សុខ សោម៉ាវត្តី បិទបេះដូង មិនទាន់ចង់ទទួល បុរសណាមក ធ្វើជាគូជីវិតទេ

ភ្នំពេញ៖ តារាសម្តែង អ្នកមេម៉ាយចាយសម្រស់វ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី ក្រោយពីបានទម្លាយរឿងរ៉ាវ លែងលះស្វាមីរួចមក មួយរយៈក្រោយនេះ គេសង្កេតឃើញថា អ្នកនាងហាក់បង្ហាញ ភាពស្និទ្ធស្នាលគៀកកើយ ជាមួយបុរសផ្សេងទៀត ដែលមហាជនដាក់ការសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់ អ្នកមេម៉ាយវ័យក្មេងរូបនេះ។

ជុំវិញចម្ងល់នេះត្រូវបានម្ចាស់សាម៉ីខ្លួន អ្នកនាង សុខ សោម៉ាវត្តី បានបកស្រាយថា រហូតមកដល់ពេលនេះ អ្នកនាងមិនមាន ម្ចាស់បេះដូងទេ ពោលគឺអ្នកនាងបិទបេះដូងសិន ទុកពេលធ្វើការឲ្យបានច្រើន ហើយសល់ពេលទំនេរ ពីការងារគឺទៅបំពេញកាតព្វកិច្ច ជាម្តាយ សម្រាប់កូនស្រីបណ្តូលចិត្ត ។

ជួបសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៅក្នុងពិធីក្រុងពាលីរឿង «សួស្តីលោកគ្រូកំលោះ» អ្នកនាងសុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា ចាប់តាំងពីអ្នកនាងលែងលះ ជាមួយអតីតស្វាមីមកគឺ អ្នកនាងមិនទាន់មាន ម្ចាស់បេះដូង ឫក៏គូកំណាន់ចិត្តអ្វីឡើយ ពោលគឺមួយរយៈនេះ អ្នកនាងជាប់រវល់ជាមួយ ការងារច្រើនគ្មានពេលទំនេរទេ ។

ពិធីការិនី និងជាតារាសម្តែងស្រី ដែលកំពុងតែឈរលើ លំដាប់កំពូលលេចមុខ ក្នុងការសម្តែងរឿងបន្តកន្ទុយរូបនេះ បានប្រាប់ឲ្យដឹងថា « នៅពេលនេះខ្ញុំមិនទាន់ ចង់គិតពីរឿងសាងស្នេហាថ្មីទេ ពោលគឺខ្ញុំសូមបិទបេះដូងសិន ដោយឡែកបុរសម្នាក់ ដែលទស្សនិកជនធ្លាប់បានឃើញថា ទៅណាមកណាជាមួយ ខ្ញុំជាញឹកញាប់នោះ គឺគ្រាន់តែជាមិត្តភក្តិ គ្មានអីលើសនេះទេ ដោយសារតែកន្លងមកខ្ញុំ ហាក់រវល់ការងារច្រើន មិនសូវមានពេល នៅជាមួយកូន ហេតុដូច្នេះពេលវេលា ដែលទំនេរគឺខ្ញុំចង់ទុក ពេលសម្រាប់កូនច្រើន»។

ជាមួយគ្នានោះដែលតួឯកស្រីក្នុងរឿង «អ្នកនាងម្ចាស់ឡឺកឺ» រូបនេះក៏បានប្រាប់ឲ្យដឹងថា សម្រាប់រឿងអ្នកនាង និងអតីតស្វាមីគឺបាន បញ្ចប់សព្វគ្រប់ហើយ ដោយកូនស្រីបណ្តូលចិត្ត គឺបានមកលើអ្នកនាងជាអ្នកគ្រប់គ្រងហើយ អតីតស្វាមីក៏យល់ព្រមទៅតាមហ្នឹងដែរ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី ពេលនេះកំពុងតែមមាញឹក សើមមាត់សើមក ជាមួយនិងអាជីពជាតារាសម្តែង ដោយនាងត្រូវបានផលិតកម្ម ក្នុងស្រុកជាច្រើន បានទាក់ទងឲ្យថតរឿង ដោយតម្រូវឲ្យនាង ដើរជាតួឯកស្រី ដែលមានចរិកក្រមិចក្រមើម ។

តារាសម្តែង និងជាពិធីការិនី រូបស្អាតអ្នកនាង សុខ សោម៉ាវត្តី គឺជាតារាស្រីមួយដួង ដែលមានទេពកោសល្យ ក្នុងការសម្តែងជាតួក្រមិចក្រមើម ទាំងកាយវិការនិងសម្តី គឺពិតជាកំប្លែងទាក់ទាញ អ្នកទស្សនាជាច្រើន ចាប់អារម្មណ៍លើនាង និងមានការសរសើរលើសមត្ថភាព ក្នុងការសម្តែងរបស់នាងថា គួរឲ្យស្រលាញ់ហើយនាង ក៏ជាតារាស្រីមួយដួង ដែលវ៉ាដាច់ តារាសម្តែងស្រីឯទៀត ក្នុងការកាន់តំណែង ជាតួឯកក្រមិចក្រមើម ។

មានរឿងជាច្រើនដែលតារាសម្តែង នាង សុខ សោម៉ាវត្តី បានទទួលសម្តែង ដោយសុទ្ធសឹងតែទទួល បានជោគជ័យ និងការកោតសរសើរពីសំណាក់ ទស្សនិកជន យ៉ាងច្រើន ដែលមានដូចជារឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «អ្នកនាងម្ចាស់ឡឺកឺ», «ភូមិខ្ញុំស្រស់ឆើតឆាយ» រួមជាមួយរឿងជាច្រើនទៀត ដែលនាងបានសម្តែង ជាតួក្រមិចក្រមើម ហើយទទួលបានជោគជ័យខ្លាំង ។

នៅក្នុងចំណោម តារាសម្តែងល្បីឈ្មោះ ដែលសម្តែងជាតួឯកក្រមិចក្រមើម បានយ៉ាងល្អហើយទទួល បានជោគជ័យខ្លាំងនោះ ក្រៅពីតារាសម្តែងស្រី នាង សុខ សោម៉ាវត្តី គឺមានតែអតីតតារាសម្តែង សម្បុរខ្មៅស្រអែម នាង សារាយ សក្ខណា តែប៉ុណ្ណោះ ព្រោះថាតារាសម្តែងពីរនាក់នេះ គឺមានទេពកោសល្យពូកែ ខាងសម្តែងកំប្លុកកំប្លែង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload