ឯកអគ្គរដ្ឋទូត​រដ្ឋ​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់​សម្ដែង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

លោកស្រី ឃើ​ស​ស្ទី វេស​ផល្លែ​ន​(Kirsti Westphalen) ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ហ្វាំ​ង​ឡង់​(Republic of Finland) និង សហការី​បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។ ការសម្តែង​ការព្រួយបារម្ភ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺ​បាន​ធ្វើឡើង​ក្នុងឱកាស លោកស្រី ឃើ​ស​ស្ទី វេស​ផល្លែ​ន​(Kirsti Westphalen) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់​(Republic of Finland) និង​សហការី​បានមក​ជួបពិភាក្សា​ការងារ​ជាមួយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វាំ​ង​ឡង់ បាន​សម្ដែង​ក្តី​ព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​សុវត្ថិភាព​អ្នកតំណាងរាស្ត្រ​គណបក្សជំទាស់ ក៏ដូចជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​។ លោកស្រី​ឯកអគ្គរដ្ឋទូត ក៏​បញ្ជាក់ជូន​ក្រុម​ន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ និង​សហភាព​អឺរ៉ុប នៅតែ​ខិតខំ​ប្រឹងប្រែង​តាមដាន​សភាពការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​ជំរុញ​ដល់​ការដោះស្រាយ​បញ្ហា​។​

​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់ និង​សហភាព​អឺរ៉ុប ដែល​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត​ហ្វាំ​ង​ឡង់ លោក កឹម សុខា បានស្នើ​សហភាព​អឺរ៉ុប​បន្ត​ជួយ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​។​

ក្នុងពេលដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា​កំពុងមាន​ភាព​តានតឹង​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ ពិសេស​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​គោលជំហរ​ថា​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ស្របច្បាប់ និង​អហិង្សា​ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ភាពប្រក្រតី​ឡើងវិញ​ធានា​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​ប្រព្រឹត្តទៅបាន​ដោយ​យុត្តិធម៌​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា សហគមន៍ជាតិ និង​អន្តរជាតិ​បានបង្ហាញ​គោលជំហរ​គាំទ្រ​ការតស៊ូ​ដោយ​អហិង្សា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

13645364_1405335296150432_1969129183997119177_n 13669823_1405335289483766_3195321114931351104_n 13731579_1405335376150424_4036871513761793195_n