ជិះ​ម៉ូតូ​ វ៉ា​រថយន្ត​១​គ្រឿង​ ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ​ស្លាប់​ម្នាក់​ និង​របួសស្រាល​ម្នាក់

ជិះ​ម៉ូតូ​ វ៉ា​រថយន្ត​១​គ្រឿង​ ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ​ស្លាប់​ម្នាក់​ និង​របួសស្រាល​ម្នាក់



ភ្នំពេញ ៖ យុវជន​ម្នាក់​ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ បាន​មួយសន្ទុះ​​ និង​ម្នាក់ទៀត​រង​របួស​ស្រាល​ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​វ៉ា​រថយន្ត​ពីមុខ​ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ច្រាស់​ទិសដៅ​គ្នា។ ចំណែក​រថយន្ត​ពាក់ព័ន្ធ​ បាន​បើក​គេច​បាត់ស្រមោល​តែម្តង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅមុខ​ផ្សារ​ជម្ពូ​វ័​ន្ដ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។

មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE 4630 ​​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ ម៉ូតូ​នេះ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​១​គ្រឿង​នៅ​ខាង​មុខ នៅ​ពេល​វ៉ា​បាន​បន្តិច ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ បើកបរ​ក្នុង​ទិសដៅ​ច្រាស​ទិស​គ្នា​ ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​កម្រោល ហើយ​រថយន្ត​មិនបាន​ឈប់​នោះ​ទេ ក៏​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់។ ចំណែក​ជន​រង​គ្រោះ​ជា​អ្នក​បើក​ម៉ូតូ​ រង​របួស​បាក់​ដៃ​ឆ្វេង ​និង​ផុង​លលាដ៍ក្បាល ​ហើយ​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រីឯ​អ្នក​ជិះ​ពីក្រោយ​រង​របួស​ស្រាល។

ក្រោយ​កើតហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ តែ​ជា​អកុសល​យុវជន​ដែល​រង​របួស​ធ្ងន់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ ដើម្បី​រង់ចាំ​សាច់ញាតិ​ទទួលយក​ទៅវិញ៕