អភិបាលខណ្ឌ​ច្បារអំពៅ​ យក​គ្រឿងចក្រ​មក​ជួសជុល​ផ្លូវ​តាងៅ​ ដែល​កំពុង​រង​ការខូចខាត​

អភិបាលខណ្ឌ​ច្បារអំពៅ​ យក​គ្រឿងចក្រ​មក​ជួសជុល​ផ្លូវ​តាងៅ​ ដែល​កំពុង​រង​ការខូចខាត​



ភ្នំពេញ ៖ លោក ​អ៊ាង ស៊ី​ផាន ​អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ឆ្នាំ​២០១៦​ បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ធ្វើ​ការ​ជួសជុល​ផ្លូវ​តាងៅ​ ដែល​កំពុង​រង​ការខូចខាត​ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ដាក់​លើ​ផ្លូវ។

លោក អ៊ាង ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ​ផ្លូវ​តាងៅ​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​និរោធ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ មាន​បណ្ដោយ​ប្រមាណ​៤​គីឡូម៉ែត្រ ​ត.​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​មកដល់​ភូមិ​អូរអណ្ដូង​ សង្កាត់​ព្រែកប្រា ​និង​មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ។

លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ​ផ្លូវ​នេះ​ទើប​ស្ថាបនា​ឡើងជា​ផ្លូវ​ចាក់​បេតុង​ក្នុង​អំឡុង​ឆ្នាំ​២០១១។ ប៉ុន្តែ​ផ្លូវ​នេះ​ចាប់ផ្ដើម​ខូចខាត​ទៅវិញ​នៅ​អំឡុង​ឆ្នាំ​២០១៤​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​សាងសង់​ផ្ទះ​ល្វែង​នាំគ្នា​មក​វិនិយោគ​ ហើយ​មានការ​ដឹកជញ្ជូន​គ្រឿងសំណង់​ដូច​ហែ​កឋិន ​ក្នុង​នោះ​ម្ចាស់​ក្រុមហ៊ុន​ពុំ​បាន​ប្រើប្រាស់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចូល​ធំ​នោះ​ទេ​ ដោយ​គេ​ដាក់​បង្ហូរ​មក​លើ​ផ្លូវ​នាំ​ឲ្យ​ដក់​ទឹក​ស្រប​ពេល​ដែល​មាន​រថយន្ត​ធុន​ធំ​បើកបរ​ឆ្លងកាត់​ផង​នោះ​ ធ្វើ​ឲ្យ​ផ្លូវ​បាន​បាក់​ស្រុត​ និង​ខូចខាត​ដូច​សព្វថ្ងៃ​នេះ​។​

លោក​អភិបាលខណ្ឌ​បាន​មាន​ប្រសាសន៍​ថា ​ផ្លូវ​នេះ​ត្រូវ​មាន​គម្រោង​ស្ថាបនា​ក្នុង​ថវិកា​សាលា​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​ដោយសារតែ​ឃើញ​អ្នក​ធ្វើដំណើរ​មាន​ផល​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ លោក​ក៏បាន​សម្រេចចិត្ត​នាំ​យក​គ្រឿងចក្រ​មក​ធ្វើការ​ជួសជុល​នៅ​ចំណុច​ដែល​មាន​ជង្ហុក ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទម្រាំ​ដល់​ឆ្នាំ​២០១៧​ គឺ​នឹង​ធ្វើការ​ស្ថាបនា​បាន​រឹងមាំ​ក្នុង​ថវិកា​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ ហើយ​ក្នុង​នោះ​លោក​អភិបាល​ខណ្ឌ​ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន​សង់ផ្ទះ​ល្វែង ​ត្រូវ​ប្រញាប់ប្រញាល់​ជីក​ដាក់​ប្រព័ន្ធ​លូ​ចូល​លូ​ធំ​ឲ្យ​បាន​ត្រឹម​ត្រូវ​បញ្ឈប់​ការ​ដាក់​បង្ហូរ​មក​លើ​ផ្លូវ​ដែល​ងាយ​នឹង​ខូចខាត​ទៅ​វិញ ​តែ​បើ​មិន​គោរព​តាម​ការ​ណែនាំ​របស់​សាលា​ខណ្ឌ​ទៀត​នោះ អាជ្ញាធរ​នឹង​មាន​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ហើយ​។

គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​បាន​ឃើញ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដាក់​គ្រឿងចក្រ​មក​ជួសជុល​ផ្លូវ​តាងៅ​មក​នោះ​ បងប្អូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ ​បាន​សម្ដែង​ការ​រីករាយ​គ្រប់ៗ​គ្នា​ ព្រោះ​បាន​ធ្វើ​ផ្លូវ​ស្អាត​ងាយ​ធ្វើដំណើរ​មិន​លំបាក​ដូច​ពីមុន៕