កុំអាងស្រវឹងចេះតែ​ហ៊ាន ត្រូវ​គេទារ​សំណង៥ពាន់​ដុល្លារ

ខេត្តពោធិ៍សាត់ ​៖​ បុរស​​​​​ចំណាស់​២​នាក់​​ផឹក​ស្រា​រហូត​ដល់​​​ស្រវឹងខ្លាំង តែមិននាំគ្នា​ទៅ​ដេក​ទេ ​បែរជា​នាំ​គ្នា​ទៅ​កាប់​បំផ្លាញ​ដំណាំ​​គេ​អស់​មួយ​ចំហៀង​ភូមិ ក៏​​ត្រូវ​ម្ចាស់​​ប្ដឹង​សមត្ថកិច្ចឱ្យ​​ឃាត់ខ្លួន​ទាំង​២​នាក់​ និង​ទាមទារ​សំណង​ថែម​ទៀត ​​ដែលហេតុការណ៍​នេះ​ កើត​ឡើង​ កាលពីវេលា​ម៉ោង​០៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ​២០១៦ ​មក​ម្ល៉េះ​ ស្ថិត​​នៅ​ភូមិ​កណ្ដាល​ ឃុំ​អូរ​សោម​ ស្រុក​វាល​វែង​។

សមត្ថកិច្ច​ឱ្យ​​ដឹង​ថា ​បុរស​រពិសដៃ​​ទាំង២នាក់ ​ម្នាក់​ឈ្មោះ​ជួង ជុ​យ ​ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ជុំ ជា​ ​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ​រស់នៅ​ភូមិ​​-ឃុំ​កើតហេតុ​ខាងលើ​ ។

ការ​​ឃាត់ខ្លួន​នេះ គឺ​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ជា វិ​ន ​ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​បាន​រៀបរាប់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​​កក្កដា ​នោះ ជនសង្ស័យ​ទាំង​២នាក់​​ផឹកស្រា​ស្រវឹង​ទាំង​ព្រឹក​ រួច​ហើយ​​ក៏​​នាំ​គ្នា​យក​កាំបិត​​និង​ពូថៅ​មក​កាប់ ​និង​ដក​ដំណាំ​រ​បស់​គាត់​ដែល​ដាំ​ក្នុង​ដី​ភូមិ​ក្រោយ​ផ្ទះ​ អស់​ជា​ច្រើន​ដើម ​ក្នុង​នោះ​មាន​ដើម​ធុរេន​ចំនួន​៣៧​ដើម ដើម​ចេក​៥២​គុម្ភ និង​ដើម​ប័​រ​ចំនួន​​៥​ដើម ​។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភា្ល​ម ​សមត្ថកិច្ច​​បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់ ​​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា ។  ​បន្ទាប់​ពី​សួរនាំ​រួច បានកសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ​នេះ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

​សមត្ថកិច្ច​​​​ថា ករណី​នេះ​​ម្ចាស់​ដំណាំ​បាន​ទារ​សំណង​​ពី​ជនសង្ស័យ​ទាំង​២​នាក់​​ចំនួន​៥,០០០​ដុល្លា​រ ​។