រដ្ឋបាល​ខេត្ត​កណ្តាល ​ដាំ​កូនឈើ​១.២០០​ដើម ​ក្នុង​ឱកាស​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

រដ្ឋបាល​ខេត្ត​កណ្តាល ​ដាំ​កូនឈើ​១.២០០​ដើម ​ក្នុង​ឱកាស​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​



កណ្ដាល ៖ នៅ​ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​៩​កក្កដា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ខេត្ត និង​រដ្ឋបាល​ព្រៃឈើ បាន​ប្រារព្ធ​ពិធី​ដាំ​កូនឈើ ចំនួន​១.២០០​ដើម រយៈ​ពេល​វែង​ នៅ​លើ​កំណាត់​ផ្លូវ ទី​២២ ស្ថិតក្នុង​ភូមិ​ព្រែក ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ចែកចាយ​កូនឈើ​ហូប​ផ្លែ និង​ឈើ​សំណង់​ចំនួន​៣.០០០​ដើម ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។

នៅ​ក្នុង​របាយការណ៍​របស់​លោក ញ៉ែម ដា​រា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល​មាន​ប្រសាសន៍​ថា ក្នុង​បុណ្យ​រុក្ខទិវា​នេះ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​យល់​ពី​សារៈ​ប្រយោជន៍​ពី​ព្រៃ​ឈើ​។

ការ​ដាំ​កូនឈើ​ក្នុង​ខេត្ត​កណ្តាល​នេះ មាន​ចំនួន​២០​លើក​មក​ហើយ និង​ជា​លើក​ទី​២ ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ គណៈ​អភិ​បា​ល​ខេត្ត​កណ្តាល បាន​រៀបចំ​ពិធី​ដាំ​កូនឈើ​រយៈពេល​វែង មាន​ប្រភេទ​គ្រញូង ​ធ្នង់ ក្ងោក ចំនួន ១.២០០​ដើម និង​កូនឈើ ហូប​ផ្លែ និង​កូនឈើ​សំណង់​ចំនួន​៣.០០០​ដើម​ទៀត ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ។

នា​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ម៉ៅ ភិ​រុណ បាន​មាន​ប្រសាសន៍​ថា បុណ្យ​រុក្ខទិវា​ក៏​កើត​ឡើង​តាំងពី​ទសវត្ស​រ៍ទី​៥០ ក្រោម​ការ​ផ្ដួចផ្ដើម​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្រោយមក​ក្នុង​ឆ្នាំ​១៩៧០ បុណ្យ​នេះ​ក៏​ត្រូវ​បាន​ផ្អាក ក៏ដោយ​សារ​មាន​សង្គ្រាម ពិសេស​ក្នុង​របប​ប៉ុលពត ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេសជាតិ​ឲ្យ​ខ្ទេចខ្ទី។

ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩ ប្រទេសជាតិ​ត្រូវ​បាន​រំដោះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីកចម្រើន​គ្រប់​វិស័យ។

ការ​ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចេះ​ស្រឡាញ់​ដើមឈើ ដែល​មាន​សារៈ​ប្រយោជន៍​ដល់​មនុស្ស និង​សត្វ រួម​ទាំង​បរិស្ថាន និង​ដើម្បី​អភិរក្ស​ដើមឈើ ជា​ពូជខ្មែរ​យើង និង​ដើម្បី​ឲ្យ​ក្លាយទៅជា​ទីក្រុង​បៃតង​ផង​ដែរ៕