តុលាការ​​​​​​សាកសួរមេដឹកនាំសហជីពពីបទ​​​​ក្លែង​ឯកសារ​

លោក ប៉ាវ ស៊ីណា មេដឹកនាំសហជីពលេចធ្លោត្រូវបានសាកសួរនៅតុលាការកាលពីម្សិលមិញទាក់ទងនឹងបណ្តឹងបទក្លែងឯកសារនិងផ្សាយព័ត៌មានមិនពិតដែលដាក់ប្តឹងលោកដោយរោងចក្រសំលៀកបំពាក់ ជាបទចោទប្រកាន់ដែលលោកបានចាត់ទុកថាជារឿងប្រឌិតឡើង ដើម្បីកុំឲ្យកម្មករធ្វើសហជីព។ រោងចក្រសំលៀកបំពាក់សៅលែនបានដាក់បណ្តឹងកាលពីខែមីនាប្រឆាំងលោក ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដោយចោទប្រកាន់លោកពីបទក្លែងឯកសារ នៅពេលដែលគាត់សរសេរឈ្មោះកម្មករពីរនាក់ខុសនៅលើឯកសារ ដែលអ្នកទាំងពីរបានគ្រោងបង្កើតសហជីពមួយនៅទីនោះ។ និយាយនៅខាងក្រៅតុលាការក្រុងភ្នំពេញកាលពីព្រឹកម្សិលមិញក្រោយពីបានសាកសួរ ដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងនោះ លោក ស៊ីណា បានចាត់ទុកកំហុសក្នុងឯកសារបញ្ហាកំប៉ិកកំប៉ុក។ លោកបាននិយាយថា” វាគ្រាន់តែការប្រកបឈ្មោះខុស ហើយកំហុសបច្ចេកទេសប៉ុណ្ណោះ”។ មេដឹកនាំសហជីពរូបនេះបាននិយាយថា ព្រះរាជអាជ្ញារងបានស្នើឲ្យលោកបង្ហាញកម្មករនោះ ដើម្បីឲ្យគេអាចបញ្ជាក់ថា គេធ្វើការឲ្យរោងចក្រនោះ។ លោកបានបញ្ជាក់ថា លោកនឹងធ្វើតាមសំណើ។ ពុំមានការកំណត់ថ្ងៃសាកសួរបន្តទៀតទេ។ លោក ស៊ីណា បាននិយាយថា លោកជឿថា ពាក្យបណ្តឹងនោះគឺជាការប៉ុនប៉ងដោយរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភិតបំភ័យលោក និងកម្មករ។ មេដឹកនាំសហជីពរូបនេះបាននិយាយថា”តាមគំនិតខ្ញុំ រោងចក្របានប្តឹងខ្ញុំ ព្រោះពួកគេមិនចង់ឲ្យសហជីពរបស់ខ្ញុំបង្កើតឡើងក្នុងរោងចក្រនេះទេ ហើយគេក៏ចង់លាក់បាំងទង្វើអាក្រក់ដែរ”។ ទោះជាគំរាមដាក់បណ្តឹងប្រឆាំងរោងចក្រចំពោះការសរសេរឈ្មោះខុសក្នុងពាក្យបណ្តឹងក្រោយពីលោកត្រូវបានសាកសួរកាលពីខែមេសា លោក ស៊ីណា បាននិយាយកាលពីថ្ងៃម្សិលមិញថា លោកមិនឲ្យបញ្ហាកំប៉ិកកំប៉ុកធ្វើឲ្យខូចដល់ការប៉ុនប៉ងរបស់កម្មករក្នុងការបង្កើតសហជីពនោះទេ។ លោក គង់ សុភ័ក្ត្រ មេធាវីការពារក្រុមហ៊ុនសៅលែនបានបង្វែរសំណួរទៅលោក លីម សំអឿនមេធាវីក្នុងរឿងក្តីនេះដែលពេលនេះកំពុងនៅប្រទេសបារាំង ហើយមិនអាចទាក់ទងបានទេ។ លោក ស៊ីណា ក៏ជាមនុស្សម្នាក់ដែលរងបណ្តឹងជាច្រើនដែលប្តឹងកាលពីខែមេសាដោយក្រសួងការងារប្រឆាំងលោកនិងមេដឹកនាំសហជីពបីនាក់ទៀត។ បណ្តឹងចោទពួកគេថាបរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថមន្ត្រីរាជការសាធារណៈ និងបិទផ្លូវសាធារណៈពេលធ្វើសនិ្នសីទកាសែតនៅខាងក្រៅក្រសួងការងារ ដែលនៅទីនោះពួកគេបានអំពាវនាវសុំឲ្យមានអន្តរាគមន៍ក្នុងរឿងក្តីរបស់សមាជិកសហជីពប្រាំនាក់ផ្សេងទៀត។មិនទាន់មានវិធានការណាមួយទាក់ទងនឹងរឿងក្តីនេះទេរហូតមកដល់ពេលនេះ៕ មាំ វិបុល       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post តុលាការ​​​​​​សាកសួរមេដឹកនាំសហជីពពីបទ​​​​ក្លែង​ឯកសារ​ appeared first on The Cambodia Daily.