ប្រ​ម៉ោ​យ​អេ​ស្កា​វ៉ា​ទ័​រម​ក​គាប​ផ្ទប់​ជាមួយ​កាប៊ី​ន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ត្រួតពិនិត្យ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕