សំណុំរឿង​ឃាតកម្ម​ លើ​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ តុលាការ​ចាប់ផ្ដើម​ជំនុំជម្រះ​

សំណុំរឿង​ឃាតកម្ម​ លើ​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ តុលាការ​ចាប់ផ្ដើម​ជំនុំជម្រះ​



ភ្នំពេញ ៖ រឿងក្ដី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​ជំនុំជម្រះ​ជា​សាធារណៈ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ នៅ​ចំពោះ​មុខ​ជន​ជាប់ចោទ​៤​នាក់​ ជា​អង្គរក្ស​របស់​លោក​ ថោង សារ៉ាត់។

លោក ថោង សារ៉ាត់ តាមរយៈ​លោក​មេធាវី ទួត លុច បាន​ដាក់​ពាក្យ​ស្នើសុំ​មក​តុលាការ​មិន​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ ដោយ​សំអាង​លិខិត​បញ្ជាក់​សុខភាព​របស់​មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត។ ចំណែក​ជន​ជាប់​ម្នាក់ទៀត​ឈ្មោះ ​លី សៅ ហៅ​វី បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៦​ថ្មីៗ​នេះ​ ដោយសារ​ជំងឺ។

ជនជាប់ចោទ​ដែល​តុលាការ​ជំនុំជម្រះ​ក្នុង​រឿងក្ដី​ឃាតកម្ម​នេះ​មាន ១-លោក ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។ ២-ឈ្មោះ សៀង វាសនា អាយុ​៤៥​ឆ្នាំ និង​៣​-ឈ្មោះ លី សៅ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ។ ៤-ឈ្មោះ ឈុន ចិ​ត្រា អាយុ​៤៨​ឆ្នាំ។ ៥-ឈ្មោះ កូយ ថុល អាយុ ៣០។ ៦-ឈ្មោះ មាស សម្បត្តិ អាយុ​២៩​ឆ្នាំ ទាំង​៣​នាក់​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ សម​គំនិត​ ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​ឡោ តិច​សេង ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន។​

ចំណែក​ដើមបណ្ដឹង​រដ្ឋប្បវេណី លោកស្រី តាំង សុខ​ឆេង ​មិន​ចូលរួម​ក្នុង​សវនាការ​ទេ គឺ​មាន​តែ​មេធាវី​តំណាង​ប៉ុណ្ណោះ ដែល​ចូលរួម​ក្នុង​ការ​ជំនុំជម្រះ។

ក្នុង​នីតិវិធី​នា​ថ្ងៃ​ដំបូង​នេះ ក្រុមប្រឹក្សាតុលាការ​ទើបតែ​បាន​សាកសួរ​ជនជាប់ចោទ​ឈ្មោះ កូយ ចាន់ថុល ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយ​ចំនួន​របស់​ក្រុម​អង្គរក្ស​ លោក​ ថោង សារ៉ាត់ នៅ​ថ្ងៃ​មាន​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ហើយ ​តុលាការ​ក៏បាន​ផ្អាក​សវនាការ​ ដោយសារ​ចប់​ម៉ោង​រដ្ឋបាល​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៦​ខាងមុខ។

នៅ​ក្នុង​សវនាការ ឈ្មោះ​ កូយ ចាន់ថុល បាន​ឆ្លើយ​ថា ខ្លួន​មិនដែល​ស្គាល់​ជនរងគ្រោះ​ដែល​ឃាតក​បាញ់​សម្លាប់​នោះ​ទេ ទាល់តែ​កើត​រឿង​ហើយ​ទើប​ខ្លួន​គេ​បាន​ដឹង​តាមរយៈ​ព័ត៌មាន​ដែល​ទូរទស្សន៍​បាន​ផ្សាយ។

ចំណែក​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នោះ ខ្លួន​គេ ឈ្មោះ ​កូយ ចាន់ថុល ,ឈ្មោះ មាស សម្បត្តិ ,ឈ្មោះ លី សៅ ,ឈ្មោះ វែ​ន សុខ​គា និង​ឈ្មោះ ជុ​យ ជា​អង្គរក្ស​របស់​លោក ថោង សារ៉ាត់ បាន​មក​ធ្វើការ​ធម្មតា តាំងពី​ម៉ោង​៧​ព្រឹក លុះដល់​ល្ងាច​ប្រហែល​ម៉ោង​១៧ ទើប​ឈ្មោះ លី សៅ បាន​ចេញទៅ​ជាមួយ​ប្អូន​របស់​មេ (ប្អូនប្រុស ថោង សារ៉ាត់​)។ រីឯ​ឈ្មោះ សៀង វាសនា ជា​ប្រធាន​ក្រុម​កង​អង្គរក្ស មិន​បាន​មក​ធ្វើការ​ទេ ​ក្នុង​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នោះ លុះដល់​ថ្ងៃ​ទី​២៣​វិច្ឆិកា ទើប​មក​ធ្វើការ​ធម្មតា​វិញ។

តុលាការ​ទើបតែ​សាកសួរ​ឈ្មោះ​ កួយ ចាន់ថុល បាន​ប៉ុណ្ណឹង​ ក៏​សម្រេច​ផ្អាក​សវនាការ​ ដោយ​សារ​តែ​ម៉ោងជាង​១១​ទៅ​ហើយ ហើយ​នឹង​បន្ត​ទៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៦​ខាងមុខ៕
សំណុំរឿង​ឃាតកម្ម​ លើ​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ តុលាការ​ចាប់ផ្ដើម​ជំនុំជម្រះ​