មេទ័ព​ចុះ​ត្រួតពិនិត្យ​ការ​រស់នៅ​របស់​កងរថក្រោះ​លេខ​67

មេទ័ព​ចុះ​ត្រួតពិនិត្យ​ការ​រស់នៅ​របស់​កងរថក្រោះ​លេខ​67



ខេត្ដបាត់ដំបង ៖ ក្នុង​ដំណើរ​ចុះ​បេសកកម្ម​នៅ​ទិស​យោធភូមិ​ភាគ​ទី​៥ ដើម្បី​ស្វែង​យល់​អំពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ក្នុង​កងឯកភាព នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក អមដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​តំណាង​នាយកដ្ឋាន​ផ្គត់ផ្គង់​អគ្គ​ភ័ស្តុភារ ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ព្រមទាំង​លោក​មេបញ្ជាការ​រង នាយ​រង​សេនាធិការ មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ជំនាញ​កងទ័ពជើងគោក បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​សិក្សា​កងឯកភាព​វរ​សេនា​តូច​រថក្រោះ​រថពាសដែក​លេខ​៦៧ យោធភូមិ​ភាគ​ទី​៥ ស្ថិត​នៅ​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ។

អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​ដែរ​មាន មេបញ្ជាការ​បណ្តា​កងឯកភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​នាយទាហាន​ទទួល​បន្ទុក​ជំនាញ សរុប​ចំនួន​១២៩​រូប ។

លោក​វរសេនីយ៍ទោ ព្រហ្ម គឹ​ម មេបញ្ជាការ​វរ​សេនា​តូច បាន​សម្តែង​គារវកិច្ច​ស្វាគមន៍ និង​រាយការណ៍​ជូន​ពី​សកម្មភាព​បំពេញភារកិច្ច​របស់​កងឯកភាព​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ តាម​ខ្លឹមសារ​៤​ចំណុច ក្នុង​ផែនការ​កសាង​ពង្រឹង​កងឯកភាព​មូលដ្ឋាន​រឹង​មាំ​លើ​គ្រប់​វិស័យ​របស់​យោធភូមិ​ភាគ​ទី​៥ ដោយ​អនុវត្តន៍​ការងារ​ដឹកនាំ​បញ្ជា និង​របៀបរបប​ធ្វើ​ការងារ ត្រៀមប្រយុទ្ធ និង​បេសកកម្ម ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ ការងារ​ចិ​ញ្ជឹ​ម​ទ័ព លើកកម្ពស់​ជីវភាព​រស់នៅ និង​សុខុមាលភាព​កងទ័ព ។

បន្ទាប់​ពី​បាន​ទស្សនា​ទិដ្ឋភាព​ជាក់ស្តែង​និង​តាម​រយៈ​បទ​បង្ហាញ​ស្តី​ពី​ការ​អនុវត្ត​សកម្មភាព របស់​កងឯកភាព​កន្លង​មក មតិ​ចូលរួម​វាយតម្លៃ របស់​បណ្តា​កងឯកភាព​ចូលរួម បាន​ស្តែង​ចេញ​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់ ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករឭក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​មេបញ្ជាការ មេបញ្ជាការ​រង​គ្រប់​លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៃ​វរ​សេនា​តូច ក្នុង​ការ​បំពេញភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ជូន ។ ខ្លឹមសារ​៤​ចំណុច​ក្នុង​ផែនការ​កសាង​ពង្រឹង​កងឯកភាព​មូលដ្ឋាន​រឹង​មាំ​លើ​គ្រប់​វិស័យ ដែល​យោធភូមិ​ភាគ​ទី​៥​បាន​ដាក់ចុះ​លើ​ចក្ខុវិស័យ​សំដៅ​កសាង​ពង្រឹង​កងឯកភាព​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​ស្រប​ទៅ​នឹង​ផែនការ​ប្រឡងប្រណាំង​របស់​កងទ័ពជើងគោក​ដែល​បាន​ដាក់​ចេញ ។

លោកនាយ​ឧត្តមសេនីយ៍​ថ្លែង​ទៀត​ថា ការ​ចាត់តាំង​ធ្វើ​ទស្សនកិច្ច​សិក្សា ការ​ខិតខំ​របស់​កងឯកភាព ផ្តល់​បទ​ពិសោធន៍​ដល់​កងឯកភាព​ដែល​បាន​ចូលរួម និង​ជា​យន្តការ​ជំរុញ​ចលនា​ប្រឡងប្រណាំង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​យកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​អង្គភាព ស្ថាប័ន​សម្ព័ន្ធមេត្រីភាព សប្បុរសជន ដែល​បាន​ជួយ​ឧបត្ថម្ភ​កន្លង​មក​។

លោកនាយ​ឧត្តមសេនីយ៍ បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ នាយទាហាន នាយទាហានរង និង​ពល​ទាហាន កងឯកភាព​ដែល​បាន​ចូលរួម បន្ត​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ គោរព​អនុវត្ត​ម៉ឹ​ង​ម៉ាត់​តាម​អនុសាសន៍​៦​ចំណុច​របស់​សម្តេច​តេ​ជា ចូលរួម​ក្នុង​សកម្មភាព ភូមិ ឃុំ មាន​សុវត្ថិភាព ត្រៀម​បម្រុង​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ និង​បន្ត​ការ​អនុវត្ត​៤​ខ្លឹមសារ​ក្នុង​ផែនការ​កសាង​ពង្រឹង​កងឯកភាព​មូលដ្ឋាន​រឹង​មាំ​លើ​គ្រប់​វិស័យ ។

ជា​ចុងបញ្ចប់ លោកនាយ​ឧត្តមសេនីយ៍ បាន​ឧបត្ថម្ភ​ថវិកា​ជូន​កងឯកភាព​ចំនួន​១០​លានរៀល ៕