នាំ​យក​ទៀនវស្សា​ និង​សម្ភារៈ​បរិក្ខារ ​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ចំនួន​៤​ ក្នុង​សង្កាត់​ដង្កោ

នាំ​យក​ទៀនវស្សា​ និង​សម្ភារៈ​បរិក្ខារ ​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ចំនួន​៤​ ក្នុង​សង្កាត់​ដង្កោ



​​ភ្នំពេញ ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ និង​ភរិយា រួមទាំង​មន្ត្រី​សាលា​ខណ្ឌ​ជាច្រើន​នាក់​ទៀត បាន​នាំ​យក​ទៀនវស្សា គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​បរិក្ខារ និង​បច្ច័យ​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ចំនួន​៤ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

វត្ត​ទាំង​៤ ដែល​លោក​អភិបាលខណ្ឌ​ដង្កោ​នាំ​យក​ទៀនវស្សា គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​បរិក្ខារ និង​បច្ច័យ ទៅ​ផ្តល់​ជូន​នោះ​រួមមាន វត្ត​ធុតង្គ​ចម្ការ​ដូង​, វត្ត​សំបួរមាស​, វត្ត​ទួល​សំរោង និង វត្ត​ជ្រោយ​បទុម (​ហៅ​វត្ត​ព្រែក​ជ្រៃ​) ដែល​ក្នុង​១​វត្តៗ​ទទួល​បាន​ទៀន​ព្រះវស្សា​១​គូរ​, សាដក​១​កញ្ចប់​, ប្រេងម៉ាស៊ូត​៣០​លីត្រ​, ស្ករស​១​បាវ​, ទឹកដោះគោ​១​កេស​, ទឹកក្រូច​៣​កេស ទឹក​សុទ្ធ​៣​កេស​, មី​២​កេស​, និង​បច្ច័យ​២០​ម៉ឺន​រៀល។ ដោយឡែក​ លោក វើក សាមឿន ចៅសង្កាត់​ដង្កោ បាន​ចូល​បច្ច័យ​បន្ថែម​ដល់​វត្ត​ទាំង​៤ ក្នុង​១​វត្តៗ ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​។​

នា​ឱកាស​នោះ លោក នុត ពុធ​ដា​រ៉ា បាន​មានប្រសាសន៍​លើកឡើង​អំពី​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​នៅ​ក្នុង​ពិធីបុណ្យ​ចូល​ព្រះវស្សា ពុទ្ធបរិស័ទ ​តែងតែ​នាំ​យក​ទៀនវស្សា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​បរិក្ខារ​ជាច្រើន​ទៀត​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​តាម​បណ្ដា​វត្ត​នានា ដើម្បី​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ ព្រោះ​នេះ​ជា​រដូវវស្សា​ ដែល​ជា​រដូវ​មួយ​សំបូរ​ទឹកភ្លៀង ដែល​ព្រះសង្ឃ​មានការ​លំបាក និមន្ត​បិណ្ឌបាត និង​ម្យ៉ាងទៀត​រដូវ​នេះ ក៏​ជា​ពេលវេលា​មួយ​ដែល​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត ដើម្បី​សិក្សា​រៀន​សូត្រ​ព្រះធម៌។

លោក​អភិបាលខណ្ឌ​ និង​ក្រុម​គ្រួសារ រួម​ទាំង​មន្ត្រី​ក្នុង​សាលា​ខណ្ឌ តែងតែ​បាន​នាំ​យក​នូវ​ទៀនវស្សា គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន ទៅ​ប្រគេន​តាម​បណ្តា​វត្ត​នានា នៅ​ក្នុង​ខណ្ឌ ដើម្បី​រួមចំណែក​សម្រាល​ការ​ខ្វះខាត​របស់​ព្រះសង្ឃ​ក្នុង​វត្ត​ជា​រៀងរាល់​ឆ្នាំ។

ជា​មួយ​គ្នា​ លោក​អភិបាលខណ្ឌ ក៏បាន​លើកឡើង​ពី​ការ​អភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់ឈរ​របស់​ប្រទេសជាតិ ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ការ​រីកចម្រើន​នេះ គឺ​មិន​អាច​កាត់ផ្ដាច់​បាន​ពី​វិស័យ​ពុទ្ធចក្រ ដែល​ជា​និច្ចកាល​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​កសាង​ប្រទេសជាតិ​យើង​ឲ្យ​បាន​រីកចម្រើន​ជា​លំដាប់។

ព្រះ​គ្រូ​គន្ធ​ធុ​តុ​ង្គ សឿ ហេង ចៅអធិការ​វត្ត​ធុ​តុ​ង្គ​ចម្ការ​ដូង ក្នុងនាម​ព្រះសង្ឃ​គណៈកម្មា ធិការ​វត្ត និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ទាំង​៤ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាល​ខណ្ឌ និង​មន្ត្រី​សាលា​ខណ្ឌ ដែល​បាន​នាំ​យក​អំណោយ​មក​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​នាពេលនេះ​។ នេះ​គឺជា​ការចូលរួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ព្រះសង្ឃ​សម្រាប់​គង់​ស្នាក់នៅ និង​សិក្សា​រៀន​សូត្រ​ធម៌អាថ៌ ក្នុង​រដូវ​ចូល​ព្រះវស្សា អស់​កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា តាម​ពុទ្ធា​នុ​ញ្ញាតិ​៕
នាំ​យក​ទៀនវស្សា​ និង​សម្ភារៈ​បរិក្ខារ ​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ចំនួន​៤​ ក្នុង​សង្កាត់​ដង្កោ

នាំ​យក​ទៀនវស្សា​ និង​សម្ភារៈ​បរិក្ខារ ​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ចំនួន​៤​ ក្នុង​សង្កាត់​ដង្កោ