អត់​ដឹង​អី​ផង ត្រូវ​គេ​កាប់​ប៊ិះ​ក្ស័យជីវិត

ខេត្តឧត្តរមានជ័យ ៖ យុវជន​ម្នាក់​ប៊ិះ​តែ​បាត់បង់​ជីវិត​ដោយសារ​ត្រូវ​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់​កាប់​១​កាំបិតប៉័ងតោ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ជោគ​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ផ្លូវ​គ្រួ​ស​ក្រហម ក្នុងភូមិ​តេ​ជោ​អភិវឌ្ឍន៍ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ជា ជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ជួល​ឌី​សរឿង​ភាគ​នៅ​ទីរួមស្រុក​ត្រពាំង​ប្រាសាទ ពេល​មក​ដល់​ក្នុងភូមិ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០០​ម៉ែត្រ ស្រាប់តែ​ឈ្មោះ សំ បាន​ចេញ

មក​ឃាត់​ម៉ូតូ ព្រមទាំង​បាន​និយាយ​ថា ចង់​ចងមិត្ត ឬ​ចង់​ចង​សត្រូវ ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​ទាញ​កាំបិតប៉័ងតោ ដែល​សៀត​ចង្កេះ​កាប់​១​កាំបិត​ត្រូវ​ចំ​កញ្ចឹងក​ផ្នែក​ខាងក្រោយ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ផ្តួល​ម៉ូតូ​រួច​ក៏​ងើប​រត់​សំដៅ​ទៅ​ផ្ទះ និង​ស្រែក​ឱ្យ​គេ​ជួយ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ដែរ ។

ជន​រង​គ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​មិនដឹង​ថា ជនសង្ស័យ​កាប់​ខ្លួន​(​ជន​រង​គ្រោះ​)​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​មិន​ដែល​មាន​ទំនាស់​នឹង​គ្នា​ទេ ៕