ក្រសួង​វប្បធម៌ អញ្ជើញ​អ្នក​និពន្ធ​ទាំង​អស់​ទៅ​ស្រោច​ទឹក​លើក​ចុង​ក្រោយ

ក្រសួង​វប្បធម៌ ចេញ​លិខិត​អញ្ជើញ​អ្នក​និពន្ធ និង​អ្នក​ពាក់ព័ន្ធ​វិស័យ​ចម្រៀង​ទាំង​អស់​តាម​បណ្ដា​ផលិតកម្ម​នានា ដើម្បី​ទទួល​ការ​​ដាស់តឿន​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២០​កក្កដា​នេះ បន្ទាប់​ពី​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង​បទ “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន។

 

ក្រសួង​វប្បធម៌ អញ្ជើញ​អ្នក​និពន្ធ​ទាំង​អស់​ទៅ​ស្រោច​ទឹក​លើក​ចុង​ក្រោយលោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

 

បើ​តាម​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក ស៊ិន ច័ន្ទសាយ៉ា បាន​ចាត់​ទុក​ថា នេះ​ជា​ការ​ស្រោចទឹក​លើក​ចុង​ក្រោយ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ចម្រៀង​ទាំង​អស់ មុន​ពេល​ដែល​វិធានការណ៍​រដ្ឋបាល​ត្រូវ​បាន​អនុវត្តន៍។

 

“​វិធានការណ៍​រដ្ឋបាល​ហ្នឹង​ស្រួល​ទេ តែ​បើ​យើង​ដាក់​ធ្ងន់​ដែរ គឺ​បញ្ឈរ​ជើង​អ្នក​និពន្ធ​មិន​ឱ្យ​ចេញ​បទ​ចម្រៀង ហើយ​បើ​ផលិតកម្ម​វិញ​យើង​មិន​ឱ្យ​ចេញ​លក់​បទ​ចម្រៀង​មួយ​រយៈ​អញ្ចឹង​ទៅ”។ លោក ស៊ិន ច័ន្ទ សាយ៉ា ថ្លែង​មក​កាន់ Sabay។

 

ប្រធាន​នាយកដ្ឋាន​ដដែល​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​សម្រាប់​អ្នក​និពន្ធ​ និង​អ្នកធ្វើការពាក់ព័ន្ធទាំង​អស់ ដែល​ត្រូវបាន​ក្រសួង​ហៅ​មក​ណែនាំ​ដូច្នេះ។ ប៉ុន្តែ​លោក​ថា ​ ពួក​គេ​មួយ​ចំនួន​ហាក់​នៅ​តែ​ផ្គើន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង ហើយ​ផលិត​បទ​ចម្រៀង​ខ្លះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម ជាក់​ស្ដែង​ដូច​ជា​បទ​ចម្រៀង “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង​បទ “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” ជា​ដើម។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​ប្រធាន​អះអាង​ថា អ្នក​ពាក់ព័ន្ធ​ក្នុង​បទ​ចម្រៀង​ទាំង​ពីរ​នេះ ត្រូវ​បាន​ក្រសួង​ហៅ​មក​ណែនាំ និង​ធ្វើ​កិច្ច​សន្យា​រួច​ហើយ។

 

ក្រសួង​វប្បធម៌ អញ្ជើញ​អ្នក​និពន្ធ​ទាំង​អស់​ទៅ​ស្រោច​ទឹក​លើក​ចុង​ក្រោយលិខិតផ្លូវការរបស់ក្រសួងវប្បធម៌អញ្ជើញអ្នកពាក់ព័ន្ធទៅនឹងការផលិតចម្រៀង

ក្រៅ​ពី​នេះ​លោក ស៊ិន ចាន់សាយ៉ា បាន​បញ្ជាក់​ទៀត​ថា ជំនួប​រវាង​អ្នក​និពន្ធ​ និង​តំណាង​ផលិតកម្ម​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌​ខាង​លើ ក៏​មាន​គោល​បំណង​ចែក​នូវ​ទស្សនវិស័យ បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ក្នុង​ជំនាញ​នេះ​បន្ថែម​ទៀត​ដែរ។ ម្យ៉ាង​ទៀត តំណាង​ក្រសួង​រង់ចាំ​ស្ដាប់​មតិយោបល់ និង​បញ្ហា​ប្រឈម​នានា​ពី​អ្នក​និពន្ធ និង​តំណាង​ផលិតកម្ម​ទាំង​នោះ ដើម្បី​ស្វែងរក​យន្តការ​ដោះស្រាយ​បន្ត​ទៀត ព្រោះក្រសួង​នៅបន្ត​ភាព​ទន់ភ្លន់​របស់​ខ្លួន។

 

លោក​បន្ត​ថា ក្រសួង​វប្បធម៌នៅ​តែ​រក្សា​ជំហរ​របស់​រដ្ឋ​មន្ត្រី ដោយ​​គោរព​សេរីភាព​គំនិត​ច្នៃប្រឌិត​របស់​សិល្បករ និង​អ្នក​និពន្ធ​ទំនុក​ច្រៀង​ជំនាន់ក្រោយទាំង​អស់។ ប៉ុន្តែក្រសួង​​រក្សា​សិទ្ធ​នៅ​ក្នុង​ការ​ណែ​នាំ​ដល់​សិល្បករ​ និង​ហាមប្រាម​ដល់​ស្នាដៃ​ណា ដែល​ចេញ​ផ្សាយ​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ និង​សីលធម៌​សង្គម។ យ៉ង​ណា ​ក្រសួង​កំពុង​ត្រៀម​បង្កើត ជា​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​តែង​និពន្ធ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​អនុវត្តន៍​ជា​រួម​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ