​កំហឹង​មួយ​ឆាវ​ជ្រើសយកផ្លូវ​ស្លាប់ ហើយ​ស្រែក​​ឱ្យ​គេ​​​ជួយ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយ​ការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​​​ផឹកថ្នាំ​បាញ់​ស្មៅ ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង ដែល​ហេតុការណ៍​នេះ​កើត​ឡើង ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ត្រាង ឃុំ​ត្រាង ស្រុក​កំ​រៀង ព្រោះតែ​ខឹង​​​ម្ដាយ​ស្ដីបន្ទោស​ពី​រឿង​ខ្ជិល​ទៅ​បាញ់ថ្នាំ​ស្មៅនៅចម្ការ​។ ជន​រង​គ្រោះ​​ឈ្មោះ​ទឹក ម៉ៅ អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា រឿង​នេះ​​គឺ​កើតឡើង​ដោយសារ​តែ​យុវជន​នេះ​​ខឹង​ម្ដាយប្រើ​ឱ្យទៅ​ជួយ​បាញ់​ស្មៅ​​​នៅ​​ចម្ការ ខណៈ​ឪពុក​កំពុង​ធ្វើ​ម្នាក់ឯង តែ​ជន​នេះ​​មិន​ព្រមទៅ​ទេ ទើបត្រូវ​​ម្ដាយ​ក្ដៅក្រហាយ​ស្ដីបន្ទោស​ម៉ា​ចាស់ដៃ ទើបធ្វើ​ឱ្យ​ជនរងគ្រោះ​​ខឹង​ ក៏​ផឹកថ្នាំ​បាញ់​ស្មៅ​នោះ​សម្លាប់​ខ្លួនឯងតែ​ម្ដងទៅ​ ។

បើ​តាម​ក្រុម​គ្រួសារ​​ថា បន្ទាប់​ពី​ត្រូវ​ម្ដាយ​ស្ដីបន្ទោស ជន​នេះ​​មានការ​​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​ក៏​ទៅ​ទិញ​ស្រា​ផឹក​ រហូត​ដល់​ស្រវឹង​ ។ ក្រោយ​ពី​ស្រវឹង​បន្តិច ស្រាប់តែ​ដើរ​​ទៅ​លួច​យក​ថ្នាំ​បាញ់​ស្មៅ​ពី​ផ្ទះ​អ្នក​ជិតខាង​យក​ទៅ​​ផឹក ។ សាច់ញាតិ​បន្ត​ថា ក្រោយ​ពី​ផឹកថ្នាំពុលហើយ​ ជន​រង​គ្រោះ​បែរជា​ស្រែក​​ឱ្យ​គេ​ជួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។

ខណៈ​នោះ​ត្រូវ​បងប្អូន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​​ដែរ ​ឱ្យក្រុម​​គ្រូពេទ្យ​ជួយ​​សង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថាន​ភាន​ធ្ងន់ធ្ងរ​ពេក ក៏​ដាច់ខ្យល់​ស្លាប់​​ភ្លាម​ៗ ។ សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ផឹកទឹក​ថ្នាំ​បាញ់​ស្មៅ​អស់​ប្រហែល​មួយ​កំប៉ុង​ត្រីខ ទើប​បានជា​ធ្ងន់​ធ្ងរ​បែប​នេះ ។